ព័ត៌មានជាតិ
ពីប្រទេសជប៉ុនសម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗថា មិនអនុញ្ញាតក្រុមហ៊ុន Vingroup ធ្វើអាជីវកម្មរថយន្តតាក់ស៊ីនៅកម្ពុជាឡើយ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានអនុញ្ញាតឱ្យក្រុមហ៊ុន Vingroup បើកអាជីវកម្មរថយន្តតាក់ស៊ីអគ្គិសនីនៅកម្ពុជាឡើយ។ ការឆ្លើយតបបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីឃើញព័ត៌មាន និងមានការចាប់អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញសង្គមចែកចាយបន្តថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាចំនួន២៥០០គ្រឿង ក្នុងឆ្នាំ២០២៤ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលអ្នកប្រកបរបរម៉ូតូកង់បី និងអ្នករត់តាក់ស៊ី។

ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងពលរដ្ឋខ្មែរនៅ ទីក្រុងតូក្យូប្រទេសជប៉ុននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុន Vingroup កំពុងចរចាស្នើសុំចុះបញ្ជីការលក់សម្ភារៈ និងបរិក្ខាររថយន្ត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចនាំរថយន្តរបស់ខ្លួនមកលក់ ដូចគ្នានឹងក្រុមហ៊ុនឡានមកពីប្រទេសកូរ៉េ ជប៉ុន និងសហរដ្ឋអាមេរិកជាដើម ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា។ ត្រង់ចំណុចនេះមានន័យថា ក្រុមហ៊ុនចុះបញ្ជីការលក់សម្ភារៈ និងបរិក្ខាររថយន្តមានសិទ្ធិត្រឹមលក់រថយន្តប៉ុណ្ណោះ និងគ្មានសិទ្ធិធ្វើអាជីវកម្មរថយន្តតាក់ស៊ីអគ្គិសនីនោះទេ បើមិនបានស្នើសុំអាជ្ញាប័ណ្ណ ហើយបើមានមែន រាជរដ្ឋាភិបាលកម្ពុជាក៏មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មនោះដែរព្រោះថា បច្ចុប្បន្នកម្ពុជាមិនទាន់មានតម្រូវការលើការវិនិយោគរថយន្តតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ។
សម្ដេចបានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺយកចិត្តទុកដាក់លើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋ អ្នករករបរទទួលទានក្រៅប្រព័ន្ធមានជាអាទិ អ្នករត់កាត់ស៊ី និងម៉ូតូកង់បីជាដើមឱ្យបានល្អ ដោយមិនមានភាពចាំបាច់រកក្រុមហ៊ុនតាក់ស៊ីមកវិនិយោគនោះទេ។


កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងមកនេះអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល តាមរយៈសេចក្ដីថ្លែងការណ៍បានចេញមកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគម្រោងឲ្យក្រុមហ៊ុនVingroupរបស់វៀតណាម មកបណ្ដាក់ទុកលើរថយន្តតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ព័ត៌មាននេះបានធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្ត ដែលធ្វើឲ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះ នឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម គឺប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជា ពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ នេះជាការគូសបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរាជរដ្ឋាភិបាល៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ