ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ ណែនាំជាថ្មីដល់បណ្ដាអង្គភាព ឱ្យង្រឹងលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ បន្ថែមទៀត
អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញការណែនាំជាថ្មី ដល់បណ្ដានាយកដ្ឋាន អង្គភាព មន្ទីរ ចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងយកចិត្តទុកដាក់បន្ថែមទៀត លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ។

ការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែមេសា លើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៤។ ព្រមទាំងណែនាំស្តីពី វិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
បើទោះបីព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតឃុំសង្កាត់, ជ្រើសតាំងតំណាងរាស្ដ្រ និងជ្រើសរើសសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូនយ៉ាងណាក្ដី ប៉ុន្ដែ លោកនាយឧត្តមសេនីយ៍ ស ថេត បានពញ្ញាក់ស្មារតី ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទាំងអស់ថា «មិនត្រូវធ្វើការធ្វេសប្រហែសជាដាច់ខាត ខណៈក្រុមអមិត្តនៅតែចិញ្ចឹមចិត្តចង់បង្កចលាចលជានិច្ចប្រសិនបើយើងមានការធ្វេសប្រហែសដោយប្រការណាមួយ»។

លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា កិច្ចការងារសន្ដិសុខ គឺជាកិច្ចការងារដ៏មានសារៈសំខាន់សំដៅធានាដល់សន្ដិសុខជាតិទាំងមូល ប៉ុន្ដែមិនមែនអនុវត្តតែស្ថាប័ននគរបាលជាតិ តែម្នាក់ឯងអាចទៅរួចនោះទេ ពោលទាមទារកិច្ចសហការយ៉ាងល្អពីបណ្ដាស្ថាប័ន និងអង្គភាពពាក់ព័ន្ធដទៃផ្សេងទៀត បូករួមទាំងស្ថាប័នដែលមិនមែនជំនាញសន្ដិសុខផងដែរ ទើបអនុវត្តទៅបានជោគជ័យទាំងព្រម។
ក្រៅពីការត្រៀមលក្ខណៈធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លោកអគ្គស្នងការនគរបាលជាតិ ក៏បានណែនាំនូវការងារជំនាញមួយចំនួនផងដែរ ដល់នាយកដ្ឋាន អង្គភាព មន្ទីរ និងស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីបន្ដយកចិត្តទុកដាក់ និងកែប្រែនូវរាល់អ្វីដែលជាចំណុចខ្វះខាត។ ទន្ទឹមនោះ ត្រូវង្រឹងការអនុវត្តច្បាប់ចរាចរណ៍ គ្រឿងញៀន ព្រហ្មទណ្ឌ ព្រំដែន ប្រឆាំងការជួញដូរមនុស្ស ពិសេស ប៉ុស្ដិ៍នគរបាលរដ្ឋបាលជាដើម ដែលនៅក្បែរប្រជាពលរដ្ឋ ត្រូវតែបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ក៏ដូចជាពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

សូមជម្រាបថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានប្រកាសតែងតាំងនោះ រួមមាន ទី១.លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ពីអនុប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ ទៅជាអគ្គស្នងការរងនគរបាលជាតិ និងទី២. លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ពីប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ទៅជាអគ្គស្នងការរងនគរបាលជាតិ ៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


