ព័ត៌មានជាតិ
ភាគីសហជីព គ្រោងនឹងដាក់សំណើ ៣ ចំណុច ទៅរាជរដ្ឋាភិបាលជួយដោះស្រាយក្តីកង្វល់របស់កម្មករ-និយោជិត
ភាគីសហជីព គ្រោងនឹងដាក់សំណើចំនួន ៣ ចំណុច ជូនទៅរាជរដ្ឋាភិបាលតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលដែលមានសមាជិក ៥១ រូប មកពីត្រីភាគី ដើម្បីជួយដោះស្រាយនូវក្តីកង្វល់របស់កម្មករ-និយោជិត។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ សីហា នេះថា សំណើចំនួន ៣ ចំណុច ដែលគ្រោងនឹងដាក់ជូនរាជរដ្ឋាភិបាលរួមមាន ទី១.ស្នើឱ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ទំនិញឡើងថ្លៃគ្រប់ប្រភេទ ព្រោះថាស្ទើរតែជារៀងរាល់ឆ្នាំនៅពេលរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលទំនិញនៅលើទីផ្សារ ក៏មានការឡើងថ្លៃដែរ ជាហេតុធ្វើឱ្យកម្មករមិនបានទទួលផលពីការទទួលបានប្រាក់ឈ្នួលថ្មីទេ។ ទី២.ស្នើឱ្យរដ្ឋាភិបាល បន្តការងារជួយតបណ្តាញទឹក និងភ្លើងរដ្ឋតាមបណ្តាផ្ទះជួលបន្ថែមឱ្យបាន ១០០% ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់កម្មករ និងធ្វើយ៉ាងណាជួយកុំឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលផ្ទះ។
លោកបានបន្តថា «បើទំនិញក៏ឡើង ផ្ទះជួលក៏ឡើងថ្លៃ វានឹងធ្វើឱ្យកម្មករជួបការលំបាកដដែលហ្នឹង ធ្វើឱ្យការដំឡើងប្រាក់ឈ្នួលរបស់រដ្ឋាភិបាលក៏មិនផ្តល់អត្ថប្រយោជន៍ដល់កម្មករ។ ដូចនេះសូមរាជរដ្ឋាភិបាលបន្តជួយដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរបន្ថែមទៀតផង បើទោះបីជារាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយបញ្ហាទាំងនេះជាបន្តបន្ទាប់ និងបានប្រសើរហើយក្តី»។

លោកបានបន្តទៀតថា ចំណុចទី៣.ស្នើឱ្យរដ្ឋាភិបាលជួយពង្រឹងការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យដែលជាដៃគូរបស់កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស បន្ថែមទៀតផង ខណៈបច្ចុប្បន្នមានមន្ទីរពេទ្យភាគច្រើនបានអនុវត្តបានល្អប្រសើរហើយ។
លោកទទួលស្គាល់ថា រាជរដ្ឋាភិបាលបានខិតខំពង្រីកការប្រើប្រាស់ ប.ស.ស ដល់សមាជិក ប.ស.ស រហូតដល់ក្រុមគ្រួសារ និងកូនៗ បន្ថែមទៀត ដើម្បីលើកកម្ពស់សុខភាព និងជីវភាពរស់នៅកម្មករ-និយោជិត បានកាន់តែប្រសើរ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាប្រាក់ឈ្នួលបានបើកកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ កាលពីថ្ងៃទី ១៤ សីហា ឆ្នាំ ២០២៤ ហើយ គ្រោងនឹងបន្តរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃទី២៩ ខែសីហា, ថ្ងៃទី ៦, ទី ១២, ទី ១៩ និងទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។
នៅក្នុង ២០២៤ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន ២០៤ ដុល្លារ ក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


