Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញក្រើន​រំលឹក ២ ចំណុច មុន​វិនិយោគទីផ្សារ​មូលបត្រ ការពារការឆបោក

បានផុស

នៅ

ប្រទេសកម្ពុជាទើបចាប់ផ្តើមដំណើរការវិនិយោគវិស័យទីផ្សារមូលបត្រជាង ១០ ឆ្នាំ ពោលពីឆ្នាំ ២០១១ ដែលមានក្រុមហ៊ុនមួយចំនួនបាន​ចាប់ផ្តើមបោះផ្សាយមូលបត្រសម្រាប់វិនិយោគិន។

គិតដល់ពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ២២ ដែល​បានបោះផ្សាយលក់មូលបត្រនៅ​ទីផ្សារមូលបត្រកម្ពុជា ដែលប្រមូលសាច់ប្រាក់បាន​ប្រមាណ ៤០០ លានដុល្លារ។ នេះបើតាម​មន្រ្តីជាន់ខ្ពស់និយ័ករមូលបត្រកម្ពុជា។

ខណៈដែលការវិនិយោគវិស័យទីផ្សារមូលបត្រហាក់ថ្មីថ្មោងសម្រាប់​ប្រទេស​កម្ពុជា មន្រ្តីជំនាញបានណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និង​យល់ដឹងពីការវិនិយោគលើ​វិស័យមួយ​នេះ​ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការចាញ់បោកនាំឲ្យខាតបង់ទ្រព្យសមត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា

លោក វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជាបានឲ្យដឹងថា និយតករមូលបត្រកម្ពុជាគឺជាអាជ្ញាធរដែលគ្រប់គ្រង​ត្រួតពិនិត្យវិស័យមូលបត្រនៅប្រទេសកម្ពុជា។ និយ័តករមូលបត្រកម្ពុជាបានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំ និងអភិវឌ្ឍវិស័យនេះតាំងពីចាប់ផ្ដើមពី​ចំណុចសូន្យ ដោយបានកសាងមូលដ្ឋានគ្រឹះ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ក៏ដូចជាបាន​ដាក់ឲ្យអនុវត្តបទបញ្ញត្តិជាច្រើន ក្នុងទិសដៅធ្វើយ៉ាងណាអភិវឌ្ឍទីផ្សារប្រកបដោយតម្លាភាព សុវត្ថិភាពដល់វិនិយោគ​ទុន។

បច្ចុប្បន្ននៅទូទាំងសាកលលោក ក៏ដូចជានៅក្នុងតំបន់និងក្នុងប្រទេសកម្ពុជា មានការឆបោកជាច្រើនលើ​ការ​វិនិយោគ​វិស័យ​ហិរញ្ញវត្ថុ​ដែលទាមទារ​ឲ្យ​មាន​ការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរនិងវិនិយោគិនទូទៅ។

បើតាម​អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា និយ័តករមូលបត្រកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចគាំពារវិនិយោគិន និងផលប៉ះពាល់សម្រាប់ការវិនិយោគលើវិស័យទីផ្សារមូលបត្រ ដើម្បីទប់ស្កាត់ការឆកបោកការវិនិយោគ ដែលនាំឲ្យ​ប៉ះ​ពាល់កេរ្តិ៍ឈ្មោះនិងទំនុកចិត្តលើទីផ្សារមូលបត្រកម្ពុជា។

បន្ថែមការដាក់ចេញបទ​បញ្ញត្តិការពារអ្នកវិនិយោគ មន្រ្តីជាន់ខ្ពស់​និយ័ករមូលបត្រកម្ពុជា​បានអះអាង​ថា អ្នកវិនិយោគខ្លះអត់គិតពីសុវត្ថិភាពសាច់ប្រាក់ ធ្វើម៉េចគិតប្រាក់ចំណេញឲ្យបានច្រើន។ មន្រ្តីជំនាញ​រូបនេះបានណែនាំ​គន្លឹះពីរចំណុចក្នុងការវិនិយោគលើទីផ្សារមូលបត្រ ដើម្បីធានាថាការវិនិយោគមានសុវត្ថិភាព។

លោកថា ទីមួយត្រូវមើលតើក្រុមហ៊ុនមានអាជ្ញាប័ណ្ណឬអត់?។ ទីពីរមានអាជ្ញាប័ណ្ណមិនទាន់គ្រប់គ្រាន់ទេ មានអាជ្ញាប័ណ្ណហើយតើក្រុមហ៊ុនមានយន្តការស្របតាមបទបញ្ញត្តិនិយ័តករមូលបត្រកម្ពុជា ក្នុងការថែរក្សាទ្រព្យសម្បត្តិសាច់ប្រាក់របស់អ្នកវិយោគដែរឬទេ?។

តាមបទបញ្ញត្តិ រាល់សាច់ប្រាក់របស់វិនិយោគិន ត្រូវដាក់ក្នុងគណនីសាច់ប្រាក់របស់អតិថិជននៅធនគារទូទាត់សាច់ប្រាក់ដែលទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។ មូលហេតុ មន្រ្តី​ជំនាញ​រូបនោះ​បានពន្យល់ថា សាច់ប្រាក់​ក្នុងគណនីនោះនឹង​មិនបាត់បង់ទៅណាទេ។ សាច់ប្រាក់នោះសុទ្ធតែជាសាច់ប្រាក់របស់អតិថិជនមិនមែនរបស់ក្រុមហ៊ុន ឬឈ្មួញជើងសារ ( Broker) មានន័យថា ក្រុមហ៊ុនឬ​ឈ្មួញជើងសារ​ មិនអាចដកសាច់ប្រាក់ដើម្បីបម្រើជាប្រយោជន៍ក្រុមហ៊ុន ឬបុគ្គលណាមួយបាន​នោះទេ។ បើចង់ដក ត្រូវស្នើទៅ​អតិថិជនទើបក្រុមហ៊ុនអាចដាក់សំណើ​ទៅធនាគារ ដែលទាំង​នោះ​បាន​ចែង​កំណត់​យ៉ាងច្បាស់ក្នុង​បទ​បញ្ញត្តិ។

ជុំវិញកិច្ចការពារដល់អ្នក​វិនិយោគ​ មន្រ្តីនិយ័តករមូលបត្រកម្ពុជា​បានអះអាង​ថា និយ័តករមូលបត្រកម្ពុជាតែងតែ​មានភាពបុរេសកម្មលើកិច្ចការពារអ្នកវិនិយោគ មិនមែនរង់​ចាំកើតមានបញ្ហាទើបដោះស្រាយតាមក្រោយ​នោះទេ។

លោក ជា សុធា អគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង ជាក្រុមហ៊ុនឈ្មួញជើងសារដែលទទួលបានអាជ្ញាប័ណ្ណជួញដូរឧបករណ៍និស្សន្ទ ក៏ដូចជាអាជ្ញាបណ្ណជួញដូរផ្សារភាគហ៊ុនក្នុងប្រទេស​កម្ពុជាបានមើលឃើញ​ជា​ទូទៅ​ថា រាល់អ្នក​វិនិយោគច្រើនតែ​​មើល​ឃើញ​ប្រាក់​ចំណេញ​ជាធំ។

យ៉ាងណាក្នុងនាមជាក្រុមហ៊ុនស្របច្បាប់​ ដែល​​អនុលោមតាមបទបញ្ញត្តិនិយ័តករមូលបត្រកម្ពុជា លោក ជា សុធា​ បាន​គូសបញ្ជាក់​ថា ​ដើម្បីគាំពារវិនិយោគិន ក្រុមហ៊ុនភីភី លីង មានភ្នាក់ងារទូទាត់សាច់ប្រាក់ដែលមានការទទួលស្គាល់ពីនិយ័តករមូលបត្រ​កម្ពុជា។

លោក ជា សុធា អគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង

ក្រៅពី​​លើកឡើងពីយន្តការគ្រប់គ្រង​ថែរក្សា​ការ​ពារ​សាច់ប្រាក់របស់អតិថិជន​ដែលវិនិយោគ​លើ​វិស័យ​ផ្សារមូលបត្រ​ ​លោក​លោក ជា សុធា​ បាន​លើក​ទឹកចិត្ត​ឲ្យពលរដ្ឋ​ឬ​អ្នក​វិនិយោគ​ត្រូវ​ស្វែងយល់​​អ្វី​ទៅ​ជា​ភ្នាក់​ងារ​​រក្សា​សាច់ប្រាក់​របស់​ក្រុមហ៊ុននៅ​​ក្នុង​វិស័យ​មូលបត្រ​ ដែល​​វិស័យ​មូលបត្រ​លោក​ចង់​និយាយ​សម្តៅ​ការ​ជួញ​ដូរ​លើ​ឧបករណ៍​និស្សន្ទ និង​ផ្សារ​​មូលបត្រ។

ទាក់ទង​ការ​វិនិយោគលើ​វិស័យហិរញ្ញវត្ថុ​​ក្នុង​ប្រទេស​កម្ពុជា លោក Albert Tan ប្រធានគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក និងជាអ្នកវិនិយោគមួយរូបបានលើកឡើងពីសក្តានុពលនៃការ​វិនិយោគ​វិស័យហិរញ្ញវត្ថុនៅប្រទេស​កម្ពុជា ដែលកំពុងមានភាពរីកចម្រើន ហើយ​ដែល​លោកមើលឃើញថា ក្នុង​រយៈ​ពេល ១០ ឆ្នាំខាងមុខគឺ​ជារជ្ជកាលមាសសម្រាប់ការវិនិយោគវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

លោក Albert Tan ប្រធានគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក

លោកអះអាងថា ដោយសារបទពិសោធន៍ដែលលោកបានវិនិយោគនៅប្រទេសជាច្រើន ដែលប្រទេសនីមួយៗ​តែងតែឆ្លងកាត់រជ្ជកាលនៃភាពរីកចម្រើន។ លោកថា អំឡុងពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០២៤ វិស័យហិរញ្ញវត្ថុប្រទេសកម្ពុជានឹងបន្ត​ហក់ឡើង ហើយការហក់ឡើងនេះពាក់ព័ន្ធស្ថិរភាពនយោបាយ ស្របពេលសេដ្ឋកិច្ច​ប្រទេសកម្ពុជាបន្តកំណើន ជាមួយការហូរចូលនៃអ្នកវិនិយោគពីក្រៅកាន់តែច្រើន។

យ៉ាងណាមិញ អ្នកវិនិយោគិនរូបនេះ​ដែល​មានបទពិសោធន៍កៀគរអ្នកវិនិយោគទៅបណ្តាប្រទេសផ្សេងៗមើលឃើញចំណុចខ្វះខាតរបស់ប្រទេសកម្ពុជា គឹការផ្សព្វផ្សាយទៅអ្នកវិនិយោគទៅខាងក្រៅនៅមានកម្រិត។ ដើម្បីអាចឈានទៅរជ្ជកាលមាស ១០ ឆ្នាំខាងមុខ លោកថា ប្រទេសកម្ពុជាត្រូវតែបង្កើននិង​ជំរុញការផ្សព្វផ្សាយដើម្បីទាក់ទាញការ​វិនិយោគ​បន្ថែម​ទៀត។

លោក Lawrence Kook អភិបាលគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលថ្មីៗនេះបានដឹកនាំអ្នកវិនិយោគជាង ១០០ នាក់ មកស្វែងយល់ពីវិស័យទីផ្សារមូលបត្រប្រទេសកម្ពុជាបានឲ្យដឹងថា ខុសពីទីផ្សារមូលបត្រប្រទេសមួយចំនួន ទីផ្សារមូលបត្រប្រទេសកម្ពុជាកំពុងហក់ឡើងនិងមានឱកាសរីកលូតលាស់ទៅមុខ។

លោក Lawrence Kook អភិបាលគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង

ដោយ​ដើរតួនាទីជា​​ទូត​សុច្ឆន្ទៈក្នុងការ​កៀគរអ្នក​វិនិយោគក្នុង​ប្រទេស​កម្ពុជា លោកថា ការតាំងចិត្តរបស់លោកគឺនាំអ្នកវិនិយោគបរទេសមកវិនិយោគក្នុងវិស័យមូលបត្រប្រទេសកម្ពុជាឲ្យបានច្រើន។

លោកក៏​បានលើកឡើងទាក់ទងការផ្សព្វផ្សាយព័ត៌មានអាក្រក់ៗពីប្រទេសកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមិនថាតាមអ៊ីនធឺណិត ឬតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ ដោយ​លោកឆ្លើយតប​​ថា ដើម្បីឲ្យយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា គឺអ្នកវិនិយោគត្រូវតែមកមើលជាក់ស្ដែងដោយខ្លួនឯង​ទើបមើលឃើញពីឱកាស ដោយមិនអាចវាយតម្លៃតាមតែគេនិយាយ​បាន​នោះទេ។ ជាយោបល់លោកថា មានតែមកមើលដោយផ្ទាល់ មកមើលជាក់ស្តែងទើបអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម