ព័ត៌មានជាតិ
ក្នុងមួយឆ្នាំ តើមានប្រជាពលរដ្ឋប៉ុន្មាននាក់បាត់ និងខូចអត្តសញ្ញាណបណ្ណ?
ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលពេលខ្លះកើតចេញពីការធ្វេសប្រហែស ឬទុកដាក់មិនបានត្រឹមត្រូវ និងខ្លះទៀតបានធ្វើឱ្យខូចអត្តសញ្ញាណបណ្ណតែម្ដង ក្រោមរូបភាពយកទៅកេះ គាស់ ឬឆ្កឹះរបស់រឹង ដែលបណ្ដាលឱ្យបាក់ ឬខ្លះទុកឱ្យត្រូវថ្ងៃខ្លាំង ឬទទឹកភ្លៀង ខណៈខ្លះទៀតថែមទាំងយកអត្តសញ្ញាណបណ្ណនោះទៅធ្វើជាវត្ថុបញ្ចាំខុសពីគោលការណ៍ច្បាប់។ នេះបើតាមការសង្កេតរបស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ ព្រោះតែរឿងហេតុដូចបានបញ្ជាក់ខាងដើមនេះហើយ ទើបបានជាក្នុងមួយឆ្នាំៗ មន្រ្តីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណឡើងវិញ ហៅថា ទុតិយតា ឬធ្វើលើកទី២ ពីប្រជាពលរដ្ឋជាច្រើននាក់។ ជាក់ស្ដែង របាយការណ៍ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថាក្នុងមួយឆ្នាំៗ គ្រាន់តែអ្នកបាត់បង់ ខូចខាត ឬស្នើកែតម្រូវ មានប្រមាណពី១៥ ទៅ១៨ម៉ឺនសន្លឹក ឬនាក់។
ក្រៅពីហេតុផលខាងលើ លោក ទូច សុឃៈ ក៏បានចោទសួរបែបពញ្ញាក់ស្មារតីថា«តើព្រោះតែសេវាធ្វើអត្តសញ្ញាណបណ្ណថ្មី ឬសេវាស្នើសុំឡើងវិញនេះ រដ្ឋមិនបានយកកម្រៃ ឬយ៉ាងណា?»។ អ្នកនាំពាក្យរងរូបនេះ បានបន្ថែមថា ព្រោះតែប្រជាពលរដ្ឋខ្វះការទទួលខុសត្រូវបែបនេះ បានធ្វើឱ្យរដ្ឋាភិបាលចំណាយថវិកាច្រើនក្នុងការបោះពុម្ព ខណៈមន្ត្រីអត្តសញ្ញាណកម្ម និងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវចំណាយពេលវេលាច្រើនសម្រាប់ផ្តល់សេវាដែលមានភាពមមាញឹកខ្លាំងមួយនេះដែរ។

ការលើកឡើងរបស់អ្នកនាំពាក្យខាងលើ គឺបន្ទាប់ពីមើលឃើញថា ថ្មីៗនេះ មានបុរសម្នាក់ ទំនងជាតន្ត្រីករ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ សែម សីហា ភេទប្រុស ទីកន្លែងកំណើត នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ មកធ្វើជាឧបករណ៍ដេញហ្គីតា ឬសូឡូក៏មិនដឹង ខណៈអត្តសញ្ញាណបណ្ណនោះ នៅមានសុពលភាពដល់ឆ្នាំ២០៣១។ ទង្វើនេះ បានទទួលការរិះគន់យ៉ាងព្រោងព្រាតពីអ្នកប្រើប្រាស់បណ្ដាញសង្គម និងអំពាវនាវសមត្ថកិច្ចចាត់វិធានការលើបុគ្គលនោះ ដើម្បីកុំឱ្យមានអ្នកយកតម្រាប់តាម និងក៏ដើម្បីជំរុញចលនា «ស្រលាញ់អត្តសញ្ញាណបណ្ណ»។
អត្តសញ្ញាណបណ្ណ គឺជាបណ្ណសម្គាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ដែលក្នុងនោះបានកំណត់បង្ហាញនូវឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាសយដ្ឋាន ក៏ដូចជាភិនភាគបុគ្គលផងដែរ។ ពលរដ្ឋទាំងពីរភេទ មានអាយុចាប់ពី១៥ឆ្នាំឡើងទៅមានសិទ្ធិធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយគ្រាន់តែផ្តល់ដំណឹងទៅអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីដំណើរការនីតីវិធី៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


