ព័ត៌មានជាតិ
ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ
នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១២៤ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងាររៀបចំព្រឹត្តិការណ៍សាទរកម្ពុជា រៀបចំពិធីក្រុងពលី ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នាពេលខាងមុខ។ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង។នៅវេលាអស្តង្គត ព្រឹត្តិការណ៍នេះនឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។

ក្បួនដង្ហែនេះនឹងនាំមកនូវអត្ថន័យជាក់លាក់នៃព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។ ការសាទរកម្ពុជាជាមួយគ្នាក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។

«សាទរកម្ពុជា» ត្រូវបានផ្តួចផ្តេីមឡេីងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយ:ការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» នឹងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិ។ ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗ នៃសង្គម បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួម ដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាពក្នុងនាមជាខ្មែរក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម សាមគ្គី ឯកភាព ជាកម្លាំងជាតិតែមួយ។ បង្កើនមនោសញ្ចេតនារវាងប្រជាជន និងនៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ ក្នុងការអបអរសាទរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ អនាគតតែមួយដើម្បីកម្ពុជា នៅក្រោមទង់ជាតិតែមួយហើយដែលមានអនាគតតែមួយដេីម្បីកម្ពុជា។

ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់គំនិតច្នៃប្រឌិតសិល្បៈបុរាណនិងសហសម័យ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។ ការតុបតែងទាំងនេះនឹងមកនូវទីតាំងដែលរៀបចំដើម្បីរំលឹកដល់បណ្តាល្បែងកំសាន្តប្រជាប្រិយនាទសវត្សទី៩០ (ឧទាហរណ៍ ល្បែងលេងលោតមឹក) ដែលជា តំណាងដល់ទឹកចិត្តសប្បាយរីករាយនៃយុវភាពកម្ពុជា ទោះក្នុងដំណាក់កាលលំបាកផ្នែកសេដ្ឋកិច្ច និងនយោបាយ។

ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំការសម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្តពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែរហូតដល់វេលាឆ្លងឆ្នាំសកល។ កម្មវិធីដ៏ពិសេសមួយដែលជានិមិត្តរូបនៃ ព្រឹត្តិការណ៍សាទរកម្ពុជា គឺ “ក្បួនដង្ហែទង់ជាតិកម្ពុជា» ដែលជាការសម្រេចដល់គោលបំណងនៃព្រឹត្តិការណ៍ គឺជាការផ្តល់ឱកាសសម្រាប់បុគ្គល ក្រុម សហគមន៍ ឬជាសង្គមទាំងមូល បង្ហាញសក្តានុពលដើម្បីចូលរួមសាទរកម្ពុជា ក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួម សាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ។ លេីសពីនេះក៏មានការបង្ហាញនូវម្ហូបអាហារមកពី២៥ខេត្តក្រុង អ្វីដែលកាន់តែពិសេសក្នុងព្រឹត្តិការណ៍នេះក៏មានការអញ្ជេីញចូលរួមពីសំណាក់តារាល្បីៗទូទាំងប្រទេសកម្ពុជាផងដែរ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


