ព័ត៌មានជាតិ
ចំពោះមុខសម្តេចតេជោ ហ៊ុន សែន ទូតកូរ៉េអះអាងជាថ្មី ស្ពានឆ្លងទន្លេទៅអរិយក្សត្រ នឹងបើកការដ្ឋាននៅឆ្នាំ ២០២៥
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេទៅអរិយក្សត្រនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៥។

លោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ទាក់ទងនឹងគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា ដែលក្នុងនោះក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយសម្តេចតេជោផ្ទាល់ ក្នុងឆ្នាំ២០២២។
លោកថា លោកតែងតែតាមដានជាប់ជាប្រចាំ ហើយស្ថានទូតសាធារណរដ្ឋកូរ៉េនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចម្រុះ CKFTA និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ ខាងមុខនេះ។
ជាការឆ្លើយតប សម្តេចតេជោសង្ឃឹមថា សម្តេចនឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខ នូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។

គម្រោងស្ថាបនាស្ពានឆ្លងទន្លេទៅតំបន់អរិយក្សត្រដែលជាទន្ទឹងរង់ចាំជាច្រើនឆ្នាំ ក៏ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងមេដឹកនាំកម្ពុជានិងកូរ៉េក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចជូននាយករដ្ឋមន្រ្តីកូរ៉េលោក ហាន់ ដុកស៊ូ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។
បើតាមប្រមុខដឹកនាំកម្ពុជា ស្ពានមិត្តភាពនេះតំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយសម្តេចធិបតីក៏ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះ។
ចំពោះដំណើរការស្ថាបនាស្ពានមិត្តភាពកម្ពុជាកូរ៉េ (ភ្នំពេញ-អរិយក្សត្រ) មេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការពន្លឿន ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ឲ្យបានឆាប់។

គម្រូប្លង់ស្ពានឆ្លងទន្លេទៅអរិយក្សត្រ
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃជិត ៣០០ លានដុល្លារអាមេរិក តភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់កម្ពុជាថ្មីកាលពីថ្ងៃទី ០៨ ខែឧសភា ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។
មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថា នៅមានដំណាក់កាលនីតិវិធីផ្សេងៗទៀត មុននឹងអាចឈានទៅបើកការដ្ឋានសាងសង់។
តាមគម្រូប្លង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១ តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ។
តាមរយៈគម្រោងស្ពាននេះ នឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅរាជធានីភ្នំពេញជាពិសេសនៅតំបន់អរិយក្សត្រ។ ការតភ្ជាប់ស្ពានមិត្តភាពកម្ពុជាកូរ៉េ នឹងធ្វើឱ្យតំបន់អរិយក្សត្រក្លាយជាគ្រាប់ពេជ្រ ខណៈទីនោះកំពុងមានការអភិវឌ្ឍ មានការសាងសង់សំណង់អគារនិងបុរីតូចធំ និងអនាគតនឹងក្លាយជាទីក្រុងរណបថ្មីមួយនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


