ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាប្រុងពលីបើកការដ្ឋានកំណាយប្រាសាទវាលផ្ទី
ខេត្តសៀមរាប៖ ពិធីប្រុងពលីកំណាយប្រាសាទវាលផ្ទីនៅចំកណ្ដាល បារាយណ៍ប្រាសាទបេងមាលា ត្រូវបានប្រារព្ធឡើង ក្រោមវត្តមានឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ តំណាងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ និងជាប្រធានកិត្តិយស សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃខេត្តបន្ទាយមានជ័យ រួមទាំងសហការីអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋានចូលរួម នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

ពិធីប្រុងពលីនេះធ្វើឡើងដើម្បីបួងសួងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័កិ្តសិទ្ធិដែលនៅថែរក្សាប្រាសាទនេះ ឱ្យក្រុមការងារកំណាយ និងជួសជុលប្រាសាទបានប្រកបដោយសុខសុវត្ថិភាពនិងជោគជ័យ។
លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ប្រាសាទនេះជាសំណង់មានគ្រឹះថ្មបាយក្រៀមរាងការ៉េ និងមានសំណល់ដុំថ្មភក់មានរូបប្រហែលជា ព្រះពុទ្ធប្រក់នាគ ឬក៏ព្រះវិស្ណុផ្ទុំលើនាគ អាចសាងសង់ឡើងគោរពដល់ព្រហ្មមញ្ញសាសនាក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ឬជាព្រះពុទ្ធសាសនាក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ តែយើងពុំទាន់ដឹងថា វាជារូបអ្វីពិត ប្រាកដទេ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវនេះដើម្បីរក និងផ្គុំដុំថ្មទាំងអស់នេះ ដើម្បីដឹងថាជារូបអ្វីពិតប្រាកដ។

លោក គឹម សុធិន បានសំណូមពរឱ្យប្រជាពលរដ្ឋជួយការពារប្រាសាទបុរាណ និងសុំអង្វរប្រជាពលរដ្ឋមេត្តាកុំកាប់ព្រៃក្នុងបរិវេណប្រាសាទដែលនាំឱ្យប្រាសាទងាយរលំបាក់បែកខូចខាត។
លោក ម៉ៅ ស៊ី តំណាងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មានប្រសាសន៍ថា ជានិច្ចកាលលោកជំទាវតែងតែចូលចិត្តការថែរក្សាមរតកដូនតាជាពិសេសប្រាសាទបុរាណ។ លោក ម៉ៅ ស៊ី បន្តថា កន្លងមកលោកជំទាវ បានចំណាយថវិការាប់លានដុល្លារក្នុងការជួសជុលប្រាសាទបន្ទាយឆ្មារ និងរចនាសម្ពន្ធនានារបស់ប្រាសាទនេះ ហើយជួយជួសជុលប្រាសាទបន្ទាយទ័ព និងកំពុង បន្តជួសជុលព្រះពន្លាជ័យ ឬហៅថា បារាយណ៍មេបុណ្យ។

ក្រុមការងារបើកការដ្ឋាន កំណាយ និងជួសជុល ប្រាសាទវាលផ្ទី ដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ការធ្វើកំណាយពេលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលប្រាសាទវាលផ្ទីនេះឡើងវិញ៕
អត្ថបទ៖ គឿនវេត


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


