Connect with us

ព័ត៌មានជាតិ

ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ក្នុង​នាវាចម្បាំង ក្នុង​ស្រុក​ល្វាឯមនឹង​ចាប់ផ្តើម​ សប្តាហ៍ក្រោយ

បានផុស

នៅ

នាយ​ឧ​ត្ត​ម​សេនីយ៍ ជា សុគន្ធា ​នាយករង​ខុទ្ទកាល័យ​សម្ដេច​ក្រឡាហោម​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ខាងមុខនេះ ក្រុមការងារ​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង ​ដែល​លិច​ក្នុង​ទន្លេ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត ​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នឹង​បើក​ការដ្ឋាន​ទី​២ ស្ថិតនៅ​ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​ 

​ការបញ្ជាក់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា សុគន្ធា​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​នេះ ខណៈ​លោក​ធ្វើ​តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​ក្រុមការងារ​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ​ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅក្នុង​ឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ជា សុគន្ធា បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខ​ទុក​ប្រកបដោយ​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាពិសេស​ការសម្រេច​ផ្ដល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​ក្រុមការងារ​ប្រតិបត្តិ​ការជាក់ស្ដែង ក្នុង​ម្នាក់ៗ​១​លាន​រៀល​ជា​រៀងរាល់ខែ ចាប់ពី​ខែមីនា​នេះ​រហូតដល់​បញ្ចប់​កិច្ចប្រតិបត្តិការ​។​ ​ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជា សុគន្ធា ក៏បាន​អញ្ជើញ​ទស្សនា​គ្រាប់​យុទ្ធភណ្ឌ សម្ភារៈ​សឹក និង​បំណែក​ឆ្អឹង​សាកសព​ដែល​ក្រុមការងារ​បាន​ស្រង់​ឡើងមក​លើគោក​ជា​បន្តបន្ទាប់​។ ក្នុងនោះ​បើតាម​របាយការណ៍ គឺ​ចាប់ពី​ខែតុលា ឆ្នាំ​២០២០​រហូតដល់​ដើមខែ​មីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ស្រង់​បាន​គ្រាប់​យុទ្ធភណ្ឌ​សរុប​ចំនួន​១៥,២៨២​គីឡូក្រាម ព្រមទាំង​បំណែក​ឆ្អឹង​សព​មនុស្ស​និង​សម្ភារៈ​សឹក​មួយចំនួនទៀត​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ដែរថា នាយ​ឧ​ត្ត​ម​សេនីយ៍​នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការពារជាតិ​នឹង​ដឹកនាំ​ក្រុមការងារ​ប្រតិបត្តិការ បើក​ការដ្ឋាន​ទី​២ ស្ថិតនៅ​ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្ដាល នៅ​ថ្ងៃទី​១៥ ខែមីនា​ឆ្នាំ​២០២១ ខាងមុខនេះ​។​ 

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា​ មេបញ្ជាការ​នៃ​ទីបញ្ជាការដ្ឋាន​កង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទះ​ក្រោម​ទឹកបាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​និង​សម្ដេច​ក្រឡាហោម ដែល​បានផ្ដល់​ការទុកចិត្ត​ខ្ពស់​មកលើ​ក្រុមការងារ​និង​បានផ្ដល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ដល់​កិច្ចប្រតិបត្តិការ​នេះ​។​ជាថ្មី​ម្ដងទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​មេបញ្ជាការ​ក៏បាន​ប្ដេជ្ញាចិត្ត​ដឹកនាំ​ក្រុមការងារ​បន្ត​បេសកម្ម​នេះ ឲ្យ​ទទួលបាន​ជោគជ័យ​ជូន​រាជរដ្ឋាភិបាល​ដើម្បី​សេចក្ដីសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​ ​

សូម​រម្លឹកថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​សិក្សា​និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ​ខាងលើនេះ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​។​ក្រុមការងារ​នេះ មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ​ជា​ប្រធាន អមដោយ​អនុប្រធាន​២​រូប គឺ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព​និង​បោសសំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​។​ ​

តាម​គម្រោង​ប្រតិបត្តិការ​នៅ​ស្រុក​ស្រី​សន្ធរ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែឧសភា​ឆ្នាំ​២០២១​នេះ​។ យ៉ាងណាក៏ដោយ សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​និង​ពិនិត្យ​កិច្ចប្រតិបត្តិការ​ជាក់ស្ដែង​នោះ សម្ដេច​បានផ្ដល់​អនុសា​សន៍​ឱ្យ​ក្រុមការងារ​យកចិត្តទុកដាក់​ជា​អាទិភាព​ដល់​សុវត្ថិភាព​ពោលគឺ​មិនអាច​ធ្វើការ​ដោយ​ប្រញាប់ប្រញាល់ ដើម្បីឱ្យ​សម្រេច​តាម​ផែន​ការដែល​បាន​ទុក​ពេក​នោះឡើយ​។​ 

​ជុំវិញ​កិច្ច​ប្រតិបត្តិ​ការបោះសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​លិច​ក្នុង​នាវាចម្បាំង​ដែល​លិច​ទឹក​ក្នុង​ទន្លេ​នេះ កាលពី​ថ្ងៃទី​២៦​ខែមករា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បន្ថែម​សមាសភាព​ពាក់ព័ន្ធ​មួយចំនួនទៀត មកពី​រដ្ឋបាល​ខេត្តកណ្ដាល​និង​ខេត្តព្រៃវែង​។ តាម​ការស្រាវជ្រាវ​ក្រុមការងារ​អន្តរក្រសួង​គ្រោង នឹង​បន្ត​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​លិច​ក្នុង​នាវាចម្បាំង​មួយចំនួនទៀត នៅ​ស្រុក​ល្វាឯម​និង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​, ស្រុក​ពាម​ជរ​និង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម