ព័ត៌មានជាតិ
តើការក្លែងខ្លួនជាសែស្រឡាយរាជវង្ស ចាត់ទុកជាការប្រមាថដល់ព្រះមហាក្សត្រដែរ ឬទេ?
កាលពីពេលថ្មីៗនេះ មានម្ចាស់គណនីតិកតុក (Tik Tok) មួយ បានអះអាងខ្លួនជាអនុជរបស់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ដែលមានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស។ ជុំវិញករណីនេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនីតិកតុកនេះ ដែលបានបង្ហោះ ចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។

ក្រសួងព្រះបរមរាជវាំង អះអាងថា បុគ្គលនេះ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ដោយព្រះបរមរាជវាំងឡើយ។ ដូច្នេះ តើការក្លែងបន្លំខ្លួនជាអនុជរបស់ព្រះមហាក្សត្រ ចាត់ទុកជាទង្វើដែលធ្វើឱ្យប៉ះពាល់ និងជាការប្រមាថដល់អង្គព្រះមហាក្សត្រដែរ ឬទេ?
តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែ ទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាប្រមុខរដ្ឋមួយជីវិត។ មាត្រា៧នេះ ថែមទាំងកំណត់ថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ចំណែក មាត្រា៤១ នៃច្បាប់នេះបានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ប៉ុន្តែ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

ដោយឡែក ច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបានធ្វើវិសោធនកម្មដោយបន្ថែមមាត្រា៤៣៧ (ស្ទួន)វិញ បានកំណត់ថា ចំពោះការប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាវាចា កាយវិការ សំណេរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ទៅ ១០លានរៀល។ ចំពោះ នីតិបុគ្គល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ព្រមទាំងទោសបន្ថែមផ្សេងទៀត ក្នុងករណីរកឃើញមានជាប់ពាក់ព័ន្ធពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។
យ៉ាងណាក៏ដោយ ចំពោះករណីខាងលើនេះ នៅមិនទាន់មានចំណាត់ការណាមួយនៅឡើយទេ ប៉ុន្តែ ក្រសួងព្រះបរមរាជវាំង បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុតតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន៕

អត្ថបទ៖ គេន ម៉ាលិះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


