ព័ត៌មានជាតិ
ស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅជប៉ុន ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ ពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌ ក្នុងទម្រង់ជា Original Equipment Manufacturer (OEM) លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថា ផលិតផលផលិតនៅកម្ពុជា (Made In Cambodia)។

ការបង្ហាញបែបនេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានសម្ដែងនូវការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា។

លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះ មានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភណ្ឌ គ្រឿងម៉ាស៊ីន និងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។

បន្ថែមលើនេះ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពវិនិយោគដែលមានស្រាប់នៅកម្ពុជា លើវិស័យវាយនភណ្ឌ ការផ្គត់ផ្គង់ឧស្ម័ន និងលើវិស័យកសិកម្ម ដែលផ្តោតសំខាន់លើដំណាំល្ង និងពីគោល បំណងនៃដំណើរទស្សនកិច្ចរបស់លោក ក្នុងការស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ច និងកាលានុវត្តភាព សម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថា ផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។

លោកប្រធានគណៈកម្មាធិការ ក៏បានគោរពជម្រាបជូនសម្តេចធិបតី ផងដែរថា គណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវ អំពីបរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ ចំពោះលោក Yoshihisa Suzuki និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយម ចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។
ជាមួយគ្នានេះ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាមួយនឹងភាពជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាល ត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់៕
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


