Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត៖ ក្រុមប្រឆាំងទាញគម្រោង CLV ជាឈ្នាន់កៀរគរពលរដ្ឋឱ្យធ្វើបដិវត្តន៍ពណ៌

បានផុស

នៅ

ក្រុមប្រឆាំងនៅក្រៅប្រទេសកំពុងទាញយកគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV គ្រាន់ជាឈ្នាន់កៀរគរប្រជាពលរដ្ឋបង្កើតឱ្យមានចលនាបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។​ នេះជាការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា មួយរយៈនេះ មានក្រុមជ្រុលនិយមក្រៅប្រទេសមួយចំនួន បានយកបញ្ហាជាតិនិយម និងកត្តាប្រវត្តិសាស្រ្ត បង្កើតជាព័ត៌មានក្លែងក្លាយលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម បំផុសបំផុលឱ្យសាធារណៈមតិ មានការយល់ច្រឡំមកលើកិច្ចសហប្រតិបត្តិការមួយនេះ។  

ប៉ុន្តែផ្ទុយស្រឡះពីការផ្សព្វផ្សាយ និងលើកឡើងចោទប្រកាន់ពីក្រុមប្រឆាំងទាំងនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា​ ប្រទេសដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការនេះ គឺបានគោរពអធិបតេយ្យ និងបូរណភាពដែនដីគ្នាទៅវិញទៅមកដោយស្មើភាពក្នុងនាមជារដ្ឋឯករាជ្យ អធិបតេយ្យ។ ទន្ទឹមនេះ ឆ្លើយតបនឹងការចោទថា រដ្ឋាភិបាលបើកទូលាយឱ្យមានការឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជាពីសំណាក់ពលរដ្ឋវៀតណាមនោះ ឯកឧត្តម ហ៊ុន ម៉ានិត ច្រានចោល ហើយបានបញ្ជាក់ថា ការចេញចូល ឆ្លងកាត់ប្រទេសណាមួយ ត្រូវតែមានលិខិតឆ្លងដែន ឬ លិខិតអនុញ្ញាតត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន មិនដូចការលើកឡើងនេះឡើយ។

ឯកឧត្តម ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា៖ «គោលដៅនៃកិច្ចសហប្រតិបត្តិការត្រីភាគី គឺយើងធ្វើការជាមួយគ្នា រកស៊ីជាមួយគ្នា តែយើងមិនបំពានគ្នា»។ ហើយ អ្នកទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការនេះ គឺប្រជាជននៅមូលដ្ឋានផ្ទាល់ ដោយពួកគាត់មានផ្លូវ មានទីផ្សារកសិផល។

ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ានិត ចង់គូសរំលេចឱ្យឃើញថា គោលដៅរបស់ក្រុមក្រៅប្រទេសនេះ គឺចង់ផ្តួលរំលំរាជរដ្ឋាភិបាលតែម្ដង ដោយប្រើប្រាស់បញ្ហានេះ ជាឈ្នាន់កៀរគរប្រជាពលរដ្ឋ រៀបចំចលនាបដិវត្តន៍ពណ៌ ធ្វើបាតុកម្ម និងបង្កើតចលាចល ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ផ្ទុយពីរដ្ឋាភិបាល ដែលតែងខិតខំព្យាយាមរក្សាការពារសុខសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ធានាស្ថិរភាពនយោបាយ សន្តិសុខសង្គមនិងជំហរនយោបាយការទូតក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ទាំងក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម លើកឡើងថា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាប់ព្រំដែន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺជាគោលនយោបាយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅព្រំដែន ព្រោះប្រជាជន គឺជារបងការពារព្រំដែនដ៏រឹងមាំ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបន្តបោះបង្គោលព្រំដែន ហើយក៏កំពុងជំរុញឱ្យបានលឿន ដើម្បីឆាប់បញ្ចប់បញ្ហាព្រំដែន ទាំងព្រំដែនជាមួយឡាវ វៀតណាម និងថៃ។

ក្នុងនាមជាថ្នាក់ដឹកនាំកងទ័ពមួយរូប ឯកឧត្តមឧត្តមសេនីយ៍ បានអំពាវនាវឱ្យកងទ័ពចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈការបន្តចូលរួមជាមួយរាជរដ្ឋាភិបាល រួមរស់ជាមួយប្រជាជន ប្តេជ្ញាការពារទឹកដី ការពារព្រំដែននៅទូទាំងប្រទេស មិនឱ្យបាត់បង់ឡើយ។

ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានិត ខាងលើ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តបារាយណ៍ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម