ព័ត៌មានជាតិ
សម្ដេចធិបតី ថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនមែនដើម្បីប្រមូលពន្ធនោះឡើយ
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញប្រកាសដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលក្នុងឱកាសនោះ សម្ដេចធិបតី បញ្ជាក់ថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មិនមែនដើម្បីប្រមូលពន្ធនោះឡើយ តែផ្ទុយទៅវិញ គឺដើម្បីទទួលបានការជួយគាំទ្របន្ថែមពីរដ្ឋ។

តាមការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាវឌ្ឍនភាពដ៏សំខាន់មួយក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលយុទ្ធសាស្ត្រជាតិនេះជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលសម្តេចធិបតី បានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣។
សម្ដេចធិបតី បានគូសរំលេចថា បច្ចុប្បន្នសកលលោកទាំងមូល មានការប្រែប្រួលលឿន និងមានភាពមិនប្រាកដប្រជាខ្ពស់ ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗ អាចកើតមានឡើងគ្រប់ពេល ដែលការណ៍នេះ អាចបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងបរិការណ៍ដ៏លំបាកនេះ សម្ដេចធិបតី ថា រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ក្នុងការកែលម្អ ជំរុញ ពង្រឹងការអនុវត្តការងារកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះល្អប្រសើរឡើង និងមានភាពធន់ទៅនឹងវិបត្តិនានា ដែលអាចនឹងកើតឡើងជាយថាហេតុ។

ដូច្នេះ ការរៀបចំ និងដាក់ឱ្យដំណើរការជាផ្លូវការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពេលនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យពួកគាត់អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបររបស់ខ្លួន ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពកាន់តែល្អប្រសើរ។ នេះជាការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃនេះ។

ប៉ុន្តែយ៉ាងណាមិញ ដោយមានមន្ទិលសង្ស័យក្នុងការចុះឈ្មោះនេះ ពោលគឺមានពលរដ្ឋជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្លះ ខ្លាចជាប់កាតព្វកិច្ច ឬការចំណាយផ្សេងៗ សម្ដេចធិបតី បានបញ្ជាក់ជាថ្មីថា «ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ ហើយការចុះឈ្មោះនេះមិនត្រឹមតែដើម្បីឱ្យទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត»។
សម្ដេចធិបតី បន្ថែមថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ គឺគ្មានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានគោលដៅជួយ មិនមែនគោលដៅនៃការប្រមូលពន្ធនោះឡើយ។

ក្នុងន័យនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ភ្ជាប់ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានណែនាំឱ្យទប់ស្កាត់ជនឆ្លៀតឱកាសក្នុងការធ្វើសកម្មភាពផ្ទុយពីគោលបំណងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះផងដែរ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C