សេដ្ឋកិច្ច
ក្រុមហ៊ុន Molecor គ្រោងបង្កើតរោងចក្រផលិតទុយោទឹកប្រើបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា
ក្រុមហ៊ុន Molecor ជាក្រុមហ៊ុនមកពីប្រទេសអេស្ប៉ាញដែលមានឯកទេសផលិតទុយោ និងតំណទឹកសម្រាប់ទីផ្សារជាង ៣០ ប្រទេសនៅលើពិភពលោក គ្រោងបង្កើតរោងចក្រផលិតទុយោទឹកប្រើបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា។

ក្នុងឱកាសចូលជួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈប្រតិភូ ដឹកនាំដោយលោក Walter Philip Pattynama នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបង្កើតរោងចក្រនៅកម្ពុជា និងនាំយកដំណោះស្រាយផលិតផលទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ប្រតិបត្តិករទឹកស្អាត លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការលេចធ្លាយទឹក។
ជាការឆ្លើយតបលោក ហែម វណ្ណឌី បានលើកឡើងថា ទឹកស្អាតមិនត្រឹមតែជាអាទិភាពសម្រាប់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករជំរុញបរិវត្តកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍវិស័យឧស្សាហកម្ម។

លោករដ្ឋមន្ត្រី បានរំលេចពីភាពចាំបាច់នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលមានគុណភាពខ្ពស់សម្រាប់រយៈពេលវែង និងបានស្នើឱ្យក្រុមហ៊ុននាំយកទាំងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីប្រតិបត្តិករទឹកស្អាត ពិសេសប្រតិបត្តិករនៅតាមតំបន់ជនបទ មានលទ្ធភាពកែលម្អ និងពង្រីកវិសាលភាពនៃការផ្គត់ផ្គង់។
«កម្ពុជាស្វាគមន៍ក្រុមហ៊ុនដែលនាំយកនូវនវានុវត្តន៍ និងដំណោះស្រាយរយៈពេលវែង រួមទាំងបច្ចេកវិទ្យា ផលិតផលគុណភាពខ្ពស់ និងការអនុវត្តប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ យើងក៏សូមឱ្យក្រុមហ៊ុនពិចារណាដំណោះស្រាយហិរញ្ញប្បទាន ដើម្បីគាំទ្រប្រតិបត្តិករ ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន»។ លោករដ្ឋមន្ត្រី គូសបញ្ជាក់បែបនេះ។
ជាមួយគ្នានោះដែរ លោក Pattynama បានបង្ហាញអំពីក្រុមហ៊ុន Molecor ដែលកំពុងពង្រីកវត្តមាននៅក្នុងតំបន់អាស៊ី អាគ្នេយ៍ និងសំឡឹងឃើញកម្ពុជា ជាទីផ្សារសក្តានុពល ជាពិសេសខណៈដែលកម្ពុជាកំពុងផ្លាស់ប្ដូរឆ្ពោះទៅការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលកាន់តែមានគុណភាពខ្ពស់។

លោក Pattynama បានលើកឡើងថា “Molecor ជាក្រុមហ៊ុនផលិតទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយបេសកកម្មរបស់យើងគឺដើម្បីនាំយកទឹកស្អាតដែលមានតម្លៃសមរម្យ និងមានសុវត្ថិភាពជូនដល់ប្រជាជន។”
លោកក៏បានបង្ហាញពីបច្ចេកវិទ្យាផលិតទុយោ PVC-O ដែលជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Molecor និងការផ្តោតលើប្រសិទ្ធភាពចំណាយសម្រាប់រយៈពេលវែង តាមរយៈភាពធន់របស់ទុយោ ភាពងាយស្រួលក្នុងការដំឡើង និងប្រសិទ្ធភាពបញ្ជូនទឹក (Hydraulic performance) កាន់តែខ្ពស់នៃទុយោ PVC-O ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


