ព័ត៌មានជាតិ
ប្រមុខមហាផ្ទៃ ជំរុញឱ្យសមត្ថកិច្ច ពិសេសខេត្តជាប់ព្រំដែន បង្កើនការយកចិត្តទុកដាក់បង្ក្រាបអំពើជួញដូរមនុស្ស
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថ បន្តស្រាវជ្រាវ ជាពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ជំរុញបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
លោកប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមាន៖មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។
តាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន ១០៤ករណី កើនចំនួន ១៧ករណី ស្នើនឹង ១៦,៣៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ លោកស្រីអនុប្រធានអចិន្ត្រៃយ៍ បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការទាំងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន ១៣៤នាក់ បញ្ជូនទៅតុលាការ និងសង្គ្រោះជនរងគ្រោះ បានចំនួន ២៩០នាក់ ក្នុងនោះករណីជួញដូរមនុស្សមានជនរងគ្រោះ ចំនួន ២២ករណី កើនឡើង ១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៤នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទមានចំនួន ៨២ករណី កើន ៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១០០នាក់។
ឆ្លងតាមបទពិសោធនៃការអនុវត្តការងារនេះ ជាពិសេសតាមរយៈការកំណត់អត្តសញ្ញាណជនរងគ្រោះ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងដែរថា មានករណីភាគច្រើនត្រូវបានរកឃើញថាមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនោះទេ ប៉ុន្តែជាបទល្មើសឆបោក ទំនាស់ការងារ ការធ្វើការងារខុសច្បាប់ អន្តោប្រវេសន៍ខុសច្បាប់ ឬការបន្លំធ្វើជាជនរងគ្រោះ ដើម្បីគេចចេញពីសំណាញ់ច្បាប់៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រដ្ឋបាលខេត្តកណ្ដាលបំភ្លឺ ចំពោះការផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពលរដ្ឋស្រុកថ្មគោល ២២ គ្រួសារ សុំសម្ដេចទាំងទ្វេជួយកាត់ឆ្កៀលដីធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ថៃ អតិជាតិបុត្រ ចេញមុខទទួលរឿងជំពាក់លុយគេ និងសន្យាសងម្ចាស់បំណុល
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កៀកថ្ងៃសែនក្បាលទឹក ឆ្នាំទាំង ៣នេះ កាន់តែមានលាភសំណាងច្រើន ទាក់ទងលុយកាក់
-
ចរាចរណ៍៤ ថ្ងៃ ago
គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់