ព័ត៌មានជាតិ
ឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចទំហំទឹកប្រាក់នាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារ
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅក្នុងឆ្នាំ ២០២៤ នេះ សម្រេចបានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារអាមេរិក។ នេះបើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

សហគ្រាសចំនួន ១៩០ មកពីប្រទេសចិន អឺរ៉ុប អាមេរិក កំំពុងដំណើរការផលិតផលិតផលដូចជា សម្ភារៈសំណង់, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គ្រឿងបន្លាស់, សំបកកង់រថយន្ត, បន្ទះសូឡា, សម្ភារៈពេទ្យ, កាបូប, វ៉ាលី, សម្លៀកបំពាក់, និង ស្បែកជើង ជាដើម។
មានទីតាំងស្ថិតនៅសង្កាត់បិតត្រាំង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបច្ចុប្បន្នជាតំបន់ឧស្សាហកម្មចម្រុះ ដែលមានកម្មករ-និយោជិតប្រមាណជិត ៣០ ០០០ នាក់ កំពុងបម្រើការងារ ដែលមានប្រាក់ចំណូលប្រចាំខែប្រមាណ ៣០០ ដុល្លារអាមេរិក។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគោលដៅប្រែក្លាយទៅជាឧទ្យានឧស្សាហកម្មអន្តរជាតិមួយ ដែលមានសហគ្រាសសរុប ៣០០ និង អាចបង្កើតការងារបានចំនួន ៨០ ០០០ ដល់ ១០០ ០០០ នាក់។

ក្រុមហ៊ុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏គ្រោងអភិវឌ្ឍបន្ថែមលើផ្ទៃដីដែលមិនទាន់អភិវឌ្ឍជាង ៥០០ ហិកតា លើផ្ទៃដីសរុប ១ ១១៣ ហិកតា ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធលូ ទឹក និង អគ្គិសនី ជាដើម ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគថ្មីៗទៀត ខណៈដែលរាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តពិសេស និង ដាក់ចេញយន្តការជំរុញវិនិយោគនានា។
គិតត្រឹមដំណាច់ឆ្នាំ ២០២៤ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការមានចំនួន ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើង ៤ តំបន់ បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
តំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការទាំំង ៣០ មាន នៅខេត្តស្វាយរៀងចំនួន ៩ ខេត្តព្រះសីហនុចំនួន ៥ ខេត្តកណ្ដាលចំនួន ៣ ខេត្តកោះកុងចំនួន ៣ ខេត្តបន្ទាយមានជ័យចំនួន ៣ ខេត្តកំពង់ចាមចំនួន ១ ខេត្តកំពង់ឆ្នាំងចំនួន ១ ខេត្តកំពតចំនួន ១ ខេត្តក្រចេះចំនួន ១ ខេត្តពោធិ៍សាត់ចំនួន ១ និងរាជធានីភ្នំពេញចំនួន ១។
នៅខេត្តព្រះសីហនុ ក៏កំពុងសិក្សាបង្កើតតំបន់ពិសេសថ្មីមួយទៀតរបស់សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងនៅស្រុកព្រៃនប់។
ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ សម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយអ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល បានលើកពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ និងស្នើសុំការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្ត្រី សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន មានអនុលោមភាពតាមច្បាប់និងបទដ្ឋានគតិយុត្ត៕
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


