ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថា CLV ជាកិច្ចព្រមព្រៀងជំរុញសេដ្ឋកិច្ច-សន្តិសុខ គ្មានទេការកាត់ដីឱ្យបរទេស
តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ឬហៅថា «CLV» ជាកិច្ចព្រមព្រៀងជំរុញលើវិស័យសេដ្ឋកិច្ច-សន្តិសុខ នៅតាមខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។ ផ្ទុយទៅវិញ មិនមែនជាកិច្ចព្រមព្រៀងដែលកម្ពុជាកាត់ដីឱ្យទៅប្រទេសណាមួយនោះឡើយ។ នេះជាការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត។

បញ្ជាក់ទៅកាន់កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា«កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) ជាកិច្ចព្រមព្រៀងក្នុងការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ សុខាភិបាល អប់រំ និងគ្រប់គ្រងគ្រោះមហន្តរាយតាមព្រំដែន»។
ឆ្លើយតបនឹងការលើកឡើងបំផុសបំផុលដោយបុគ្គលមួយចំនួនចោទថា ជាកិច្ចព្រមព្រៀងដែលកម្ពុជាបានកាត់ទឹកដី ៤ ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ឱ្យភាគីវៀតណាមគ្រប់គ្រងកាន់កាប់នោះ ត្រូវបានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចាត់ទុកថា គឺមានចេតនាធ្វើឱ្យសាធារណៈមតិមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលប៉ុណ្ណោះ ដោយបានឆ្លៀតយកបញ្ហានេះវាយប្រហាររាជរដ្ឋាភិបាល ក្នុងគោលបំណងកេងចំណេញនយោបាយសម្រាប់ក្រុមខ្លួន។

តាមការបញ្ជាក់បន្ថែមរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត គោលដៅនៃកិច្ចព្រមព្រៀងនេះ គឺកិច្ចសហការគ្នាលើវិស័យនានា ការជួយគ្នាទៅវិញទៅ ការទប់ស្កាត់បទល្មើសឆ្លងដែន ហើយជាពិសេសកិច្ចេះព្រមព្រៀងនេះ ក៏ត្រូវបានគោរពអធិបតេយ្យ និងបូរណភាពដែនដីរដ្ឋសមាជិក ដោយគ្មានប្រទេសណាមួយអាចរំលោភដែនដីគ្នាបានឡើយ។ ម្ស៉ាងវិញទៀត កម្ពុជា ក៏មិនមែនមានតែកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយឡាវ និងវៀតណាមទេ តែក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយឡាវ និងថៃ ហើយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏គេមានកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណដូចគ្នានេះដែរ ដើម្បីជាប្រយោជន៍ជាតិរៀងៗខ្លួន។ នេះជាការលើកឡើងដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដដែល។

ស្ថិតក្នុងឱកាសជួបសំណេះសំណាលជាមួយកងទ័ព គ្រួសារកងទ័ព និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានអរគុណអតីតយុទ្ធជន ដែលបានលះបង់ពលីគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ សន្តិសុខសណ្តាប់ធ្នាប់ ថែរក្សាការពារសុខសន្តិភាព និងបូរណភាពដែនដី ជាពិសេសចំពោះការខិតខំប្រឹងប្រែងការពារព្រំដែនទឹក ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់រូបភាព រួមទាំងការជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងៗទៀត ដែលបានជះឥទ្ធិពលដល់សង្គម និងសហគមន៍៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


