ព័ត៌មានជាតិ
NEA ចល័តរបស់ក្រសួងការងារ សហការជាមួយរោងចក្រ ផ្តល់ការងារថ្មីបានយ៉ាងលឿនជូនកម្មករនិយោជិត នៃរោងចក្រ ហ័្វរម៉ាត ក្រោយអគ្គិភ័យឆាបឆេះ
កម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការរំភើបពេញចិត្តជាខ្លាំង ដែលពួកគាត់អាចរកកន្លែងការងារថ្មីធ្វើបានលឿន ងាយស្រួល ប្រកបដោយទំនុកចិត្ត តាមរយៈការជួយសម្របសម្រួល និងយកចិត្តទុកដាក់ពីក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ច្រឹង ពៅ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា បន្ទាប់ពីរោងចក្រត្រូវបានអគ្គិភ័យឆាបឆេះ លោកស្រីពិតជាមានការបារម្ភក្នុងការស្វែងរកកន្លែងការងារថ្មីធ្វើ ដើម្បីរកចំណូលដោះស្រាយជីវភាពក្នុងគ្រួសារ។ ទន្ទឹមនេះ លោកស្រីបានដាក់ពាក្យស្វែងរកការងារធ្វើភ្លាមៗផងដែរ តាមរយៈ NEA ចល័តនៃក្រសួងការងារ ដែលបានចុះមកដល់ទីតាំងនៅមុខរោងចក្រតែម្ដង។ ដោយមិនរង់ចាំយូរឡើយ លោកស្រីក៏ត្រូវបានជ្រើសរើសចូលធ្វើការងារនៅក្នុងរោងចក្រ ខេអេច វីនស្តារ ហ្កាម៉ិន ឯ.ក ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងធ្វើការចាស់នោះទេ គឺពិតជាធ្វើឱ្យលោកស្រីសប្បាយចិត្តបំផុត។

ជាមួយគ្នានេះ លោកស្រី ច្រឹង ចាន់ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត ក៏បានលើកឡើងផងដែរថា ក្រោយពីបានដាក់ពាក្យចុះឈ្មោះស្វែងរកការងារធ្វើថ្មី តាមរយៈ NEA ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមិនរង់ចាំយូរនោះទេ លោកស្រីក៏ទទួលបានការងារ ដែលធ្វើឱ្យលោកស្រីរំភើបស្ទើរស្រក់ទឹកភ្នែក និងត្រេកអរជាខ្លាំង។ លោកស្រីនិយាយថា រោងចក្រថ្មីដែលលោកស្រីចូលធ្វើការនេះ មានការយកចិត្តទុកដាក់ និងជួយសម្រួលដល់លោកស្រីបានយ៉ាងល្អ។

ស្របគ្នានេះដែរ កម្មការិនីទាំងពីររូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈ NEA ចល័ត ដែលបានជួយសម្រួលទុក្ខលំបាករបស់កម្មករនិយោជិតបានយ៉ាងលឿន ដោយបានជួយរកការងារថ្មីឱ្យកម្មករនិយោជិតធ្វើបានភ្លាមៗ ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រដែលពួកគាត់បានធ្វើការ។

ទន្ទឹមនេះ លោក វ៉ិត សង្ហា ប្រធានរដ្ឋបាល និងអនុលោមច្បាប់នៃរោងចក្រ ខេអេច វីនស្តារ ហ្កាម៉ិន ឯ.ក បានលើកឡើងផងដែរថា ដោយមិនរងចាំយូរ ក្រោយពីបានទទួលដំណឹងអំពីហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត ភ្លាមៗក្រុមការងាររោងចក្រ បានចូលរួមសហការ ជាមួយមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើយ៉ាងណាចូលរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូនកម្មករនិយោជិតឱ្យបានទាន់ពេលវេលា ស្របពេលដែលខាងរោងចក្ររបស់លោកកំពុងតម្រូវការកម្លាំងកម្មករនិយោជិតជាច្រើននាក់បន្ថែមផងដែរ។

លោកបញ្ជាក់ថា សម្រាប់បងប្អូនកម្មករនិយោជិតទាំងអស់ សូមកុំមានការព្រួយបារម្ភ ខាងរោងចក្រ នឹងយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់ជូនអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ការងារកំណត់ជូនផងដែរ។ ឆ្លៀតក្នុងឳកាសនេះដែរ លោក វ៉ិត សង្ហា ក៏បញ្ចាក់បន្ថែមទៀតថា រោងចក្រ ខេអេច វីនស្ដារ ហ្កាម៉ិន ឯ.ក សូមលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនកម្មករនិយោជិត និងសាធារណជនទាំងអស់ អាចមកចុះឈ្មោះ ដាក់ពាក្យស្វែងរកការងារធ្វើតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមកកាន់រោងចក្រផ្ទាល់។

សូមជម្រាបជូនថា មន្រ្ដីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គឺនៅតែបន្តរង់ចាំជួយសម្រួលដល់ការចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិតនៅមុខរោងចក្រហ្វ័រម៉ាត តែម្តង ពោលគឺចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅមុខរោងចក្រនេះតែម្តង៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង


