ព័ត៌មានជាតិ
ទូតអាមេរិក៖ សម្ដេចធិបតី កាន់តំណែង៨ខែ ទំនាក់ទំនងកម្ពុជា-អាមេរិក ត្រូវបានពង្រឹង និងពង្រីក ប្រសើរបន្ថែម
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ផាទ្រីក មើហ្វី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេល៨ខែកន្លងមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ប្រសើរបន្ថែមទៀត។ លោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីចប់អាណត្តិការងារនៅកម្ពុជា។

ក្នុងឱកាសដដែល លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនាពេលកន្លងមក។ ។ លោកឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិស័យបោសសំអាតមីន និងវិស័យសំខាន់ៗ ផ្សេងទៀត។ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យបោសសំអាតមីន ខណ:ដែលសហរដ្ឋអាមេរិកជាដៃគូផ្តល់ជំនួយដល់កម្ពុជាដ៏សំខាន់។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅចុងឆ្នាំ២០២៤នេះ។ ទន្ទឹមនោះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាគ្នាក្នុងការដាក់ចេញនូវសកម្មភាពដែលប្រទេសទាំងពីរអាចធ្វើរួមគ្នា ក៏ដូចជាកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចនិស្សិតផ្នែកយោធាជាដើម។ លោកមានជំនឿជាក់ថាឯកអគ្គរដ្ឋទូតថ្មី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក ផាទ្រីក មើហ្វី និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូត និងសហការី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់លោក លើវិស័យជាច្រើន រួមមាន៖ អប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន និងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន ក្នុងវិស័យធុរកិច្ច និងវិនិយោគ។
នាឱកាសនេះ សម្តេចធិបតី ក៏បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ជូនលោក ផាទ្រីក មើហ្វីផងដែរ។ សម្តេចធិបតី បានបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយសម្តេចធិបតី ក៏បានបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសង្គតិភាព និងនិរន្តរភាព។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរ អំពីការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពថ្មីៗក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត រួមទាំងវិនិយោគិនពីសហរដ្ឋអាមេរិក។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ដែលជាប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។
ជាទីបញ្ចប់ សម្តេចធិបតីក៏បានជូនពរ លោកឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មីរបស់លោក និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


