ព័ត៌មានជាតិ
តំបន់តារាសាគរ រៀបចំបុណ្យឆ្នេរលើកទី ២ ផ្សព្វផ្សាយសក្ដានុពល និងទាក់ទាញទេសចរមកកម្សាន្តកាន់តែច្រើន
តំបន់វិស្សមកាលតារាសាគរ ក្នុងខេត្តកោះកុង បានរៀបចំបុណ្យឆ្នេរលើកទី ២ របស់ខ្លួន ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសក្ដានុពលដែលកំពុងមានទៅកាន់ពិភពលោក និងបង្កើនការទាក់ទាញកំណើនអ្នកវិនិយោគមកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ។

លោក លី ម៉េងឈិន អគ្គនាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសថប ស៊ីធី ឌីវេឡុបម៉ិន បានឱ្យដឹងកាលពីយប់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ ថ្មីៗ នេះថា ពិធីបុណ្យឆ្នេរនេះដែរ ធ្វើឡើងរយៈពេល ២ ថ្ងៃ ដែលជាព្រឹត្តិការណ៍របស់គម្រោងតារាសាគរ បានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍ និងការផ្សព្វផ្សាយទេសចរណ៍របស់ខេត្តកោះកុង។

លោក ម៉េងឈិន បន្តថា ពិធីបុណ្យនេះមិនត្រឹមតែលើកកម្ពស់វិបុលភាព នៃវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់គុណភាពជីវិតរបស់អ្នកស្រុកផងដែរ។ ឆ្នេរដ៏មានមន្តស្នេហ៍ នៃខេត្តកោះកុង នឹងបើកភាពទាក់ទាញដល់ប្រជាជនកម្ពុជាតាមពិធីបុណ្យឆ្នេរនេះ។ ហើយចំពោះការចូលរួមប្រមូលផ្ដុំរបស់យុវជនជាង ១ ពាន់នាក់ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ពីសក្ដានុពលវិស័យទេសចរណ៍ឱ្យរីកចម្រើន។

បើតាមលោក ម៉េងឈិន ចាប់តាំងពីការបង្កើតឡើងមក ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុបឯ.ក បានបំពេញភារកិច្ចដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃខេត្តកោះកុង ប្រទេសកម្ពុជា។ មិនត្រឹមតែបានរួមចំណែកលេចធ្លោក្នុងវិស័យសេដ្ឋកិច្ច និងការវិនិយោគប៉ុណ្ណោះទេ បន្ថែមពីនេះបានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យទេសចរណ៍ផងដែរ។ ក្រុមហ៊ុន ខូសថល ស៊ីធី បាននិងកំពុងជំរុញយ៉ាងសកម្មនូវការសាងសង់គម្រោងធំៗ រួមទាំងការដឹកជញ្ជូនតាមផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវទឹក ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានអន្តរជាតិខ្នាត 4F និងកំពង់ផែទឹកជ្រៅ។ គម្រោងទាំងនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្ដេជ្ញាចិត្តក្នុងការបង្កើតឱកាសការងារ និងការលើកកម្ពស់កម្រិតជីវភាពសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។ កន្លងទៅ តំបន់តារាសាគរ បានសម្ពោធបើកជើងហោះហើរលើកដំបូង នៃអាកាសយានដ្ឋានអន្តរជាតិ តារាសាគរ នៅចុងឆ្នាំ ២០២៤ បង្ហាញពីសមិទ្ធផលរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ទេសចរណ៍។

គួរកត់សម្គាល់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្លាប់លើកឡើងថា “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដោយសង្កត់ធ្ងន់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍវិស័យទេសចរណ៍។ បរិយាកាសដែលមានសន្តិភាព និងសុវត្ថិភាព អាចទាក់ទាញភ្ញៀវទេសចរជាលំដាប់ និងជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន។

ដោយឡែកលោក ជា តិចហុក អគ្គនាយកផ្នែកទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុបឯ.ក បានពន្យល់ថា គម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរ បានស្ថិតក្នុងការអភិវឌ្ឍដ៏ឆាប់រហ័សនាពេលប៉ុន្មានឆ្នាំក្រោយនេះ ដែលរួមមានអាកាសយានដ្ឋាន តារាសាគរដែលបានបើកជាផ្លូវការកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ហើយនឹងមានគម្រោងសម្រាប់ធ្វើការដំណើរការនៅក្នុងឆ្នាំនេះ។ លើសពីនេះ តំបន់វិស្សមកាលកំពុងអភិវឌ្ឍន៍ទៅលើការវិនិយោគកំពង់ផែសមុទ្រទឹកជ្រៅ ដែលបច្ចុប្បន្នមានដៃគូជាច្រើនកំពុងមានគម្រោងនឹងធ្វើការវិនិយោគ។

លោក ជា តិចហុក ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តកោះកុង និងក្រុមហ៊ុនដៃគូ ដែលបានរួមគ្នាបង្កើតកម្មវិធីបុណ្យឆ្នេរនេះជាលើកទី ២ ដែលប្រព្រឹត្តអបអរសាទរដោយក្តីសប្បាយរីករាយពីវិស័យទេសចរណ៍។

លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានចាត់ទុកព្រឹត្តិការណ៍បុណ្យឆ្នេរលើកទី ២ ជាឱកាសដ៏វិសេសវិសាលផ្តោតលើការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ខេត្តដែលកំពុងមានស្រាប់ទៅកាន់ពិភពលោកបានដឹង និងអញ្ជើញមកលេងកម្សាន្តនៅតំបន់វិស្សមកាលតារាសាគរ។

លោក អន សុធារិទ្ធ បានជឿជាក់យ៉ាងមុតមាំថា មហាជន និងអ្នកទេសចរ ជួយផ្សព្វផ្សាយឱ្យបានកាន់តែច្រើនពីសក្ដានុពលរបស់ខេត្តកោះកុង សំដៅទទួលបានកំណើនភ្ញៀវទេសចរ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងខេត្ត ស្របពេលផ្លូវជាតិលេខ ៤៨ និងផ្លូវជាតិលេខ ១០ ស្ថាបនាជិតរួចរាល់ជាស្ថាពរនាពេលខាងមុខ។

យោងតាមទិន្នន័យដែលផ្តល់ដោយក្រសួងទេសចរណ៍ក្នុងឆ្នាំ ២០២៤ ប្រាក់ចំណូលពីទេសចរណ៍បានកើនឡើងដល់ ៣.៦៦ ពាន់លានដុល្លារ កើនឡើង ១៨% ប្រៀបទៅនឹងឆ្នាំ ២០២៣។ នៅឆ្នាំ ២០២៥ នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើនូវគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹង និងផ្សព្វផ្សាយផលិតផលទេសចរណ៍ចម្រុះក្នុងស្រុក ដោយមានគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៧,៥ លាននាក់ នៅឆ្នាំនេះ។

តំបន់តារាសាគរ បានកែលម្អយ៉ាងសំខាន់លើតំបន់គោលដៅ ក្នុងការពង្រឹងការផ្សព្វផ្សាយទេសចរណ៍ ការប្រយុទ្ធប្រឆាំង និងកែតម្រូវព័ត៌មានក្លែងក្លាយ ការកែលម្អសុវត្ថិភាពទេសចរណ៍ ការផ្តល់ឱ្យភ្ញៀវទេសចរនូវបទពិសោធធ្វើដំណើរដ៏ងាយស្រួល ការកែលម្អសេវាកម្មទេសចរណ៍ ជាពិសេសពង្រឹងការតភ្ជាប់ផ្លូវអាកាស និងផ្តោតលើការដាំដុះធនធានមនុស្សក្នុងវិស័យទេសចរណ៍។ យុទ្ធសាស្ត្រនេះ មិនត្រឹមតែផ្តោតលើការទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការផ្តល់បទពិសោធទេសចរណ៍ដែលមានគុណភាពខ្ពស់ផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា