ព័ត៌មានជាតិ
គណៈកម្មការ សម្រេចដាក់សំណើស្នើបន្ធូរបន្ថយទោសទណ្ឌិត១៩០នាក់ ក្នុងថ្ងៃ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក
ជាជំហានដំបូង អង្គប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស តាមមណ្ឌលអប់រំកែប្រែចំនួន៤ បានសម្រេចដាក់សំណើស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតសរុបចំនួន១៩០នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងព្រះរាជពិធិបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៦ ខែសីហា។

សេចក្ដីប្រកាសព័ត៌មាន សរសេរដូច្នេះ៖«ជាលទ្ធផលបឋម អង្គប្រជុំបានសម្រេចដាក់សំណើស្នើសុំបន្ធូរបន្ថយទោស ដល់ទណ្ឌិតសរុបចំនួន១៩០នាក់ ស្រី២៨នាក់»។
កិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសលើទណ្ឌិតមកពីមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ ( ៩វិច្ឆិកា ) និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាលថ្ងៃទី២៦ ខែសីហា រៀបចំឡើងដោយមានការចូលរួមពីសំណាក់លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយករង ប្រធាននាយកដ្ឋាន តំណាងក្រុមប្រឹក្សានីតិកម្ម លោកអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

កាលពីខែមករា ឆ្នាំ២០២១ ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស។ ក្នុងព្រះរាជក្រឹត្យបានកំណត់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវធ្វើឡើងចំនួន៥ដង ក្នុងមួយឆ្នាំ អំឡុងពេលពិធីបុណ្យ ព្រឹត្តិការណ៍ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក។ ការបន្ធូរបន្ថយទោស ក៏អាចធ្វើឡើងនៅក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។
តាមព្រះរាជក្រឹត្យ ទណ្ឌិតដែលអាចនឹងត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនដូចជា៖ទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការនៃកម្ពុជា ឬត្រូវបានបញ្ជូនមកអនុវត្ដទោសនៅកម្ពុជា។ ទណ្ឌិតទាំងនោះ បានភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់នៅក្នុងសង្គមវិញ។ ជាទណ្ឌិត ដែលបានគោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត។ ជាទណ្ឌិតបានចូលរួមអនុវត្ដយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម និងជាទណ្ឌិតគោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមសេចក្ដីណែនាំផ្សេងទៀតរបស់ពន្ធនាគារ។

ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្ដផងដែរ ក្នុងហេតុផលមនុស្សធម៌ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ជាស្រ្ដីមានគភ៌ ឬមានជំងឺរ៉ាំរៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។ ប្រធានពន្ធនាគារ ត្រូវធ្វើការបញ្ជាក់អំពីការបំពេញលក្ខខណ្ឌតាមស្ថានភាពនីមួយៗរបស់ទណ្ឌិតដូចមានចែងក្នុងកថាខណ្ឌខាងលើ ដើម្បីរៀបចំបញ្ជីឈ្មោះទណ្ឌិតដែលត្រូវស្នើសុំទៅគណៈកម្មការរាជធានី ខេត្ដ និងគណៈកម្មការក្រសួងមហាផ្ទៃ។
ក៏ប៉ុន្ដែ ទោះបីជាទណ្ឌិតដែលបានបំពេញលក្ខខណ្ឌខាងលើក៏ដោយ ដើម្បីអាចទទួលការបន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោស ១/៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ (ដប់) ឆ្នាំជាមុនសិន។ ដើម្បីអាចលើកលែងទោសបានលុះត្រាតែទណ្ឌិតបានទទួលរងទោសដាក់ពន្ធនាគារ ចំនួន ២/៣ (ពីរភាគបី) នៃទោស ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត អាចទទួលបានការលើកលែង បើសិនជាទណ្ឌិតនោះ អនុវត្តទោសយ៉ាងតិច ៣០ (សាមសិប) ឆ្នាំ ឬ២០ (ម្ភៃ) ឆ្នាំ ក្នុងទោសករណីដែលមានការបន្ធូរបន្ថយទោស។

ជានិតីវិធី ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសលើទណ្ឌិត ជំហានដំបូងប្រធានពន្ធនាគារត្រូវរៀបចំបញ្ជីឈ្មោះទណ្ឌិតដែលមានលក្ខណសម្បត្តិអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួម និងសំណុំឯកសារពាក់ព័ន្ធបញ្ជូនមកគណៈកម្មការរាជធានីខេត្ត និងគណៈកម្មការក្រសួងមហាផ្ទៃ។ បន្ទាប់មក គណៈកម្មការរាជធានីខេត្ត និងគណៈកម្មការក្រសួងមហាផ្ទៃ ត្រូវពិនិត្យ និងវាយតម្លៃអំពីលក្ខណសម្បត្តិរបស់ទណ្ឌិតម្នាក់ៗដែលបានបំពេញគ្រប់លក្ខខណ្ឌអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស និងត្រូវរៀបចំបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួម និងសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសយ៉ាងយឺតបំផុត៣០ថ្ងៃ មុនថ្ងៃកំណត់នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


