ព័ត៌មានជាតិ
កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស
អ្នកនាំពាក្យក្រសួងយុត្តិធម៌បាន ឱ្យដឹងថា ឆ្លងកាត់មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំបន្ទាប់រយៈពេល៣ថ្ងៃ អង្គមហាសន្និបាត បានឯកភាព និងសម្រេចថា នឹងកែប្រែក្រមទាំងបួន គឺក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរប្បវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌឡើងវិញ ដើម្បីឱ្យក្រមទាំងបួនស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ន និងដើម្បីមានលក្ខណៈសាមញ្ញ ងាយស្រួលឱ្យពលរដ្ឋ និងអ្នកអនុវត្តន៍ច្បាប់ងាយយល់ ងាយអនុវត្តន៍។ លោកបានឱ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីអង្គមហាសន្និបាតបានបញ្ចប់ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

តាមលោក ជិន ម៉ាលីន ការកែប្រែក្រមទាំងបួនឡើងវិញ គឺដោយសារតែក្រមទាំងអស់ស្របតែបរិបទសង្គមក្នុងពេលរៀបចំក្រមជាដំបូង ពោលគឺកាលពី២០ឆ្នាំមុន តែមិនស្របទាំងស្រុងនឹងបរិបទសង្គមបច្ចុប្បន្ន។ ដូច្នេះហើយដើម្បីឱ្យស្របនឹងសង្គមបច្ចុប្បន្ន ជាពិសេសឱ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស អង្គមហាសន្និបាតបានឯកភាព ថានឹងត្រួតពិនិត្យ កែសម្រួលឡើងវិញ។
ក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរូបនេះ ក៏មិនភ្លេចនូវការឱ្យដឹងថា អង្គមហាសន្និបាតបានថ្លែងអំណរគុណចំពោះភាគីជប៉ុន និងបារាំង ដែលបានជួយរៀបចំក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរប្បវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដល់កម្ពុជា បន្ទាប់ពីកម្ពុជាបានរងគ្រោះដោយសារតែភ្លើងសង្គ្រាម បាត់បង់បញ្ញាវ័ន្ត ធនធានជាតិ នឹងគ្មានលទ្ធភាពរៀបចំច្បាប់ដោយខ្លួនឯង។
ជាមួយក្នុងសន្នីសីទសារព័ត៌មានដដែល «កម្ពុជាថ្មី» បានចោទសួរទៅកាន់លោក ជិន ម៉ាលីន ថា តើការកែក្រមទាំងបួន ក្រសួងយុត្តិធម៌ នឹងកែសម្រួលដោយប្រើប្រាស់ធនធានបញ្ញាវ័ន្តរបស់កម្ពុជាផ្ទាល់ ឬមួយបន្តពឹងភាគីជាមិត្តឱ្យជួយ ឬយ៉ាងណា?
ជាការឆ្លើយតប លោក ជិន ម៉ាលីន បានអះអាង បច្ចុប្បន្នកម្ពុជាមានធនធានមនុស្សផ្នែកច្បាប់ជាច្រើន ដូច្នេះកម្ពុជានឹងប្រើប្រាស់ធនធានអ្នកជំនាញផ្នែកច្បាប់របស់កម្ពុជាដែលបញ្ចប់ការសិក្សាមកពីក្រៅប្រទេស និងបញ្ញាវ័ន្តដែលបញ្ចប់ការសិក្សារក្នុងប្រទេសសុទ្ធសាធ លែងពឹងបរទេស ដើម្បីកែសម្រួលក្រមទាំង៤នេះឡើងវិញ។ ទោះជាលែងពឹងបរទេសឱ្យជួយដូចកាលពី២០ឆ្នាំមុនក៏ដោយ តែពេលនេះដើម្បីឱ្យក្រមទាំង៤មានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន កម្ពុជានៅតែបើកឱ្យភាគីដែលធ្លាប់ជួយកាលពីមុនដូចជា ជប៉ុន បារាំង និងភាគីដទៃឱ្យចូលរួមកែសម្រួលជាមួយកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


