Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប រៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើរយៈពេល៤ថ្ងៃ

បានផុស

នៅ

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៩ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍នេះ មានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ មានដូចជា បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១៦ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុកចូលរួមចំនួន ១១៣ក្រុម។ ក្នុងពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្ម ក៏មានរៀបចំព្រឹត្តិការណ៍អមមួយចំនួន ដូចជា ការបង្ហាញម៉ូតផលិតផលសូត្រខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផលសក្កានុពលកម្ពុជា ព្រមទាំងមានការសម្តែងសិល្បៈកំដរក្នុងពេលរាត្រីផងដែរ។ 

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ រីឯ យុទ្ធនាការប្រើប្រាស់សូត្រកម្ពុជា គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជាឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ ជាពិសេស សូត្ររបស់ខ្មែរ។ លោកថា តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរចំនួន៨ រដូវកាលកន្លងមកនេះ បានជួយពង្រឹងខ្សែចង្វាក់ផលិតកម្មក្នុងស្រុកជាបណ្តើរៗ ហើយផលិតករកម្ពុជា ក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនសម្រាប់បម្រើឱ្យទីផ្សារ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា វិស័យពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ហើយការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅតែជាចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារសេរី។ ទាក់ទងនឹងផលិតផលសូត្រ លោកថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យសូត្រ ជាវិស័យសំខាន់មួយក្នុងចំណោមផលិតផលសំខាន់ទាំង១០ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយសង្កត់ធ្ងន់លើការអភិរក្សប្រពៃណីវប្បធម៌ខ្មែរ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ព្រមទាំង ការលើកកម្ពស់វិស័យសូត្រកម្ពុជានៅលើឆាកអន្តរជាតិ។ លោកបញ្ជាក់បន្ថែមថា ផលិតផលរបស់ខ្មែរមានវត្តមាននៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខ ទាំងគុណភាព សុវត្ថិភាព សោភណភាព និងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។

ចំពោះការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ ឆ្នាំ២០២៤ នេះ បានទាក់ទាញអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន អង្គការ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែផ្លែឈើខ្មែរក្នុង ខេត្តសៀមរាប និងមកពីរាជធានី-ខេត្ត ចំនួន១៦ បាននាំយកផលិតផល កសិផល មកចូលរួមដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្ម។ សម្រាប់ផលិតផលដែលបានដាក់តាំងបង្ហាញរួមមាន បន្លែផ្លែឈើស្រស់ ដំណាប់ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិចម្រុះ អង្គរ ស្វាយចន្ទី ម្រេច ដំឡូងមី ម្ហូបអាហារកែច្នៃ វត្ថុអនុស្សាវរីយ៍ និងផលិតផលធ្វើពីសូត្រជាដើម ដែលមានក្រុមហ៊ុន/សហក្រាសចូលរួមចំនួន១១៣ និង មានស្តង់ពិព័រណ៍សរុបចំនួន ១២៥ស្តង់។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ ក៏បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ឱ្យខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាមគោលការណ៍ «ភក្តីភាពចំពោះពាណិជ្ជកម្ម» គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ ទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម