ព័ត៌មានជាតិ
លោកស្រី ជា សិរី៖ ការពង្រឹង ការបណ្តុះបណ្តាលសិស្ស ជាកម្លាំងបន្ដវេន និងជាធនធានមនុស្សប្រកបដោយសក្ដានុពលនាំឱ្យប្រទេសជាតិកាន់តែរីកចម្រើន
លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ការពង្រឹង ការបណ្តុះបណ្តាលដល់សិស្សានុសិស្ស គឺជាកម្លាំងបន្ដវេន និងធនធានមនុស្សប្រកបដោយសក្ដានុពល នឹងនាំឱ្យប្រទេសជាតិកាន់តែរីកចម្រើន និងមានការអភិវឌ្ឍជាលំដាប់។

លោកស្រីបានលើកឡើងបែបនេះកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសសម្ពោធអគារសិក្សា១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សា ត្រពាំងផ្តៀក ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកស្រីបណ្ឌិត ជា សិរី បានបន្តថា ជុំវិញវិស័យអប់រំនេះ សាលាបឋមសិក្សាត្រពាំងផ្តៀក គឺជាថ្នាលសិក្សាគ្រឹះមួយដ៏សំខាន់ ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយប្រកបដោយគុណភាព។

លោកស្រីបណ្ឌិត ជា សិរី ដែលជាទេសាភិបាលធនាគារជាតិនៃកម្ពុជាផងនោះបានបន្ថែមថា «បញ្ហានេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ពិតជាមានចិត្តសប្បាយរីករាយដែលបានចូលរួមវិភាគទានក្នុងដំណើរការពង្រឹងវិស័យអប់រំនៅកម្ពុជា ដែលជាបុព្វហេតុកសាងធនធានមនុស្សប្រកបដោយចំណេះដឹងគ្រប់គ្រាន់ ដែលអាចចូលរួមចំណែក ក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល»។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ការពង្រឹងការបណ្តុះបណ្តាលដល់ក្មួយៗសិស្សានុសិស្ស គឺជាកម្លាំងបន្ដវេន និងធនធានមនុស្សប្រកបដោយសក្ដានុពល នឹងនាំឱ្យប្រទេសជាតិកាន់តែរីកចម្រើន និងមានការអភិវឌ្ឍជាលំដាប់។ ជាក់ស្តែង ក្រៅពីអគារសិក្សា ១ខ្នង មាន ៥បន្ទប់នេះ សមិទ្ធផលនានាដូចជាក្លោងទ្វារសាលា ការជួសជុលអគារសិក្សា ការសាងសង់ផ្ទះបាយ និងការចាក់ដីបន្ថែម ដើម្បីផ្ដល់ជូននូវទីតាំងកន្លែងសិក្សា និងបរិស្ថានដែលល្អប្រសើរ និងកាន់តែទាក់ទាញក្មួយៗឱ្យខិតខំសិក្សារៀនសូត្រផងដែរ។

លោកស្រីបណ្ឌិត ជា សិរី បានឱ្យដឹងទៀតថា ជុំវិញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ តែងតែចាត់ទុកការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានស្តារ និងពង្រឹងវិស័យអប់រំជាបន្តបន្ទាប់ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សានៅទូទាំងប្រទេស។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់បន្ថែមថា ដោយឡែកនៅខេត្តកំពង់ធំ លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ តែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ជាពិសេសបានបន្សល់ទុកនូវអគារសិក្សា និងសមិទ្ធផលនានាជាច្រើន ទាំងនៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកនាយក លោកគ្រូអ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារសិក្សានេះឡើងសម្រាប់បម្រើវិស័យអប់រំ និងសម្រួលដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នាក្នុងដំណើរឆ្ពោះទៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕
អត្ថបទ៖ សំអឿន


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


