Connect with us

ព័ត៌មានជាតិ

មណ្ឌលសុខភាពត្រពាំងរូង ជាគ្រឹះស្ថានសុខាភិបាលគំរូមួយក្នុងខេត្តកោះកុង

បានផុស

នៅ

មណ្ឌលសុខភាពឃុំត្រពាំងរូង ស្រុកកោះកុង ត្រូវបានប្រជាពលរដ្ឋចាត់ទុកជាមណ្ឌលសុខភាពគំរូមួយក្នុងខេត្ត ដែលមានការពង្រឹងសេវាពិនិត្យព្យាបាលល្អប្រសើរជូនពលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ វាសនា និងកញ្ញា មុន្នី ឆាយ៉ា ជាពលរដ្ឋរស់នៅឃុំត្រពាំងរូង បានកោតសរសើរពីការផ្តល់សេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព ចាប់ពីច្រកចូលរហូតដល់ពិនិត្យព្យាបាលត្រឡប់ទៅផ្ទះវិញ។ តំណាងប្រជាពលរដ្ឋដដែលអះអាងថា ក្រុមគ្រូពេទ្យទាំងអស់ដែលបម្រើការងារសុទ្ធតែមានសម្តីក្រមសិលធម៌វិជ្ជាជីវៈល្អ និងផ្តល់ព័ត៌មានពិគ្រោះជំងឺទៀតផង។ រីឯចំពោះការផ្តល់សេវាព្យាបាលជំងឺតាមប្រភេទជំងឺនានា ករណីពលរដ្ឋមានបណ្ណ ប ស ស គឺពុំត្រូវបានគិតថ្លៃសេវាអ្វីឡើយ។ គ្មានការសួរយកលុយកាក់មុនពិនិត្យ ឬព្យាបាលអ្វីទេ។

លោក ពៅ វាសនា និងកញ្ញា មុន្នី ឆាយ៉ា មើលឃើញថា សោភ័ណ្ឌបរិស្ថានអនាម័យជុំវិញមណ្ឌលសុខភាព មានភាពស្រស់បៃតងគួរឱ្យទាក់ទាញ។ ដូច្នេះចាត់ទុកជាមណ្ឌលសុខភាពគំរូមួយប្រចាំខេត្តកោះកុង ហើយទៅថ្ងៃមុខនឹងមានមណ្ឌលសុខភាពបែបនេះកកើតមានច្រើនថែមទៀត ដើម្បីផ្តល់សេវាសុខាភិបាលជូនពលរដ្ឋប្រកបដោយទំនុកចិត្តខ្ពស់។

លោក ហាយ សារិទ្ធ ប្រធានស្តីទីមណ្ឌលសុខភាពត្រពាំងរូង លើកឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ថា មណ្ឌលសុខភាពរបស់លោក ជាប់ជាមណ្ឌលសុខភាពគំរូមួយទូទាំងខេត្តដោយមានក្រសួងសុខាភិបាល និងស្ថាប័នផ្សេងៗទទួលស្គាល់ ព្រោះតែបានបំពេញទៅលក្ខខណ្ឌប្រកួតប្រជែងកន្លងទៅ។

លោក ហាយ សារិទ្ធ បន្ថែមទៀតថា សព្វថ្ងៃមណ្ឌលសុខភាព មានបុគ្គលិកគ្រូពេទ្យមានគ្រប់គ្រាន់រង់ចាំផ្តល់សេវាជូនពលរដ្ឋ និងសាធារណជនទូទៅដែលមកទទួលសេវា២៤ម៉ោងលើ២៤ម៉ោង ដូចជា ពន្យាកំណើត ចាក់ថ្នាំបង្ការ សង្រ្គោះបឋម ពិនិត្យផ្ទៃពោះ សេវាពិនិត្យសម្រាកកូន និងពិនិត្យជំងឺក្រៅផងដែរ។

លោកប្រធានស្តីទីមណ្ឌលសុខភាពត្រពាំងរូង កិច្ចពង្រឹងគុណភាពសេវាសុខាភិបាលក្នុងមូលដ្ឋាន កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ណាស់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល ដោយធ្វើយ៉ាងណាឱ្យពលរដ្ឋមានសុខភាពល្អសម្រាប់ការរស់នៅដាច់ស្រយោល។

បើតាមរបាយការណ៍លទ្ធផលការងាររបស់មណ្ឌលសុខភាពត្រពាំងរូង ៥ខែឆ្នាំ២០២៤នេះ មណ្ឌលបានពិគ្រោះជំងឺក្រៅចំនួន២.៨១៥ករណី។ ក្នុងនោះមានការពិនិត្យផ្ទៃពោះចំនួន២៦៩ករណី សំរាលកូនចំនួន២២នាក់ ផ្តល់សេវាសុខភាពបន្តពូជបានចំនួន៣៩៨នាក់ និងចាក់វ៉ាក់សាំងបង្ការ១១មុខបានចំនួន២៧៤នាក់។

ក្នុងនាមជាមណ្ឌលសុខភាពគំរូក៏ដោយ ក៏លោក ហាយ សារិទ្ធ ប្តេជ្ញាចិត្តខិតខំពង្រឹងគុណភាព និងសេវាសុខាភិបាលមួយនេះឱ្យកាន់តែមានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋអ្នកមកទទួលសេវា គ្រាកំណត់រៀបចំគ្រប់គ្រងបណ្តុះបណ្តាលធនធានមនុស្ស អង្គភាពសុខាភិបាល គោរពក្រមសីលធម៌វិជ្ជាជីវៈ និងបដិសណ្ឋារកិច្ច ទទួលស្វាគមន៍អតិថិជនរបស់ខ្លួនដោយភាពរួសរាយរាក់ទាក់៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម