ព័ត៌មានជាតិ
អ្នកវិភាគមើលឃើញពីសក្ដានុពលនៃការបង្កើនទំនាក់ទំនងជាមួយអ៊ីរ៉ង់
អ្នកវិភាគ និងភូមិសាស្ត្រនយោបាយ យល់ថាកម្ពុជាអាចទាញប្រយោជន៍បានពីទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងពេលដែលប្រទេសនេះមានសក្ដានុពលខ្លាំងទាក់ទងនឹងវិស័យថាមពល។ កម្ពុជាដែលមានជំហរអព្យាក្រឹតក្នុងភូមិសាស្ត្រនយោបាយពិភពលោកអាចជាដៃគូដ៏ល្អរបស់អ៊ីរ៉ង់។
នៅប៉ុន្មានថ្ងៃចុងក្រោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មាននិវាសដ្ឋាននៅទីក្រុងហាណូយលោក Ali Akbar Nazari បានជួបសំដែងការគួរសមជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជារួមទាំងប្រធានរដ្ឋសភាផងដែរ។

អគ្គលេខាធិការរាជបណ្ឌិត្យសភា លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ការបង្កើនទំនាក់ទំនងជាមួយអ៊ីរ៉ង់អាចធ្វើឱ្យកម្ពុជាពង្រីកទីផ្សារនៅបរទេសរបស់ខ្លួនបានបន្ថែមទៀត។
លោកថា៖ «រាល់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើពិភពលោកទាំងអស់កុំថាឡើងអ៊ីរ៉ង់គឺសុទ្ធតែបានផ្ដល់ប្រយោជន៍ទាំងកិច្ចការទូតទាំងពាណិជ្ជកម្មទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងទៀតដែលជ្រោមជ្រែងគ្នា»។
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាកម្ពុជានិងអ៊ីរ៉ង់មានសក្តានុពលសម្រាប់ទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក ទោះបីជាពួកគេមិនទាន់ជាដៃគូសំខាន់ក៏ដោយ។
លោកថា៖ «កិច្ចខិតខំប្រឹងប្រែងការទូតរបស់អ៊ីរ៉ង់ដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍ បានបង្ហាញឱ្យឃើញជាក់ស្តែងហើយថា កម្ពុជាដែលមានជំហរអព្យាក្រឹតក្នុងភូមិសាស្ត្រនយោបាយពិភពលោក អាចជាដៃគូដ៏ល្អរបស់អ៊ីរ៉ង់»។
លោកមើលឃើញថាកម្ពុជាអាចធ្វើពិពិធកម្មភាពជាដៃគូពាណិជ្ជកម្មរបស់ខ្លួន និងពង្រីកការនាំចេញ និងនាំចូលជាមួយប្រទេសអ៊ីរ៉ង់ ជាពិសេសក្នុងវិស័យដូចជាប្រេង ឧស្ម័ន និងឱសថ។

លោក ថុង ម៉េងដាវិត ថា៖ «មូលដ្ឋានឧស្សាហកម្មដ៏រឹងមាំរបស់អ៊ីរ៉ង់ក្នុងការផលិតថាមពល អាចជួយបំពេញតម្រូវការថាមពលរបស់ប្រទេសកម្ពុជា ជាពិសេសជាមួយនឹងតម្រូវការអគ្គិសនី និងប្រេងឥន្ធនៈដែលកំពុងកើនឡើង»។
លោកបណ្ឌិត យង់ ពៅ ក៏យល់ស្រដៀងគ្នានេះផងដែរថា៖ «យើងដឹងហើយថាអ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំមួយរបស់ពិភពលោកជាប្រភពថាមពល រីឯកម្ពុជាជាប្រទេសកសិកម្មសំបូរបែបហើយរាជរដ្ឋាភិបាលកំពុងពង្រឹងទីផ្សារកសិកម្ម សហគមន៍កសិកម្មដើម្បីធានានូវផលិតផល ធានានូវស្ថេរភាពផលិតផលកសិកម្មហ្នឹងឯង។ អ៊ីចឹងវាជាលំហពាណិជ្ជកម្មថ្មីសម្រាប់ការដោះដូររវាងកម្ពុជា និងអ៊ីរ៉ង់»។
កម្ពុជា-អ៊ីរ៉ង បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរុករកប្រេងកាតកាលពីឆ្នាំ២០១៦ និងបានពិភាក្សាគ្នាក្នុងការបន្តឡើងវិញម្ដងហើយនៅឆ្នាំ២០២២។ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបង្ហើបឱ្យកម្ពុជាថ្មីដឹងថាបច្ចុប្បន្នអនុស្សារណៈថ្មីនៅមិនទាន់មាននៅឡើយទេ ដោយនឹងអាចពិភាក្សាបន្ថែមពេលដែលលោក Nazari ជួបជាមួយរដ្ឋមន្ត្រីក្រសួង។

ក្នុងជំនួបជាមួយប្រធានសភាកម្ពុជាលោកឯកអគ្គរដ្ឋទូត Nazari បានបញ្ជាក់ថាបេសកកកម្មរបស់លោកនៅពេលនេះគឺផ្ដោតលើការងារជាមួយក្រសួងស្ថាប័នរបស់កម្ពុជាលើ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្ម័នប្រេងកាត និងវិស័យសុខាភិបាល។ លោកក៏បានជជែកពីការផ្លាស់ប្ដូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូប៉ូតជាមួយរដ្ឋមន្ត្រីសុខាភិបាល និងជជែកពីបង្កើតកិច្ចសហប្រតិបត្តិការផ្នែករ៉ាដាអាកាសធាតុ និងផ្កាយរណបជាមួយរដ្ឋមន្ត្រីធនធានទឹកផងដែរ។

សម្រាប់អ្នកវិភាគយល់ថាកម្ពុជាគួរផ្តោតលើកិច្ចសហប្រតិបត្តិការណាដែលផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការវិនិយោគដូចជាថាមពល សន្តិសុខស្បៀងនិងកសិកម្ម ធុរកិច្ចនិងការវិនិយោគ បច្ចេកវិទ្យានិងនវាវនុវត្តន៍ និងសុខាភិបាល ជាដើម។
ទោះជាយ៉ាងណាសម្រាប់លោក ថុង ម៉េងដាវិត យល់ថាទំនាក់ទំនងនេះក៏ត្រូវទទួលស្គាល់ពីហានិភ័យដែលអាចកើតមានទាក់ទងនឹងជំហរអន្តរជាតិរបស់អ៊ីរ៉ង់ផងដែរ។
លោកថា៖ «កម្ពុជាគួរតែបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ ដោយជ្រើសរើសយកយុទ្ធសាស្ត្រ ដោយទទួលស្គាល់ពីហានិភ័យដែលអាចកើតមានទាក់ទងនឹងជំហរអន្តរជាតិរបស់អ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងការដាក់ទណ្ឌកម្ម និងអស្ថិរភាពក្នុងតំបន់»។
ទំនាក់ទំនងការទូតរវាងកម្ពុជានិងអ៊ីរ៉ង់បង្កើតឡើងកាលពីឆ្នាំ១៩៩២ រហូតមកដល់ពេលនេះមានរយៈពេល៣៣ឆ្នាំហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


