Connect with us

ព័ត៌មានជាតិ

មេACU៖​ការភ្ជាប់ប្រព័ន្ធគាំពារសង្គម ទៅនឹងការប្រឆាំងអំពើពុករលួយ គឺមិនមានជាជម្រើសទេ តែជាកាតព្វកិច្ច

បានផុស

នៅ

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លើកឡើងថា ការភ្ជាប់ប្រព័ន្ធគាំពារសង្គម ទៅនឹងការប្រឆាំងអំពើពុករលួយ គឺមិនមានជាជម្រើសទេ តែជាកាតព្វកិច្ច។ ត្រង់ន័យនេះ លោក បានអំពាវនាវឱ្យមានការធានានូវគណនេយ្យភាព និងតម្លាភាពចំពោះប្រព័ន្ធគាំពារសង្គម ក្នុងស្មារតីរួមគ្នាបម្រើពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព។ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងបែបនេះ ធ្វើក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបន្តថា ប្រព័ន្ធគាំពារសង្គមអាចដំណើរការបានកាន់តែប្រសើរ លុះត្រាតែមានតម្លាភាព និងគណនេយ្យភាព។ តម្លាភាព និងគណនេយ្យភាព ជាសសរស្តម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា តែមានអត្ថន័យដាច់ពីគ្នា។

លោក បានសង្កត់ធ្ងន់ថា៖ «មានគណនេយ្យភាព តែគ្មានតម្លាភាព គឺពិបាកនឹងរកភស្តុតាង ដើម្បីដាក់បន្ទុកលើអ្នកធ្វើខុស។ មានតម្លាភាព តែគ្មានគណនេយ្យភាព នោះគ្រាន់តែបានដឹងថា គេម្នាក់នោះ ឬច្រើនគ្នានោះ បានធ្វើខុស តែមិនអាចធ្វើអ្វីគេបាន។ ដូច្នេះ បើមានទាំងគណនេយ្យភាព និងតម្លាភាពព្រមគ្នា យន្តការនេះ ត្រូវបានមហាជន សាធារណជនមានទំនុកចិត្ត អាចទប់ស្កាត់អំពើពុករលួយ អាចកាត់បន្ថយឱកាសប្រើអំណាចខុសច្បាប់ ខុសគោលដៅ និងអាចបង្កើនប្រសិទ្ធភាពនៃការងារ»។

ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា ការងារក្នុងប្រព័ន្ធគាំពារសង្គម ដែលក្នុងនោះមានថវិកា និងអត្ថប្រយោជន៍នានា ត្រូវទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត។ ក្នុងន័យនេះ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រព័ន្ធគាំពារសង្គម តាមស្មារតី «យើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព»។

បើតាមលោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុនជាង២ដង បន្ទាប់ការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង៧,៩លាននាក់ ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះរបបសន្តិសុខសង្គម បាននិងកំពុងគ្របដណ្តប់ពលរដ្ឋ សរុបប្រមាណ៣,៩លាននាក់។

លោក ចន ណារិទ្ធ បានបន្តថា គិតត្រឹមដំណាច់ ឆ្នាំ២០២៥កន្លងទៅនេះ, កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ៤,៨៤លាននាក់ ឬស្មើនឹងប្រមាណ២៨ភាគរយ នៃពលរដ្ឋសរុប ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិការដ្ឋចំនួនប្រមាណជាង១.០២៧ប៊ីលានរៀល ឬស្មើនឹង២៥៧លានដុល្លារអាម៉េរិក ដើម្បីអនុវត្តកម្មវិធីធំចំនួន៦។

បើតាមលោក ចន ណារិទ្ធ ដដែល សម្រាប់ជ្រុងនៃការអនុវត្តរបបសន្តិសុខសង្គម, គិតត្រឹមឆ្នាំ២០២៥ បានគ្របដណ្តប់ពលរដ្ឋប្រមាណ៣,៥លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិកាជាតិប្រ មាណ១.៧០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤២៥លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន៣ ធំៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម