ព័ត៌មានជាតិ
សហគមន៍តំបន់ការពារធម្មជាតិទូទាំងប្រទេសកើនដល់ ១៩៣ កន្លែង
បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យកម្ពុជាថ្មីដឹងថា សហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេសបច្ចុប្បន្នមានចំនួនសរុប ១៩៣ កន្លែង។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ខណៈដែលសហគមន៍តំបន់ការពារធម្មជាតិបានរួមចំណែកធានាដល់កិច្ចការពារ ថែរក្សានិងអភិរក្សធនធានធម្មជាតិក្នុងប្រទេសកម្ពុជា ក្រសួងបរិស្ថានបានរៀបចំបង្កើតឲ្យមានសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិដែលមាននៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិទូទាំងប្រទេស ដែលបច្ចុប្បន្នមានចំនួនសរុប ១៩៣ កន្លែង សហគមន៍ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិមានចំនួន ៥៣ សហគមន៍។
ពាក់ព័ន្ធការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន គឺដើម្បីជំរុញឱ្យសហគមន៍មូលដ្ឋានដែលរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ យល់ដឹងទាំងការប្រើប្រាស់ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។
ផ្ទៃដីតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាមានចំនួន ៧.១ លានហិចតា ហើយឧទ្យានុរក្សមានត្រឹម ១០៦៨ នាក់ ហេតុនេះចាំបាច់ត្រូវមានការចូលរួមពីសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ។
លោកខ្វៃ អាទិត្យា បានគូសរំលេចបន្ថែមពីការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ក៏ដើម្បីផ្ដល់នូវភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្រាប់ការអភិវឌ្ឍនិងការអភិរក្សធនធានធម្មជាតិ។


ក្រសួងបរិស្ថានបានដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និង សុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០»។
ក្រសួងបរិស្ថាននៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ទិសដៅការងារជាអាទិភាពគឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅ ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


