Connect with us

ព័ត៌មានជាតិ

អ្នកជំនាញមើលឃើញថា ឥទ្ធិពលសង្គម ការធ្លាក់ចុះសីលធម៌ ជាកត្តាចម្បងជំរុញឱ្យមានអំពើផិតក្បត់គ្នាក្នុងសង្គមខ្មែរ

បានផុស

នៅ

អ្នកជំនាញផ្នែកកិច្ចការសង្គម និងសីលធម៌ បានមើលឃើញស្រដៀងគ្នាថា បច្ចុប្បន្ន មនុស្សក្នុងសង្គមខ្មែរមានការផិតក្បត់ចិត្តគ្នា គឺបណ្តាលមកពីកត្តាគួបផ្សំច្រើនយ៉ាង ដូចជា ឥទ្ធិពលសង្គម សីលធម៌ សេដ្ឋកិច្ច និងការអប់រំជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា អំពើផិតក្បត់គ្នានេះ គឺកើតចេញពីកត្តាសំខាន់ៗចំនួន៥ គឺការប្រែប្រួលរបស់សង្គម សេដ្ឋកិច្ច ការអប់រំ ច្បាប់ និងគ្រឿងស្រវឹង គ្រឿងញៀន ឬបណ្តាញសង្គមជាដើម។ ចំពោះបញ្ហាសង្គមវិញ លោកបណ្ឌិតថា កាលពីសម័យមុនក៏មានការផិតក្បត់គ្នាដែរ គ្រាន់តែមិនច្រើនដូចពេលបច្ចុប្បន្នដែលសង្គមប្រែប្រួលច្រើន មនុស្សងាយនឹងស្និតស្នាលគ្នា ហើយក៏ទទួលរងឥទ្ធិពលបរទេសច្រើនដូចគ្នា។ ចំណែក ការផិតក្បត់ដែលចេញពីកត្តាសេដ្ឋកិច្ចវិញ អាចនិយាយបានថា បុគ្គលនោះ ត្រូវបានអូសទាញដោយសម្ភារៈនិយម និងលុយជាដើម។

បណ្ឌិត ឈត ប៊ុនថង

ម្យ៉ាងវិញទៀត បើនិយាយពីសម័យពីមុន ស្ត្រីភាគច្រើនក្នុងសង្គមខ្មែរជាស្ត្រីមេផ្ទះ រស់នៅដោយពឹងលើប្រាក់របស់ស្វាមី ខុសពីសម័យបច្ចុប្បន្ន ដែលស្រ្តីប្រឡូកក្នុងវិស័យការងារបានច្រើនមិនខុសពីបុរសឡើយ ធ្វើឱ្យខ្លួនឯករាជ្យ មានសិទ្ធិជ្រើសរើសដៃគូផ្សេងដោយខ្លួនឯង។ ចំពោះការអប់រំវិញ លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា សព្វថ្ងៃនេះ មិនថាបុរស និងស្ត្រីទេ គឺទទួលបានការអប់រំខ្ពស់ និងទទួលបានព័ត៌មានច្រើនជាងមុន។ ដូចនេះ បុរស និងស្ត្រី មិនអាចរំលោភសិទ្ធិភាគីណាម្នាក់បានឡើយ ពួកគេមិននៅស្ងៀមឱ្យអ្នកម្ខាងទៀតធ្វើបាបទេ គឺពួកគេមានសិទ្ធិក្នុងការរើបម្រះ ឬលែងលះ។ បើការអនុវត្តច្បាប់ចំពោះការផិតក្បត់វិញ លោកបណ្ឌិតឃើញថា នៅមានកម្រិត ​ព្រោះទាល់តែភាគីខាងស្រី ឬខាងប្រុស ជាអ្នកប្តឹងទើបតុលាការអនុវត្តតាមផ្លូវច្បាប់ ប៉ុន្តែ បើមិនមានភាគីណាមួយប្តឹងទេ អំពើផិតក្បត់នេះ ក៏រួចខ្លួនតាមនោះ។

កត្តាគ្រឿងស្រវឹង គ្រឿងញៀន និងបណ្តាញសង្គម ក៏ងាយឱ្យមនុស្សផិតក្បត់គ្នាដែរ ព្រោះនៅពេលស្រវឹង ឬញៀនធ្វើឱ្យមនុស្សបាត់បង់មនសិការបស់ខ្លួន ខណៈបណ្តាញសង្គមវិញ ធ្វើឱ្យមានភាពងាយស្រួលខ្លាំងក្នុងការទាក់ទងគ្នា ដូច្នេះ ការផិតក្បត់ក៏ងាយទៅតាមនោះដែរ។ នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង។ តែទោះយ៉ាងណា លោកបណ្ឌិត បានបញ្ជាក់ថា បុគ្គលដែលមានរឿងទាំងនោះ មិនគួរយកបញ្ហារបស់ខ្លួនទៅបង្ហោះលើសង្គមហ្វេសប៊ុកបែបនេះទេ គួរតែទុកកិត្តិយសដល់ខ្លួនឯង និងកូន។ ប្រសិនជាសម្រេចចិត្តថា មិនអាចបន្តជាមួយគ្នាបានទៀតទេ គួរណាតែរកវិធីសាស្ត្រណាមួយដែលត្រឹមត្រូវមកបញ្ចប់បញ្ហាទើបជាការប្រសើរ។

រីឯ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្រដៀងនឹងលោកបណ្ឌិត ឈត ប៊ុនថង ដែរ គឺមានកត្តាច្រើនដែលនាំឱ្យក្បត់ចិត្តគ្នា ដូចជាបញ្ហាក្នុងគ្រួសារ ការមិនយល់ចិត្តគ្នារវាងប្តីប្រពន្ធ។ បញ្ហានេះ ប្រសិនក្នុងគ្រួសារមានបញ្ហាសេដ្ឋកិច្ច ឬប្តីប្រពន្ធមិនអាចបំពេញតម្រូវការរបស់ខ្លួនបាន នោះពួកគេនឹងស្វែងរកដៃគូផ្សេងទៀតដែលអាចបំពេញតាមតម្រូវការរបស់គេបាន។

មូលហេតុទី២ ការខ្វះភាពស្និតស្នាលរាងកាយ ឬប្តីប្រពន្ធនោះ មិនអាចបំពេញតម្រូវការផ្លូវភេទបាន ទើបពួកគេស្វែងរកដៃគូផ្សេងដែលអាចបំពេញផ្លូវភេទឱ្យខ្លួន។ ទី៣ ឥទ្ធិពលវប្បធម៌ និងបរិយាកាសសង្គម ព្រោះបច្ចុប្បន្ន សង្គមមានការផ្លាស់ប្តូរច្រើន ក៏មានវិធីសាស្ត្រផ្សេងៗដែលធ្វើឱ្យមនុស្សងាយស្រួលជួបគ្នា មានឱកាសកាន់តែច្រើនណាត់ជួបជាមួយអ្នកដទៃ។ ទី៤ ឥទ្ធិពលបច្ចេកវិទ្យា ជាពិសេស ប្រព័ន្ធបណ្តាញសង្គមតែងបង្ហាញពីភាពមិនស្មោះត្រង់ និងអវិជ្ជមានក្នុងសង្គមច្រើន រួមជាមួយកត្តាជាច្រើនពាក់ព័ន្ធការពិចារណាតម្លៃសង្គម កង្វះអ្នកជំនាញជួយដោះស្រាយបញ្ហាជាដើម។

បណ្ឌិត ជា វណ្ណី

ជុំវិញបញ្ហាដែលអ្នកលេងបណ្តាញសង្គមយកបញ្ហារបស់ខ្លួន ផ្ទៃក្នុងគ្រួសារ ជាពិសេស អំពើផិតក្បត់ទៅលាតត្រដាងលើហ្វេសប៊ុកនេះ បណ្ឌិត ជា វណ្ណី ក៏ថាមិនល្អដូចគ្នា ព្រោះទង្វើនេះធ្វើឱ្យប៉ះពាល់ច្រើនដល់កេរ្តិ៍ឈ្មោះសាមីខ្លួន បងប្អូន ជាពិសេសកូនតែម្តង។ លើសពីនេះ ការបង្ហោះលើបណ្តាញសង្គមមិនជួយឱ្យបញ្ហាត្រូវបានដោះស្រាយទេ ផ្ទុយទៅវិញ ធ្វើឱ្យមានការវែកញែកច្រើនទាំងមិនដឹងមូលហេតុច្បាស់លាស់នោះ។ ដើម្បីដោះស្រាយបញ្ហានេះបាន គួរមានការប្រាស្រ័យបើកចំហ ជួបគ្នាផ្ទាល់ដោះស្រាយ ឬស្វែងរកអ្នកជំនាញជួយដោះស្រាយលើបញ្ហានេះដោយសន្តិវិធី។ ការយោគយល់ និងអត់ឱនឱ្យគ្នា ក៏ជាវិធីសាស្ត្រល្អមួយក្នុងការបញ្ចប់បញ្ហា ចៀសវាងការបង្ហោះលើបណ្តាញសង្គមតទៅទៀត។

តើគួរធ្វើបែបណាដើម្បីឱ្យអំពើផិតក្បត់នេះមានការថមថយក្នុងសង្គមខ្មែរ? បណ្ឌិត ជា វណ្ណី បានលើកឡើងពីការអប់រំក្នុងគ្រួសារ ដើម្បីឱ្យគ្រួសារទូន្មានប្រដៅកូនចៅពីសារៈសំខាន់ក្នុងការស្មោះត្រង់ក្នុងទំនាក់ទំនង ជាពិសេស ជីវិតប្តីប្រពន្ធ។ ការអប់រំក្នុងសាលា និងស្ថាប័ននានា ក៏សំខាន់ក្នុងបញ្ហានេះ។ ក្រៅពីនេះ រដ្ឋអាចពង្រឹងប្រព័ន្ធច្បាប់ឱ្យកាន់តែខ្លាំងក្លា និងកំណត់វិធានការស្នើសុំគូស្វាមីភរិយាឱ្យមានភាពស្មោះត្រង់រវាងគ្នា លើសពីនេះ គួរមានប្រព័ន្ធប្រឹក្សាយោបល់ជាលក្ខណៈគ្រួសារផងដែរ។ មួយទៀត ការស្វែងរកដំណោះស្រាយពីអ្នកជំនាញ និងមិត្តភក្តិ ក៏អាចឱ្យប្តីប្រពន្ធយល់ដឹងបានច្រើនពីបញ្ហានេះដូចគ្នា។ ចំណែក ប្តីប្រពន្ធវិញ ក៏ត្រូវបង្កើនក្តីស្រឡាញ់ក្នុងគ្រួសារឱ្យបានច្រើន ចំណាយពេលវេលា និងផ្តល់ភាពកក់ក្តៅដល់គ្រួសារឱ្យតាមអ្វីដែលអាចធ្វើបានទើបជាការល្អ អាចកាត់បន្ថយករណីផិតក្បត់ក្នុងសង្គមបានខ្លះដែរ។

ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង វិញយល់ថា ដើម្បីឱ្យអំពើផិតក្បត់គ្នានេះថមថយ គឺមានតែច្បាប់ និងសីលធម៌។ មនុស្សត្រូវគោរពសីលធម៌ ការស្មោះត្រង់ យោគយល់ និងទទួលខុសត្រូវជាមួយគ្នា។ លោកបណ្ឌិតថា ​គ្មានគ្រួសារណាមួយមិនមានទំនាស់ឡើយ សំខាន់ត្រូវចេះដោះស្រាយដោយសីលធម៌។ មួយទៀត បើមនុស្សមិនទទួលឥទ្ធិពលពីបណ្តាញសង្គមច្រើនពេក សម្ភារៈនិយម និងគ្រឿងញៀនគ្រឿងស្រវឹងទេ លោកគិតថា អំពើផិតក្បត់នឹងថមថយជាងនេះ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម