ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ ការរួមគ្នាគ្រប់គ្រងសណ្ដាប់ធ្នាប់ នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺដើម្បីជួយដល់សង្គម ក្រុមហ៊ុន និងប្រជាជន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា ការរួមគ្នាគ្រប់គ្រងសណ្ដាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺដើម្បីជួយទៅដល់សង្គម ក្រុមហ៊ុន និងប្រជាជនកម្ពុជា ដែលជាអ្នកប្រើប្រាស់ផលិតផល ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ និងបង្កើននូវសុខដុមនីយកម្មក្នុងសង្គម។

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោក នេត្រ ភក្ត្រា បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម នៅទីស្ដីការក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះ លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ភាពជាដៃគូរវាង រដ្ឋ និងឯកជន ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង គឺជាភាពចាំបាច់ ដើម្បីគ្រប់ភាគីចូលរួមគ្រប់គ្រងសណ្ដាប់ធ្នាប់ នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។

នៅចំពោះមុខតំណាងក្រុមហ៊ុនស្រាបៀ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «ការរួមគ្នាគ្រប់គ្រងសណ្ដាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺ ដើម្បីជួយទៅដល់សង្គម ជួយទៅដល់ក្រុមហ៊ុន ជួយទៅដល់ប្រជាជនកម្ពុជា ដែលជាអ្នកប្រើប្រាស់ផលិតផល,កាត់បន្ថយគ្រោះថ្នាក់ និងបង្កើននូវសុខដុមនីយកម្មក្នុងសង្គម»។ បន្ថែមនោះ លោក ក៏ស្នើអនុវត្តនូវលិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធ ដែលមានជាធរមានឲ្យបានល្អផងដែរ។
ទន្ទឹមនោះដែរ លោក នេត្រ ភក្ត្រា ក៏បានបន្ថែមទៀតថា កន្លងទៅនេះ ដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្រសួងព័ត៌មាន បានពង្រឹងឡើងវិញលើវិធានការ នៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីកុំឲ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃ និងសីលធម៌សង្គម ដោយបានណែនាំ ៖ ១-សូមបញ្ឈប់ការប្រើប្រាស់រូបភាព នៃការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀនប្រដាល់ ដើម្បីពិសាស្រាបៀ ហើយផ្សព្វផ្សាយ, ២-ពិធីករ ពិធីការិនី ដែលជាមនុស្សមានឥទ្ធិពលលើបណ្ដាញផ្សព្វផ្សាយ កុំប្រើប្រាស់រូបភាពគាស់កំប៉ុងស្រាបៀពិសា និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គម, ៣-ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀ ចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធ្វើតុល្យភាព នៃស្រាបៀ ការផ្សាយពាណិជ្ជកម្ម និងសារអប់រំ។

ជាមួយនោះ បើតាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា គឺ ក្រុមការងារបច្ចេកទេសចម្រុះរវាងស្ថាប័នរដ្ឋ និងឯកជន នឹងត្រូវបង្កើតឡើង ដើម្បីមានភាពងាយស្រួលក្នុងការពិភាក្សា និងដាក់ចុះនូវដំណោះស្រាយនានា សំដៅលើការគ្រប់គ្រងបច្ចេកទេសក្នុងការផលិតស្ពតពាណិជ្ជកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មនានា ដែលគោរពបាននូវក្រមសីលធម៌ និងអនុលោមតាមច្បាប់។ ក្នុងនោះ តំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានចូលរួមប្រជុំ ក៏បានបង្ហាញនូវការគាំទ្រចំពោះវិធានការ និងការសម្រេចនានា ដែលបានផ្ដួចផ្ដើម និងដាក់ចុះអនុវត្ត ដើម្បីចូលរួមគ្រប់គ្រងសណ្ដាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


