ព័ត៌មានជាតិ
ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស
នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់មេគង្គ ជំហានទី៤ និងប្រគល់ទីលានទុកដាក់សំរាមជូនទៅអាជ្ញាធរខេត្តក្រចេះ ទទួលគ្រប់គ្រង និងអនុវត្តការងារបន្ត។

ចំពោះទីលានទុកដាក់សំរាមក្នុងក្រុងក្រចេះ ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី៤ អនុវត្តការងារសាងសង់ដោយ ក្រុមហ៊ុន K.B.H Construction Co., Ltd. ដោយមានក្រុមហ៊ុន Ramboll Danmark សហការជាមួយ Oriental Consultation Global Co., Ltd. ក្រុមហ៊ុន SCE និង ក្រុមហ៊ុន Tancons (Cambodia) Co., Ltd. ជាទីប្រឹក្សាបច្ចេកទេស និងបានចំណាយថវិកាសាងសង់អស់ ៤ ៩៤៣ ៩៤៨ ដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដី ៦ហិកតា នៃផ្ទៃដីសរុបទំហំ ២៦,៨៨ហិកតា ស្ថិតនៅក្នុងភូមិផ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានសមត្ថភាពប្រតិបត្តិការក្នុងរយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជនក្នុងក្រុងក្រចេះចំនួន ០៤សង្កាត់(សង្កាត់ក្រចេះ ក្រគរ អូរឬស្សី និង រកាកណ្តាល)កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជារណ្តៅចំនួន១ ក្នុងចំណោមរណ្តៅចំនួន៤ ក្នុងគម្រោង ដែលមានទំហំ ១៣៥,៧៥ម៉ែត្រ x ១២២,៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ ត្រូវជា ១,៦៦ហិកតា។ តាមផែនការរណ្តៅទាំងពីរនេះ នឹងត្រូវបំពេញសំរាមរហូតដល់ ១៥ម៉ែត្រ (គិតចាប់ពីមាត់រណ្តៅ) ដែលអាចផ្ទុកបានបរិមាណសំរាមបានប្រមាណ ១៩៦ ២២០ម៉ែត្រគូប។

ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់បងប្អូននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ផ្អែកលើសារៈប្រយោជន៍នៃវិស័យអនាម័យ ក្រសួងបាន និងកំពុងសិក្សា និងរៀបចំ ផែនការមេវិស័យទឹកកខ្វក់ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលត្រៀមនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពិធីប្រគល់-ទទួលនេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរគុណដល់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរខេត្តទាំងពីរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក៕
អត្ថបទ៖ ប្រុញ វិធិន




-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


