ព័ត៌មានជាតិ
ពលរដ្ឋកាន់តែច្រើនចាប់អារម្មណ៍លើការអានខណៈពិព័ណ៌សៀវភៅឆ្នាំនេះធ្វើរឹតតែធំ
ពិព័ណ៌សៀវភៅកម្ពុជាលើកទី១១ បានចាប់ផ្ដើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមបើកពីឧបនាយករដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា នៅក្នុងបរិវេណសួនច្បារខាងមុខសាលបុរីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
មនុស្សជាច្រើននាក់បានចាប់ផ្ដើមមកចូលរួមជាបន្តបន្ទាប់តាំងពីព្រឹកព្រហាម ហើយបរិយាកាសក៏ចាប់ផ្ដើមអ៊ូអរឡើងចាប់ពីម៉ោង៩ព្រឹកតទៅ ដែលអាចមើលឃើញពីស្ដង់មួយទៅស្ដង់មួយមានមនុស្សចេញចូលឥតដាច់។

អ្នកចូលរួមម្នាក់លោក ផានុ អាយុ២១ឆ្នាំ ថានេះជាឆ្នាំទី២ហើយដែលលោកបានចូលរួមក្នុងពិព័ណ៌សៀវភៅ។ ដោយប្រៀបធៀបដូចជាការកម្សាន្តមួយ ផានុ ថាលោកសប្បាយចិត្តពេលឃើញមនុស្សអ៊ូអរចូលរួមព្រឹត្តិការណ៍នេះ។
លោកថា៖ «ខ្ញុំបានឃើញព័ត៌មានពិព័ណ៌សៀវភៅនេះពីបណ្ដាញសង្គមដូចជាហ្វេសបុកអីហ្នឹងពាក់ព័ន្ធនឹងពិព័ណ៌សៀវភៅហើយចាប់អារម្មណ៍ ណាមួយចង់មកមើលសៀវភៅ ហើយចង់ដឹងថាមានមនុស្សចូលរួមប៉ុណ្ណាដែរ។ មកសប្បាយ! ដោយសារឃើញមនុស្សច្រើន ហើយស្ដង់សៀវភៅក៏ច្រើន អ្នកនិពន្ធស្នាដៃផ្សេងៗពីគ្នាហើយក៏មើលឃើញដែរថាអ្នកនិពន្ធឥឡូវក៏ចាប់ផ្ដើមរីកចម្រើនទៅមុខ»។
អ្នកស្រី ហ៊ឹម សារឿន អាយុ៦០ឆ្នាំ ដែលទើបឡើងពីខេត្តបាត់ដំបងដើម្បីជូនកូនមកសិក្សានៅសាកលវិទ្យាល័យនៅរាជធានីភ្នំពេញក៏បានឆ្លៀតនាំកូនចូលរួមក្នុងពិព័ណ៌សៀវភៅផងដែរដោយថាក្នុងពិព័ណ៌នេះមានសៀវភៅចម្រុះដែលផ្ដល់ភាពងាយស្រួលដល់អ្នកអាន។

អ្នកស្រីថា៖ «មានសៀវភៅគ្រប់ម៉ូតគ្រប់ម៉ាក់! មិនដូចនៅលក់តាមផ្សារមានតែសៀវភៅសម្រាប់តែសិស្សរៀនដល់មកនេះឃើញសៀវភៅមានគ្រប់កម្រិតអ៊ីចឹងគ្រប់ទាំងអស់តែម្ដងខ្ញុំដើរមើលមួយព្រឹកនេះ»។
ព្រះតេជគុណ សុខ ភារុទ្ធិ គង់នៅវត្តជ័យមង្គល ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានចំណាយពេលនិមន្តមករាជធានីភ្នំពេញដើម្បីតែកម្មវិធីពិព័ណ៌សៀវភៅមួយនេះប៉ុណ្ណោះក៏ព្រោះតែព្រះអង្គយល់ថា ការអានច្រើននាំឱ្យកើនចំណេះ។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាពីមុនអត់ចូលចិត្តអានសៀវភៅទេ! តែដល់ពេលចាប់ផ្ដើមតាំងពីមានកម្មវិធីតាំងពិព័ណ៌សៀវភៅមករហូតអ៊ីចឹងអាត្មាចាប់ផ្ដើមអានសៀវភៅដល់ពេលអញ្ចឹងវាចាប់ផ្ដើមបង្កើននូវចំណេះដឹងយើង។ ដូចថាពីមុនយើងចូលចិត្តនៅតែម្នាក់ឯងមិនសូវចូលចិត្តទៅណាទៅណីអ៊ីចឹងដល់ពេលបានសៀវភៅមកវាដូចជាមិត្តយើងមួយអ៊ីចឹង»។

សិស្សថ្នាកទី១១ នៃវិទ្យាល័យព្រះសីសុវត្ថិ យុវតី ភួន សុគន្ធារ័ត្ន បានប្រាប់កម្ពុជាថ្មីថានាងបានចាប់ផ្ដើមងាកមកអានសៀវភៅវិញបន្ទាប់ពីធុញទ្រាន់ទៅនឹងការប្រឹងសំឡឹង និងអូសដៃចុះឡើងលើទូរស័ព្ទ។
ភួន សុគន្ធារ័ត្ន៖ «កាលមុនខ្ញុំអត់ដែលអានទេ! ខ្ញុំលេងតែទូរស័ព្ទខ្ញុំអានរឿងអានអីលើហ្វេសបុកតែបន្ទាប់មកខ្ញុំមានអារម្មណ៍ថាចង់ដូរបរិយាកាស ខ្ញុំបានរកសៀវភៅអានជាដំបូងខ្ចីតាមមិត្តភ័ក្រខ្ញុំអានរឿងប្រលោមលោកដោយសារវាមានវគ្គ១ វគ្គ២អីអ៊ីចឹងខ្ញុំក៏ទិញអានៗរហូតទៅក៏មានអារម្មណ៍ថាចង់អានហើយអានទៀត»។

គន្ធារ័ត្នបានកត់សម្គាល់ថាក្រោយពីបានកែទម្លាប់មកជាអានសៀវភៅវិញធ្វើឱ្យនាងអភិវឌ្ឍន៍ភាសាខ្មែររបស់ខ្លួនបានច្រើន និងចេះរៀបពាក្យនិយាយបានកាន់តែល្អ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគន្ធារ័ត្នអានសៀវភៅ១ក្បាលចប់ក្នុងរយៈពេល១ទៅ២ថ្ងៃប៉ុណ្ណោះ។
អ្នកនិពន្ធ ម៉ុង ម៉ានិត ថាពិព័ណ៌សៀវភៅគឺជាពេលវេលាមួយដ៏អស្ចារ្យសម្រាប់លោកដែលមានឱកាសជួប និងបង្ហាញនូវសៀវភៅថ្មីៗដល់អ្នកគាំទ្រ។
លោកថា៖ «ពិព័ណ៌សៀវភៅបានរួមចំណែកមួយដល់មិត្តអ្នកអានកម្ពុជាក៏ដូចជាយុវជនដែលគាត់ចង់ក្លាយជាអ្នកនិពន្ធខ្ញុំគិតថានៅពេលដែលការលក់សៀវភៅមានចរាចរណ៍ល្អចំណូលល្អអ្នកនិពន្ធនឹងមានការកើនឡើងគ្រឹះស្ថានបោះពុម្ភក៏មានការកើនឡើង។ អ៊ីចឹងនៅពេលដែលអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ភមានការកើនឡើងវិស័យអំណានក៏មានការរីកចម្រើនទៅមុខកាន់តែខ្លាំង នេះហើយជាអ្វីដែលខ្ញុំចង់ឃើញខ្លាំងបំផុត»។

ពិព័ណ៌សៀវភៅកម្ពុជា ឆ្នាំ២០២៤នេះ រៀបចំរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ តំណាងអ្នករៀបចំកម្មវិធីលោក ហុក សិទ្ធិ បានថ្លែងថាពិព័ណ៌សៀវភៅបានទាក់ទាញអ្នកចូលរួមកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយឆ្នាំនេះមានស្ដង់លក់សៀវភៅចំនួន២៩៣ស្ដង់ និងសង្ឃឹមថាមានអ្នកចូលរួមទស្សនាច្រើនជាង២០ម៉ឺននាក់។
លោកបន្ថែមថា៖ «ពីមួយឆ្នាំទៅមួយឆ្នាំមិនដែលឱ្យយើងខកចិត្តទេ! ព្រលឹមឡើងគឺឃើញមកពេញតែម្ដងមិនមែនពេញដោយយើងអញ្ជើញមកទេ មកពេញនេះគឺដោយស្ម័គ្រ ដែលជាក្ដីសង្ឃឹមមួយល្អនៅលើវិស័យសៀវភៅ បានន័យថាមានការចាប់អារម្មណ៍ពីមួយឆ្នាំទៅមួយឆ្នាំលើការអានសៀវភៅ ទិញសៀវភៅ»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ លោកស្រី ភឿង សកុណា សំណូមពរឱ្យអាណាព្យាបាលគ្រប់រូបគួរនាំកូនៗចូលរួមពិព័រណ៍សៀវភៅកម្ពុជាឱ្យបានច្រើន ដើម្បីបណ្តុះគំនិតការអានកាន់តែច្រើន។
លោកស្រីថា៖ «ម៉ែឪប្រសិនជាយើងអត់នាំកូនមកឱ្យចេះអានសៀវភៅហើយបង្រៀនកូន គ្មានឱកាសដើម្បីអានឱ្យកូនស្ដាប់ក្មេងអត់មានទម្លាប់ក្មេងអត់អាចរៀនឆ្ងាយបានទេព្រោះគាត់ទម្លាប់តែខ្លីៗ តែបើរៀនដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬដុកឌ័រគឺត្រូវការអានសៀវភៅច្រើនណាស់ដូច្នេះអនាគតរបស់កូនក្មេងអាស្រ័យទៅលើម៉ែឪ ទៅលើគ្រូ សាលា សង្គមរបស់យើងដែរ។ ថ្ងៃនេះគឺជាសកម្មភាពមួយដែលក្រសួងអប់រំ»។

ថ្លែងបើកក្នុងពិធីនេះលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងពីសារៈសំខាន់របស់សៀវភៅ ការបោះពុម្ភផ្សាយ និងការតែងនិពន្ធថាជាការឆ្លុះបញ្ជាំងពីការអភិវឌ្ឍន៍របស់ប្រទេស ព្រោះបើគ្មានសៀវភៅនោះទេក៏យើងមិនអាចផ្ទេរចំណេះដឹងពីមួយជំនាន់ទៀតដែរ។ លោកបន្ថែមថាពិព័ណ៌សៀវភៅនេះបានលើកទឹកចិត្តឱ្យអ្នកនិពន្ធបង្កើតស្នាដៃថ្មីៗបន្ថែមទៀតដើម្បីលើកស្ទួយយដល់ខឿនវប្បធម៌អរិយធម៌របស់ប្រទេសកម្ពុជាផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនចាប់កាន់សៀវភៅ ហើយប្ដេជ្ញាចិត្តថាអានសៀវភៅថាអានក្រេបយកចំណេះដឹងកម្រិតខ្ពស់ កុំយកកម្រិតទាបអានតាមហ្វេសបុកគេឈ្លោះគ្នាអ៊ីហ្នឹង។ អ៊ីចឹងសូមអានយកចំណេះដឹងកម្រិតខ្ពស់ដើម្បីកសាងធនធានមនុស្សនៅកម្ពុជា»។
គួរឱ្យដឹងថាពិព័ណ៌សៀវភៅចាប់ផ្ដើមឡើងក្នុងឆ្នាំ២០១១ដោយមានស្ដង់ដាក់លក់សៀវភៅតែ១០ស្ដង់ប៉ុណ្ណោះខណៈអ្នកចូលរួម៣ថ្ងៃប្រមាណតែ១ពាន់នាក់ ហើយកាន់តែមានប្រជាប្រិយភាពជារៀងរាល់ឆ្នាំដែលបានទាក់ទាញអ្នកចូលរួមកើនឡើថជាបន្តបន្ទាប់។ របាយការណ៍ឆ្នាំ២០២៣ មានការដាក់តាំងស្ដង់ចំនួន២៤៥ស្ដង់ និងអ្នកចូលរួមទស្សនាប្រមាណ២០ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃ ដែលបានធ្វើឱ្យពិព័ណ៌សៀវភៅបានក្លាយជាពិព័ណ៌ដែលមានអ្នកចូលរួមទស្សនាច្រើនជាងគេបង្អស់នៅកម្ពុជា៕




អត្តបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


