Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវ​ជាតិលេខ ៦០B កំពុង​សាងសង់​​​​ចេញ​ពីគល់ស្ពាន​ខេត្ត​ក្រចេះ ឆ្ពោះ​ទៅ​ខេត្ត​កំពង់ធំ

បានផុស

នៅ

ផ្លូវថ្មី​មួយខ្សែ​​ដែល​ជាផ្នែកមួយនៃ​កំណាត់​ផ្លូវជាតិលេខ ៦០B កំពុងត្រូវ​បានស្ថាបនាតភ្ជាប់ពីគល់ស្ពានឆ្លងទន្លេមេគង្គខេត្ត​ក្រចេះត្រើយខាងលិចតភ្ជាប់ទៅខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវមួយខ្សែនេះ បច្ចុប្បន្នកំពុងស្ថាបនាលើកកម្ពស់ និងត្រៀមចាក់កៅស៊ូដោយមានប្រវែង ៥ គីឡូម៉ែត្រ និងមានទទឹង ១៥ ម៉ែត្រ។ ការស្ថាបនា​កំណាត់ផ្លូវ​ដែល​ជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ មានភាពប្រទាក់​ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ៖ ដូចជា ត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម។

តាម​រយៈ​ផ្លូវមួយខ្សែនេះ នឹងជួយសម្រួល​ពលរដ្ឋ​ដែលរស់នៅក្នុងខេត្តកំពង់ធំ និងខេត្តក្រចេះ អាចដឹកជញ្ជូនកសិផលឆ្លងកាត់ទៅមកបានយ៉ាងងាយស្រួល ខណៈ​នៅជុំវិញដងផ្លូវថ្មីមួយខ្សែនេះ អមទៅដោយចម្ការស្វាយចន្ទី ចម្ការកៅស៊ូ ចម្ការដំឡូងមី ដែលបម្រើដល់វិស័យសេដ្ឋកិច្ចយ៉ាងសំខាន់ខ្លាំង ក្នុងស្រុកព្រែកប្រសព្វ។

ការស្ថាបនា​កំណាត់ផ្លូវ​ដ៏​មានសក្តានុពល​ឆ្ពោះទៅ​ខេត្តកំពង់ធំ ក៏ជាសរសៃឈាមបម្រើ​វិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ ជាពិសេសលើវិស័យកសិកម្ម ពីព្រោះនៅស្រុកព្រែកប្រសព្វជាតំបន់សំបូរទៅដោយចម្ការកៅស៊ូ ស្វាយចន្ទី និងដំឡូងមី។ រីឯ​ខាង​ខេត្តកំពង់ធំក៏សំបូរដូចគ្នាផងដែរ។ ដូច្នេះ នៅពេលប្រជាពលរដ្ឋប្រមូលបានផល ជួយសម្រួលក្នុងការដឹកជញ្ជូនកសិផល ធ្វើឲ្យតម្លៃទីផ្សារកសិផលបានតម្លៃល្អសមរម្យ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម