ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ច្រាន ចោល ការចុះផ្សាយមិនត្រឹមត្រូវរបស់វិទ្យុអាស៊ីសេរី ស្ដីអំពីវ៉ាក់សាំង ស៊ីណូហ្វាម
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល ផ្ញើសារជាសំឡេងតាមរយៈបណ្តាញសង្គម Telegram នៅល្ងាចនេះថា លោកស្រីសូមច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់វិទ្យុអាស៊ីសេរីដោយមិនបានលើកយកនូវសម្ដីនៃការពន្យល់ឱ្យបានច្បាស់លាស់ស្ដីអំពីវ៉ាក់សាំង ស៊ីណូហ្វាម ដែលជាជំនួយមនុស្សធម៌របស់ចិន ដែលធ្វើឱ្យមានភាពច្របូកច្របល់ភ័ន្តច្រឡំនៅក្នុងមតិរបស់សាធារណៈទៅលើបញ្ហាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដែលកំពុងចាប់ប្រព្រឹត្តទៅនៅថ្ងៃនេះ។

ការច្រានចោលនេះ បន្ទាប់ពី គេហទំព័រ វិទ្យុអាស៊ីសេរី បានចេញផ្សាយព័ត៌មាន កាលពីពេលថ្មីៗនេះ ដែលមានចំណងជើងថា “លោក ហ៊ុន សែន រុញឲ្យមន្ត្រីដទៃចាក់វ៉ាក់សាំងចិន ជំនួសលោក” ដោយគេហទំព័របានសរសេរថា៖ “លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយបានស្ទាក់ស្ទើរ និងផ្លាស់ប្ដូរចិត្តជាច្រើនដង រឿងចាក់វ៉ាក់សាំងចិន ដែលគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក នៅទីបំផុត បានរុញឲ្យមន្ត្រីដទៃចាក់វា ជំនួសរូបលោក”។

លោកស្រី មានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំ និងអ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោកស្រីសូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ដែលបើកយុទ្ធនាការនៅថ្ងៃនេះ គឺសុទ្ធតែជាការស្ម័គ្រចិត្តទាំងអស់ រួមទាំងរូបលោកស្រីផ្ទាល់ ហើយក៏មានការចុះហត្ថលេខារួចហើយដែរ និងបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីក្រុមគ្រូពេទ្យដែលបានផ្ដល់ព័ត៌មានជាបឋម មុននឹងមានការសម្រេចចិត្តចាក់វ៉ាក់សាំងនេះ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ថ្វីដ្បិតតែមានការបញ្ជាក្ដី ឬការស្នើសុំក្ដី ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែការចាក់វ៉ាក់សាំងនេះមានតម្លៃថ្លៃថ្លា ហើយក៏ឈរលើគោលការណ៍ស្ម័គ្រចិត្តទាំងអស់ អត់មានការបង្ខិតបង្ខំឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺសារៈប្រយោជន៍នៃការចាក់វ៉ាក់សាំង គឺមានគុណប្រយោជន៍ធំធេងសម្រាប់បុគ្គលគ្រប់រូបដែលទទួលបាននូវវ៉ាក់សាំងកូវីដ១៩ ដើម្បីការពារខ្លួនបុគ្គលនោះ ក្នុងការបង្កើតបានកងការពារដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ជាពិសេសកុំឱ្យសរីរាង្គរបស់មនុស្សមានសភាពធ្ងន់ធ្ងរនៅពេលមានការវាយលុកពីវីរុសកូវីដ១៩”។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងគឺអាស្រ័យលើបុគ្គលដែលស្ម័គ្រ ឬមិនស្ម័គ្រចិត្ត បើបុគ្គលមិនស្ម័គ្រចិត្តចាក់ ក៏គ្មានអ្នកណាទៅបង្ខិតបង្ខំគាត់បានដែរ។ ប្រទេសយើងកំពុងឆ្ពោះទៅការអភិវឌ្ឍ ហើយយើងត្រូវការរក្សាសុខភាពប្រជាពលរដ្ឋឱ្យបានមាំទាំ និងដាក់វិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។
លោកស្រី បានលើកឡើងថា យន្តការចាក់វ៉ាក់សាំងនេះ មិនមែនមានតែនៅកម្ពុជាទេ គឺមាននៅទូទាំងសាកលលោក ចំណែកអង្គការសុខភាពពិភពលោកក៏កំពុងជំរុញឱ្យមានការចាក់វ៉ាក់សាំងនៅតាមប្រទេសនានានៅក្នុងពិភពលោកដែរ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ខ្ញុំធ្លាប់បានពន្យល់រួចហើយថា វ៉ាក់សាំង ស៊ីណូហ្វាម ដែលជាអំណោយរបស់សាធារណរដ្ឋចិននេះ ត្រូវបានអង្គការសុខភាពពិភពលោកកំពុងពិនិត្យដែលមានវឌ្ឍនភាពល្អ ហើយរហូតមកដល់ពេលនេះ យើងមិនទាន់លឺថាវ៉ាក់សាំងនេះមានបញ្ហាណាមួយដែលបង្អាក់នូវដំណើរការនៃការវាយតម្លៃរបស់អង្គការសុខភាពពិភពលោកទេ។ ផ្ទុយទៅវិញអ្វីដែលយើងលឺ គឺអង្គការសុខភាពពិភពលោកនឹងឆ្ពោះទៅរកការដាក់វ៉ាក់សាំងនេះចូលទៅក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់សម្រាប់ឱ្យពិភពលោកអាចប្រើប្រាស់នូវវ៉ាក់សាំងនេះ។ ទន្ទឹមនឹងនេះ សាធារណរដ្ឋចិនបានអនុម័ត និងបានចាក់ប្រជាជនចិនជាង៣០លាននាក់រួចហើយ ព្រមទាំងបានចាក់នៅតាមបណ្ដាប្រទេសចំនួនទៀតផងដែរ”។
គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរការចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកនេះ បុត្រ បុត្រប្រសារសម្ដេចតេជោ និង ឥស្សរជនជាន់ខ្ពស់មួយចំនួន បានចាប់ផ្តើមចាក់វ៉ាក់សាំងរួចរាល់ហើយ។
ក្នុងនោះមានដូចជា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ លោក គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាដើម៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់