ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី និងទូតអូស្រ្តាលី ចង់ពង្រីកកិច្ចសហការទ្វេភាគីលើវិស័យមុខងារសាធារណៈ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញឆន្ទៈពង្រីកកិច្ចសហការទ្វេភាគីរបស់ប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី លើវិស័យមុខងារសាធារណៈ ជាអាទិ៍ ការបង្កើនការគាំទ្រ និងជំរុញការងារអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការកម្ពុជា។

ការលើកឡើងរបស់ភាគីទាំងពីរ បានធ្វើឡើងក្នុងជំនួបកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ជំនួបនេះ បានផ្តោតលើកិច្ចសហប្រតិបត្តិការនានាផ្តើមចេញពីការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការវ័យក្មេងកម្ពុជា ការជំរុញលើវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអបអរសាទរលោក ដេរិក យីប (Derek Yip) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ខណៈលោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវឆន្ទៈក្នុងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា បានកត់សម្គាល់ដោយក្ដីពេញចិត្តលើទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ដែលបានបន្តពង្រឹង និងពង្រីកទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការជឿជាក់ថា អូស្ត្រាលី នឹងបន្តជាដៃគូកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ប្រាប់លោកឯកអគ្គរដ្ឋអំពីនយោបាយការបរទេសរបស់កម្ពុជា ដែលមានភាពច្បាស់លាស់ ហើយជានយោបាយការបរទេសដែលបន្តនិរន្តភាព និងមានសង្គតិភាព។

ជាការឆ្លើយតបនឹងលោករដ្ឋទូតក្នុងការស្វែងយល់បន្ថែមលើកិច្ចការងារកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចការអាទិភាព ពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ភាគីទាំងពីរ បានពិភាក្សាលើកិច្ចការពង្រីកកិច្ចសហការក្នុងវិស័យមុខងារសាធារណៈកម្ពុជា និងសិក្សាពីលទ្ធភាពក្នុងការបង្កើនឱកាសបន្ថែមដើម្បីគាំទ្រ និងជំរុញការងារអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការកម្ពុជាបន្ថែមលើយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌកិច្ចប្រជុំប្រមុខមុខងារសាធារណៈសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានពីបញ្ហាពាក់ព័ន្ធមុខងារសាធារណៈ ជាដើម៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


