ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់៩៥គ្រួសារនៅខេត្តកំពត ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កំពត ៖ នៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៤ នេះលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ជា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរដោយ ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៩៥គ្រួសារ រស់នៅក្នុងស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ដែលពិធីនេះរៀបចំធ្វើឡើងចំនួនពីរទីតាំង ទី១ រៀបចំនៅក្នុងបរិវេណវត្តពោធិ៍ជុំ ក្នុងស្រុកអង្គរជ័យចំនួន៦៩គ្រួសារ និងទីតាំងទី២រៀបចំនៅក្នុងបរិវេណវត្តកំពូលមាស ក្នុងស្រុកកំពង់ត្រាច ចំនួន២៦គ្រួសារ។

នាឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជាប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការសោកស្តាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោក ម៉ៅ ធនិន អភិបាលខេត្តក៏បានបន្តដែរថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាន់តែមានភាពកក់ក្តៅ ភាពសុខដុមរម្យនា និងការអភិវឌ្ឍន៍កាន់តែប្រសើរនៅគ្រប់មូលដ្ឋាន និយាយដោយឡែក ខេត្តកំពត ដូចពុកម៉ែបងប្អូនបានឃើញស្រាប់ គឺមានភាពល្អប្រសើរជាលំដាប់។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងសូមប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង កុំឱ្យក្មេងតូចៗចេញពីផ្ទះ លុបបំបាត់ថ្លុកជ្រាំ សម្រាកក្នុងមុង និងចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក។

អំណោយផ្តល់ជូនរួមមាន ១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស និងថវិកា៥ម៉ឺនរៀល។

គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ តង់ ១ដុំ និងថវិកា២០ម៉ឺនរៀល។

ក្នុងឱកាសនោះលោក ម៉ៅ ធមិន អភិបាលខេត្ត ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួនពីរវត្ត ក្នុង១វត្តទទួលបាន អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ត្រីខ២០កំប៉ុង មី២កេស ទឹកសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ៕
ដោយ ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


