Connect with us

ព័ត៌មានជាតិ

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

បានផុស

នៅ

អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់ លោកឃួង ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវ​ថ្មើរជើង Walk Street ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​បន្ថែម​ជា​បន្តបន្ទាប់​ទាំង​ការ​តាំង​លក់វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី,រៀបចំ​បណ្ណាល័យ​ចល័ត ជាមួយនឹងការកែសម្រួលតម្រាយខ្សែរត់ខ្សែទី១C និង​បន្ថែម​ម៉ោង​ប្រតិបត្តិការ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​សម្រាប់សប្តាហ៍ទី៥ នារាត្រីថ្ងៃទី០១ មីនាឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​រៀប​ចំ​ឱ្យ​មាន​ឈុត​ល្ខោន​បាសាក់ របាំ​ប្រពៃណី និង ចាបុីដងវែង (នាយ សុវណ្ឌឿន)ផងដែរ។

បើ​តាម​លោក​ស្រី ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល​និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចុងសប្តាហ៍ ថ្ងៃទី០១ មីនា នៅទីតាំងផ្លូវថ្មើរជើង (Walk Street) មានរៀបចំឈុតល្ខោនបាសាក់ របាំប្រពៃណី និង ចាបុីដងវែង (នាយ សុវណ្ឌឿន)ហើយនៅសប្តាហ៍ក្រោយ នឹងមានកំប្លែង (នាយក្រឹម)។

ផ្លូវថ្មើរជើង (Walk Street) ជាកន្លែង​ដែល​ភ្ញៀវជាតិ អន្តរជាតិ កំពុង​ពេញ​និយម ដោយ​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ កំណើន​ភ្ញៀវ​ចេះ​កើន​ឡើង​ជា​លំដាប់។ ដោយឡែក រដ្ឋបាល​រាជធានីភ្នំពេញ ដើម្បី​បំពេញ​នូវ​សំណូមពរ​របស់ប្រជាពលរដ្ឋ​ក៏បានរៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, មហោរី និង​របាំ​ប្រពៃណី,រៀបចំ​បណ្ណាល័យចល័ត ជា​មួយ​នឹង​ការ​កែសម្រួលតម្រាយខ្សែរត់ខ្សែទី១Cនិងបន្ថែម​ម៉ោង​ប្រតិបត្តិការ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង បន្ថែម ដោយ​អនុវត្ត​នៅ​រៀង​រាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ រហូតដល់ម៉ោង ១១:០០នាទីយប់។

គួរ​បញ្ជាក់​ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវ​បាន​រដ្ឋបាល​រាជធានីភ្នំពេញ​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម