ព័ត៌មានជាតិ
បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៩ លើកឡើងថា ការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាព ដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥
ភ្នំពេញ ៖ បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិឆ្នាំនេះ គឺជាឱកាសដើម្បីបញ្ចេញសមត្ថភាពជំនាញបច្ចេកទេសរបស់ខ្លួនក្នុងការប្រជែងយកជ័យលាភី ក្នុងចំណោមបេក្ខជនជាង៩០នាក់ ដើម្បីឆ្ពោះទៅការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដើម្បីមុខមាត់ប្រទេសជាតិ។
យុវតី ណាន សុខហេង ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ គឺមានសារសំខាន់ណាស់សម្រាប់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីព្រោះក្រៅតែពីសិក្សាជំនាញបច្ចេកទេសនៅក្នុងថ្នាក់ និងការអនុវត្តផ្ទាល់នៅក្នុងសាលា គឺមានតែកម្មវិធីប្រកួតប្រជែងនេះទេដែលអាចឱ្យយុវជនបានបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ដើម្បីដណ្តើមជ័យលាភីជាមួយបណ្តាបេក្ខជនមកពីគ្រឹះស្ថានផ្សេងៗទៀតនៅទូទាំងប្រទេស។

យុវតីរូបនេះបន្ថែមថា ខ្លួនសម្រេចចិត្តចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិនៅឆ្នាំនេះ គឺចង់ពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងលើជំនាញដែលខ្លួនកំពុងសិក្សា។ យុវតីរូបនេះសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤នេះ ជាពិសេសសង្ឃឹមយ៉ាងមុតមាំថានឹងត្រូវបានជ្រើសរើសទៅប្រកួតប្រជែងថ្នាក់អាស៊ាននៅប្រទេសហ្វីលីពីនឆ្នាំ២០២៥ ខាងមុខ ដើម្បីមុខមាត់ប្រទេសជាតិ សាលារៀន គ្រួសារ និងក្រុមខ្លួនផ្ទាល់។
ដោយឡែក យុវជន អុល សុភារម្យ ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ Automation មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងនេះ គឺជាកន្លែងក្នុងក្តីស្រមៃរបស់យុវជនដែលកំពុងសិក្សាជំនាញ ដើម្បីបញ្ចេញសមត្ថភាព ហើយធ្វើការប្រកួតប្រជែងជាមួយបណ្តាបេក្ខជនមកពីបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលជាច្រើនទៀត ដូច្នេះការប្រកួតប្រជែងនេះពិសេសខ្លាំងណាស់ ប្រសិនបើយើងធ្វើបានលទ្ធផលល្អ ក្នុងចំណោមបេក្ខជនជាច្រើននៅពេលនេះ។

យុវជនរូបនេះ សម្រេចជ្រើសរើសជំនាញ Automation ក្នុងការប្រកួតថ្នាក់ជាតិនៅឆ្នាំនេះពីព្រោះ ខ្លួនសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការប្រកួត។ អ្វីដែលសំខាន់នោះប្រសិនបើខ្លួនទទួលបានជ័យលាភី នោះជំនាញ Automation នឹងក្លាយជាស្ពានចម្លងទៅដល់អនាគតរបស់គេយ៉ាងឆាប់រហ័ស ពីព្រោះបណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែលជាបេក្ខជនឆ្នើមក្នុងការប្រឡងកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះ។

ទន្ទឹមនឹងនេះ បេក្ខជនទាំងអស់នេះមានក្តីរំពឹងយ៉ាងមុតមាំថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ នៅពេលនេះនឹងធ្វើឱ្យពួកគេក្លាយជាម្ចាស់ជ័យលាភី ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដើម្បីជាបេក្ខជនតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ដើម្បីជាកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។
ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។

លើសពីនេះ ការប្រកួតប្រជែងជំនាញផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ៕

-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


