ព័ត៌មានជាតិ
ស្ថិតិបង្ហាញថា ខេត្តឧត្តរមានជ័យ ប្រាក់ចំណូលពលរដ្ឋទាបជាងគេ ខណៈខេត្តព្រះសីហនុពលរដ្ឋមានប្រាក់ចំណូលខ្ពស់ឈរលើគេ
ខេត្តឧត្តរមានជ័យដែលស្ថិតនៅទិសឧត្តរមានភូមិសាស្រ្តជាប់ប្រទេសថៃ ជាខេត្តដែលកម្រិតប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗទាបជាងគេក្នុងចំណោម ២៥ រាជធានីខេត្ត។

របាយការណ៍ពីវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការបានបង្ហាញថា ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ (GDP Per Capita) ក្នុងខេត្តឧត្តរមានជ័យមានត្រឹម ១ ០០០ ដុល្លារអាមេរិក។
ក្នុងរបាយការណ៍ក៏បានលើកឡើងពីខេត្តជាប់តំបន់ឆ្នេរ គឺខេត្តព្រះសីហនុដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ច្រើនជាងគេមានរហូតដល់ ៤ ពាន់ដុល្លារ ខណៈរាជធានីភ្នំពេញឈរលេខ ២ ប្រាក់ចំណូលពលរដ្ឋម្នាក់ក្នុងរង្វង់ ៣ ពាន់ដុល្លារ។
ឆ្លើយតបទៅសំនួររបស់កម្ពុជាថ្មី ក្នុងពិធីផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ២០០០ ទៅឆ្នាំ ២០១៤ កាលពីសប្តាហ៍មុននេះ លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការបានបញ្ជាក់ថា ខេត្តដែលមានសក្ដានុពលធំមានអ្វីសព្វបែបយ៉ាង ប្រាក់ចំណូលពលរដ្ឋម្នាក់ៗក៏មានកម្រិតខ្ពស់។

លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិនៃក្រសួងផែនការ
លោកលើកឧទាហរណ៍ខេត្តវុងតៅប្រទេសវៀតណាម ជាទីតាំងបូមប្រេងដ៏ធំដែលកម្រិតប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗរង្វង់ ៩ ពាន់ដុល្លារ។
លោកក៏លើកឡើងពីខេត្តស្ទឹងត្រែងដែលមានសំណង់វារីអគ្គិសនីដ៏ធំមួយ។ ដោយសារខេត្តស្ទឹងត្រែងមានផលិតកម្មវារីអគ្គិសនី ដែលជាប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្តជាប់ទន្លេដងទន្លេមេគង្គមួយនេះ។
លោកបញ្ជាក់មូលដ្ឋាន ក្នុងការគណនាកម្រិតប្រាក់ចំណូលសម្រាប់ប្រទេសមួយឬតំបន់មួយ គឺផ្អែកទៅតាមសេចក្ដីណែនាំរបស់អង្គការសហប្រជាជាតិ។ លោកថា ប្រាក់ចំណូលមិនស្មើគ្នានោះទេសម្រាប់ពលរដ្ឋម្នាក់ៗតាមតំបន់។ ការគណនាប្រាក់ចំណូលពលរដ្ឋក្នុងតំបន់ឬខេត្តមួយ អាស្រ័យតាមទំហំសេដ្ឋកិច្ចក្នុងខេត្តឬតំបន់នោះ។
ផ្អែកតាមរបាយការណ៍ស្ថិតិរបស់ក្រសួងផែនការបានបង្ហាញថា រាជធានីខេត្តចំនួន ៥ ដែលពលរដ្ឋមានប្រាក់ចំណូលខ្ពស់ជាងគេទីមួយគឺខេត្តព្រះសីហនុដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់គឺ ៤ ៦០២ ដុល្លារ រាជធានីភ្នំពេញឈរទី ២ ចំនួន ៣៩១៥ ដុល្លារ ខេត្តកណ្តាលឈរទី ៣ ចំនួន ២១៦១ ដុល្លារ ខេត្តមណ្ឌលគិរីឈរទី ៤ ចំនួន ២១២៣ ដុល្លារ និងខេត្តបាត់ដំបងឈរទី ៥ ចំនួន ១៨៧២ ដុល្លារ។

ដោយឡែកខេត្តដែលមានប្រាក់ចំណូលពលរដ្ឋតិចជាងគេគឹខេត្តឧត្តរមានជ័យ ដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់គឺ១ ០០០ ដុល្លារ ឈរទី ២ គឺខេត្តព្រះវិហារ ចំនួន ១១២៥ ដុល្លារ ទី ៣ ខេត្តកំពង់ធំ ចំនួន ១២៤៨ ដុល្លារ ទី ៤ ខេត្តកែប ចំនួន ១២៤៩ ដុល្លារ និងទី ៥ ខេត្តព្រៃវែង ចំនួន ១៣៦៣ ដុល្លារ។
ជាមួយប្រជាជនរស់នៅប្រមាណ ២៦ ម៉ឺននាក់ ទំហំសេដ្ឋកិច្ចរបស់ខេត្តឧត្តរមានជ័យមានត្រឹម ២៥៤ លានដុល្លារ ដែលចូលរួមចំណែកប្រមាណ ០,៩ នៃសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងសន្និសីទបង្ហាញពីវឌ្ឍនភាពរបស់រដ្ឋបាលខេត្តនៅទីស្តីការគណៈរដ្ឋមន្រ្តីកាលពីឆ្នាំ ២០២៣។ សេដ្ឋកិច្ចរបស់ខេត្តឧត្តរមានជ័យពឹងផ្អែកលើវិស័យ ៣ សំខាន់គឺ កសិកម្ម រ៉ែ និងទេសចរណ៍។
របាយការណ៍បង្ហាញពីចំណូលពលរដ្ឋម្នាក់ៗតាមបណ្តារាជធានីខេត្តទាំង ២៥ នេះគឺគិតត្រឹមឆ្នាំ ២០២២ ខណៈដែលឆ្នាំ ២០២៣ ក្រសួងផែនការមិនទាន់បញ្ចេញរបាយការណ៍ផ្លូវការនៅឡើយ ខណៈទិន្នន័យប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗអាចមានការប្រែប្រួល អាស្រ័យតាមកំណើនឬការថយចុះនៃសេដ្ឋកិច្ចរបស់ខេត្តក្រុងនីមួយៗ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


