ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់រង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥»។

ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តលសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. បានលើកឡើងថា ផ្អែកលើលទ្ធផលនៃការចុះវាយតម្លៃដល់ទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាព ការធ្វើបទបង្ហាញ ការសាកសួរព័ត៌មាន របស់គណៈកម្មការពាក់ព័ន្ធទៅនឹងលក្ខណៈវិនិច្ឆ័យគោលទាំង៨ និងការផ្តល់អំណះអំណាងអំពីទិដ្ឋភាពបច្ចេកទេស និងព័ត៌មានរបស់បេក្ខភាពជ័យលាភីអង្គភាព គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានវិនិច្ឆ័យសម្រេចចុងក្រោយ និងធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីអង្គភាពពីលេខ១ ដល់លេខ៥ និងរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីទទួលស្គាល់ជាផ្លូវការនូវបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង ១០ អង្គភាព ទៅតាមកម្រិត និងតាមវិស័យនីមួយៗ។

រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ជាលទ្ធផលចុងក្រោយនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ គណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យ វាយតម្លៃ និងជ្រើសរើសបានអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងនោះរួមមាន៖ ១០អង្គភាពសម្រាប់វិទ្យាល័យ ១០អង្គភាពសម្រាប់សាលាមត្តេយ្យសិក្សា ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ កម្រិត១ (CPAI) ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) និង ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3)។
លោក យក់ ប៊ុនណា បានបញ្ជាក់បន្ថែមថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យ គោរពស្នើសុំការសម្រេច និងសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ហើយដែលនឹងត្រូវប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់ រង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ក្នុងពិធីនាថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។

ជាលទ្ធផលនៃការវាយតម្លៃ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ក្នុងឆ្នាំ២០២៤ បានរកឃើញអង្គភាពដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ចំនួន២ ក្នុងវិស័យអប់រំ រួមមាន៖ វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងសាលាមត្តេយ្យសិក្សាធនធានោក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអង្គភាពដែលដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ក្នុងវិស័យសុខាភិបាល ចំនួន៣ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម(មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣), មន្ទីរពេទ្យបង្អែកខេត្តកោះកុង (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២) និងមន្ទីរពេទ្យបង្អែកបាកាន (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១)។

សូមជម្រាបថា ពិធីប្រកាសជ័យលាភីនេះ មានវត្តមានអញ្ជើញចូលរួមពី បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យស្រុកប្រតិបត្តិ នាយក នាយិកា វិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង ២០០០នាក់៕




-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


