ព័ត៌មានជាតិ
“ហេតុអ្វីការផ្ដល់ចាក់វ៉ាក់សាំងមិនធ្វើនៅថ្ងៃក្រៅម៉ោងធ្វើការផង?”
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់វ៉ាក់សាំងកូវីដ-១៩តាមគោលការណ៍ស្ម័គ្រចិត្តដោយឥតគិតថ្លៃដល់ក្រុមអាទិភាពជាមុនសិន មានដូចជាក្រុមគ្រូពេទ្យ បុគ្គលិកមន្ត្រីសុខាភិបាល បុគ្គលិកមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ និងក្រុមសារព័ត៌មាន។ កម្មវិធីនេះអនុវត្តតែនៅរៀងរាល់ថ្ងៃធ្វើការ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាចទេ ដោយលើកលែងនៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យឈប់សម្រាកផ្លូវការ។
ឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី តើក្រសួងសុខាភិបាលអាចនឹងមានកម្មវិធីចាក់វ៉ាក់សាំងនៅក្រៅម៉ោងធ្វើការ ឬនៅថ្ងៃសៅរ៍ អាទិត្យឬទេ?

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយមានប្រសាសន៍បញ្ជាក់ថា ក្រុមគ្រូពេទ្យមិនមានបន្ទុកសម្រាប់តែចាក់វ៉ាក់សាំងទេ ដោយពួកគាត់មានការងារដែលត្រូវយាមកាម ២៤ម៉ោង។ ក្រសួងសុខាភិបាលបានយកក្រុមគ្រូពេទ្យដែលនៅបម្រើការក្នុងមន្ទីរពេទ្យហ្នឹង ដើម្បីបង្រៀនពួកគាត់ ហើយឱ្យពួកគាត់ជួយចាក់វ៉ាក់សាំងកូវីដ-១៩នោះ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អ៊ីចឹង កាលណាយើងប្រតិបត្តិការចាក់វ៉ាក់សាំង យើងត្រូវការសមាជិកជួយការងារគ្នាក្នងមួយក្រុមគឺ៩នាក់។ បើក្នុង៩នាក់ហ្នឹង មានគ្រូពេទ្យ៣នាក់គាត់យាមបាត់ហើយ គាត់ទៅមើលអ្នកជំងឺផ្សេងៗទៀតបាត់ហើយ ដូចនេះក្រុមហ្នឹងអត់អាចធ្វើការកើតទេ។ អ៊ីចឹងហើយបានជាយើងត្រូវសម្របសម្រួល ហើយទុកពេលវេលាដល់ក្រុមគ្រូពេទ្យធ្វើការផ្សេងទៀត”។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់បន្ថែថា៖ “ពេលខ្លះយើងសម្រុកតែចាក់វ៉ាក់សាំង តែយើងភ្លេចផ្ដល់សេវាសុខភាព និងព្យាបាលដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត។ អ៊ីចឹងយើងគិតថា ការចាក់វ៉ាក់សាំងនេះ យើងនឹងផ្ដល់ជូនរៀងរាល់ម៉ោងធ្វើការ ហើយសម្រាប់ម៉ោងផ្សេងទៀត ថ្ងៃផ្សេងទៀត យើងទុកលទ្ធភាពឱ្យក្រុមគ្រូពេទ្យយើងគាត់អាចផ្ដល់សេវាអីផ្សេងៗទៀត”។

លោកស្រី ឱ វណ្ណឌីន លើកឡើងថា ក្រសួងសុខាភិបាលក៏នឹងគិតគូរបត់បែនតាមស្ថានភាពជាក់ស្ដែងក្នុងការផ្ដល់ការចាក់វ៉ាក់សាំងនៅក្រៅម៉ោងធ្វើការ ឬនៅថ្ងៃសៅរ៍ អាទិត្យផងដែរ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ “តែនេះជាជំហានបឋមដែលយើងទើបតែចាប់ផ្ដើម។ នៅពេលណាយើងមើលឃើញតម្រូវការជាចាំបាច់ ថាត្រូវរុញយ៉ាងម៉េច ត្រូវដាក់យ៉ាងម៉េចទៀតដើម្បីឱ្យល្បឿននៃការចាក់វ៉ាក់សាំងហ្នឹងឱ្យលឿន នោះយើងនឹងពិភាក្សាគ្នា ហើយឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកនឹងមានការពិចារណា និងមានការសម្រេចចិត្តនៅពេលក្រោយទៀត”។
គិតមកដល់ថ្ងៃទី២៥ កុម្ភៈម្សិលមិញនេះ មានអ្នកស្ម័គ្រចិត្តមកទទួលកចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ចំនួន ១៦,០៤៥នាក់ ក្នុងនោះអ្នកដែលបានចាក់រួចមានចំនួន ១៣,១០១ នាក់ ដោយ ២,៩៤៤នាក់ទៀត មិនត្រូវបានគ្រូពេទ្យអនុញ្ញាតដោយសារខុសលក្ខខណ្ឌមិនអាចទទួលវ៉ាក់សាំងនោះបាន។

បច្ចុបន្នមានរដ្ឋាភិបាលកំពុងផ្ដល់ការចាក់វ៉ាក់សាំង ដែលបានបន្តអនុវត្តនៅតាមរាជធានីខេត្តចំនួន១០ ទូទាំងប្រទេស មានដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ កោះកុង ប៉ៃលិន ព្រះសីហនុ ស្វាយរៀង ពោធិសាត់ និងខេត្តកែប។
គួររំលឹកថា កម្ពុជាបានចាប់ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ដោយស្ម័គ្រចិត្ត ជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ដោយមានឥស្សរជន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានចាក់វ៉ាក់សាំងនេះរួចមកហើយ នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យកុមារជាតិ។

សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសឱ្យដឹងថា អ្នកដែលមានសិទ្ធិអាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩មុនគេ មានជាង៤២ម៉ឺននាក់ ដែលជាអ្នកធ្វើការមានហានិភ័យខ្ពស់ រាប់ចាប់តាំងពីអ្នកប្រមូលសំរាម អ្នកអនាម័យទីក្រុង អ្នកបើកបរ ព្រះសង្ឃ កីឡាករ កងទ័ព មន្ត្រីអប់រំ មន្ត្រីសុខាភិបាល មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ មន្ត្រីតុលា មន្ត្រីពន្ធនាគារ រដ្ឋបាលព្រៃឈើ ជលផល មន្ត្រីអគ្គីសនី ក្រុមប្រឹក្សាខេត្តក្រុម និងមន្រ្តីផ្សេងៗទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានលទ្ធភាពទទួល និងទិញវ៉ាក់សាំងកូវីដ-១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់។ ក្នុងនោះវ៉ាក់សាំងប្រមាណ ១១លានដូស គឺជាជំនួយមិត្តបរទេស ដែលនឹងទទួលបានពីសាធារណរដ្ឋចិនចំនួន១លានដូស ពីប្រទេសអូស្ត្រាលី ប្រមាណ៣លានដូស និង ជំនួយពី COVAX ចំនួន៧លានដូស៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះចែកម៉ាស របស់សម្តេច តេជោ ជូនប្រជាពលរដ្ឋ ក្នុងរាជធានី
ផ្អាកការជួបជុំថ្វាយបង្គំនៅថ្ងៃសុក្រ សម្រាប់បងប្អូនឥស្លាម រយៈពេលពីរសប្តាហ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


