ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមានដកមន្រ្តីអសកម្ម មិនបំពេញតួនាទីបង្រ្កាបបទល្មើសបរិស្ថាន
ក្នុងជួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែសីហា នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានដកតួនាទី និងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា មន្រ្តីបរិស្ថានត្រូវរួមគ្នាការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន ១៧ លាននាក់។ កាលណាមានការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន វាក៏បំផ្លាញមុខមាត់ក្រសួងបរិស្ថាន និងមុខមាត់របស់កម្ពុជាទាំងមូលដែរ។
លោកសង្កត់ធ្ងន់ថា «ខ្ញុំសូមក្រើនរំលឹកជាថ្មី ចំពោះមន្ត្រីរាជការមួយចំនួន ដែលមិនគោរពកាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការសាធារណៈ ហើយបើនៅតែបន្តភាពអសកម្ម ក្នុងការចាត់វិធានការច្បាប់ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ជាពិសេសការបំពុលបរិស្ថានទឹកធ្ងន់ធ្ងរ ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺអាចបញ្ឈប់ និងស្នើលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃមន្ត្រីរាជការរបស់ក្រសួង»។

ក្រសួងបរិស្ថានបានដាក់ចេញឲ្យអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើសរសស្តម្ភចំនួន ៣ គឺ ភាពស្អាត បៃតង និងចីរភាព។
លោក រដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា សុខភាពបរិស្ថាន មាន៣ គឺ ទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជា មិនមានជាតិពុលទេ តាមរយៈការវាស់វែង ជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។

ទី២ បរិស្ថានលើដី យើងបានបើកយុទ្ធនាការផ្សព្វផ្សាយ ប្តេជ្ញាចិត្ត និងអនុវត្តដោះស្រាយផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក មានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមកាត់បន្ថយ ប្រមាណជាង ៩លាន ៥សែននាក់។
ទី៣ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គុណភាពទឹកកខ្វក់របស់រោងចក្រសហគ្រាស ធ្វើយ៉ាងណាធានាប្រភពទឹកមានបរិស្ថានល្អ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កន្លងមកនេះ ក៏មានការណែនាំឱ្យមន្ត្រីក្រសួងបរិស្ថាន ពិសេសនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ចូលប្រភពទឹក នៅខេត្តបាត់ដំបង និងនៅខេត្តព្រះសីហនុ តែមន្ត្រីទាំងនោះហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។
លោករដ្ឋមន្រ្តីព្រមានថា បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងនិងបញ្ឈប់ពីក្របខ័ណ្ឌមន្រ្តីរាជការហើយ។

ជាមួយគ្នានេះដែរ លោក អ៊ាង សុផល្លែត ជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិកហោះតាមផ្លូវទៀតទេ តាមរយៈយុទ្ធនាការបន្ទាប់គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


