ព័ត៌មានជាតិ
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង
ជុំវិញគម្រោងប្រែក្លាយបឹងតាមោក ឱ្យក្លាយទៅជាឧទ្យានជាតិបៃតងនៅតាមទីសាធារណៈ ដើម្បីជាការរួមចំណែកធ្វើឱ្យទីក្រុងកាន់តែមានសោភពភាពស្រស់ស្អាត ស្របតាមគំនិតផ្ដួចផ្ដើមពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មន្រ្តីក្រសួងបរិស្ថានបានលើកសំណើពីសាលាក្រុងភ្នំពេញដែលស្នើសុំកូនឈើរាប់ម៉ឺនដើម ដើម្បីយកទៅដាំនៅតំបន់បឹងតាមោកដែលគ្រោងរៀបចំជាឧទ្យានបៃតងនៅពេលខាងមុខ។

ក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅថ្មីៗនេះ លោក សាម អ៉ីន រដ្ឋលេខាធិការបានលើកឡើងថា «យើងបានដឹងពីគម្រោងប្រែក្លាយបឹងតាមោក ដោយសាលាក្រុងភ្នំពេញមានផែនការរៀបចំឱ្យក្លាយទៅជាឧទ្យានជាតិសម្រាប់រាជធានីភ្នំពេញ ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំដែលណែនាំឲ្យរដ្ឋបាលរាជធានីខេត្តរៀបចំបង្កើតឲ្យឧទ្យានបៃតងសម្រាប់ពលរដ្ឋអាចទៅសម្រាកលំហែរ។ សម្រាប់សកម្មភាពនេះដែរ សាលាក្រុងភ្នំពេញក៏បានដាក់សំណើសុំកូនឈើដល់ក្រសួងបរិស្ថានរួចរាល់ហើយដែរ ដើម្បីយកទៅដាំនៅទីនោះ»។
លោក សាម អ៉ីន បានគូសបញ្ជាក់ថា សម្រាប់ផែនការដាំដើមឈើនៅតំបន់បឹងតាមោកនេះ ជំហានទី១ ក្រសួងបរិស្ថាននឹងប្រគល់ជូនកូនឈើប្រមាណជាង ៣ ម៉ឺនដើម ដល់សាលាក្រុងភ្នំពេញ ដើម្បីយកទៅដាំនៅតំបន់បឹងតាមោក នៅលើផ្ទៃដីទំហំប្រមាណ ៧៥ ហិតា។
លោកបន្តថា ការដាំដើមឈើនៅទីតាំងសាធារណៈជាគំនិតល្អមួយ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមានសួនបៃតងសម្រាប់ពលរដ្ឋអាចទៅលម្ហែកម្សាន្ត។
ដោយឡែកឆ្លើយតបសំណួរ «កម្ពុជាថ្មី» ជុំវិញការជំរុញដាំកូនឈើលំអរតាមដងផ្លូវនៅរាជធានីភ្នំពេញ លោក សាម អ៉ីន មានប្រសាសន៍ថា គួរជ្រើសរើសដើមឈើប្រភេទណាដែលដាំទៅហើយមានភាពទាក់ទាញ ស្រស់ស្អាត និងអាចស្រូបទាញកាបូន ជួយកាត់បន្ថយការបំពុលដល់បរិស្ថាបាន។
ជាមន្រ្តីបច្ចេកទេសមួយរូប លោកបានចង្អុលបង្ហាញកូនឈើ ៥ ប្រភេទ ដែលគួរតែបង្កើនសកម្មភាពបណ្តុះ ជាពិសេសដាំលំអរនៅតាមដងផ្លូវដើម្បីឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
តាមការកត់សម្គាល់លោកមើលឃើញថា នៅក្នុងរាជធានីភ្នំពេញ មានការដាំប្រភេទដើមឈើមួយចំនួនដូចជា ដើមគីនីន ដែលដើមឈើប្រភេទនេះ ក៏មានសម្រស់ស្រស់ស្អាតមួយផ្នែកដែរ។ ដោយឡែក ដើមត្របែកព្រៃ ដើមសាគូរ៉ា ដើមក្ងោក ក៏សុទ្ធតែជាប្រភេទដើមឈើមានភាពស្រស់ស្អាត រួមចំណែកផ្តល់សោភណភាពទីក្រុង ផ្តល់ជាម្លប់ផង និងជួយស្រូបកាបូនពីបរិយាកាសផង។

«ដូច្នេះ ខ្ញុំគិតថា ដើមឈើប៉ុន្មានប្រភេទនេះ យើងគួរតែជំរុញសកម្មភាពនៅក្នុងការបណ្តុះបន្ថែមទៀត ដើម្បីផ្តល់ជូនដល់អាជ្ញាធរដែនដីយកទៅដាំ ដែលផ្តើមចេញពីរាជធានីភ្នំពេញទៅតាមតំបន់ទីប្រជុំជន និងតាមបណ្តារាជធានី-ខេត្ត ផ្សេងៗទៀត»។ លោក សាម អ៉ីន បន្ថែមបែបនេះ។
ជាមួយគ្នានេះ មន្រ្តីក្រសួងបរិស្ថានរូបនេះ ក៏បានលើកពីការដាំដើមត្នោត ក្រោយឃើញមានក្រុមយុវជន ចង់យកទៅដាំតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ដែលដើមត្នោតត្រូវបានចាត់ទុកថាជាអត្តសញ្ញាណវប្បធម៌របស់ខ្មែរ ដូច្នេះលោកគិតថា នេះក៏ជាគំនិតមួយដ៏ល្អសម្រាប់ដាំនៅតាមតំបន់ព្រំដែនដើម្បីបង្ហាញវប្បធម៌និងអត្តសញ្ញាណជាតិទៅកាន់ប្រទេសជិតខាង៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


