ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកកោះសូទិន ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀសមកទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំពង្រ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមរបាយការណ៍របស់លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ឲ្យដឹងថា នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម និងប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពច្រាំងទន្លេ ដែលទទួលរងបាក់ស្រុត នៅចំណុច ផ្សារជីហែ ស្ថិតនៅក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលបានបាក់ស្រុត មានប្រវែងបណ្ដោយ ៦៣ម និងទទឹង ២ម ។ បច្ចុប្បន្ន ច្រាំងទន្លេដែលទទួលរងបាក់ស្រុតនៅលើទីតាំងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន បានដាក់បាវខ្សាច់ទប់ការពារដើម្បីមិនឲ្យបាក់ស្រុតបន្តទៀតរួចរាល់ហើយ។ ដោយឡែក ក្នុងបេសកកម្មបន្តទៀត លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តំពង់ចាម និងជាប្រធានគណៈម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ បន្តដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលបានជន់លិចផ្លូវលេខ ៧០បេ នៅត្រង់ចំណុចព្រំប្រទល់ឃុំពាមប្រធ្នោះ និងឃុំកំពង់រាប នៃស្រុកកោះសូទិន។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្ដែតបណ្ដោយឲ្យកូនៗ ឬក្មេងតូចៗលែងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់ឡើយ។ ក្រៅពីនោះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវបន្តតាមដានសភាពការណ៍ និងស្ថានភាពទឹកជាប្រចាំដើម្បីបន្តជួយអន្តរាគមន៍ទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី និងលោកអភិបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្ភ សម្ភារៈមួយចំនួន ដល់គ្រួសារពលរដ្ឋ ដែលបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ០២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូ ទឹកស៊ីវអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ មី ១កេសតូច និងសម្ភារៈប្រើប្រាស់ផ្សេងៗ សរុបថវិកាចំនួន ៤៧០.០០០រៀល ។

បើតាមរបាយការណ៍របស់លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានឡើងកម្ពស់ ១៤,៣០ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកបានឡើង ០,២០ម៉ែត្រ បើធៀបទៅនឹងឆ្នាំកន្លងទៅ ទឹកមានកម្ពស់ត្រឹមតែ ១២,១៦ម៉ែត្រ ប៉ុណ្ណោះ ខណៈពេលដែលកម្រិតកម្ពស់ទឹក ត្រូវប្រកាសអាសន្ន មានកម្ពស់ ១៥,២០ម៉ែត្រ។ មកដល់ពេលនេះ ព្រែក បឹងបួរ ចំនួន ៣៧ លើ ៤១ព្រែក ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម មានទឹកហូរចូលរួចរាល់ហើយ។

ដោយឡែករបាយការណ៍គ្រោះមហន្តរាយខេត្ត ឲ្យដឹងដែរថា គិតមកដល់ពេលនេះ ទឹកជំនន់បានធ្វើឲ្យផលប៉ះពាល់ បាក់ច្រាំងទន្លេប្រវែង ៧.៥០៣ម៉ែត្រ ។ លិចហេដ្ឋារចនាសម្ព័ន្ធ ផ្លូវប្រវែង ២២.០៨៨ម៉ែត្រ ក្នុងនោះផ្លូវដី ប្រវែង ១៣.៣០៩ម៉ែត្រ បេតុង ប្រវែង ៨.៥១៩ម៉ែត្រ និងផ្លូវកៅស៊ូ ២៦០ម៉ែត្រ ស្ពាន ២កន្លែង សាលារៀន ១៣កន្លែង វត្តអារាម ៧កន្លែង ផ្ទះ ១.៩៩៧ខ្នងផ្ទះ ។ ប៉ះពាល់ផលដំណាំស្រូវ សរុបចំនួន ១.២៨០,៨៣ហត ពោត ចំនួន ១៨២,៧៥ហត និងដំណាំផ្សេងៗ សរុបចំនួន ២៣៥,៣ហ.ត និងមានមនុស្ស ១នាក់ បានលង់ទឹកស្លាប់ ផងដែរ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


