ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ពឱ្យកងកម្លាំងនៅព្រំដែនកម្ពុជា-ឡាវ ទប់ស្កាត់ការជួញដូរគ្រឿងញៀន និងជួញដូរមនុស្ស
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឱ្យកងកម្លាំងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា- ឡាវ ក្នុងខេត្តស្ទឹងត្រែង បន្តទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស។ លោក វង្ស ពិសេន ប្រាប់បែបនេះ ក្នុងឱកាសបន្តជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងទិសយោធភូមិភាគទី១ ព្រំដែនកម្ពុជា-ឡាវ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៧ ខែមេសា នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់។

ជាមួយគ្នា លោកអគ្គមេបញ្ជាការកងទ័ព ក៏ឱ្យកងកម្លាំងនគរបាលជាតិ កងកម្លាំងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពេលខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។

អគ្គមេបញ្ជាការ វង្ស ពិសេន បានថ្លែងការកោតសរសើរចំពោះកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កងទ័ព កងនរគបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងកងវិស្វកម្មអគ្គបញ្ជាការដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ ស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកទឹកចិត្តដល់កងកម្លាំងបំពេញការងារនៅតំបន់ព្រំដែន បន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនឲ្យជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ធ្វើការទំនាក់ទំនងល្អជាមួយប្រទេសភូមិផងរបងជាមួយ ព្រមទាំងពង្រឹងថែមទៀតនូវប្រព័ន្ធការពាររបស់ខ្លួន។

គួរជ្រាបថា កម្ពុជា-ឡាវ មានព្រំដែនជាប់គ្នាសរុបប្រមាណ ៥៤០ គីឡូម៉ែត្រ ក្នុងនោះខ្សែព្រំដែនដើរតាមដីគោកមានប្រវែង ៣៣៥ គីឡូម៉ែត្រ និងខ្សែព្រំដែនដើរតាមផ្លូវទឹកមានប្រវែង ២០៥ គីឡូម៉ែត្រ។ កម្ពុជាមានខេត្តចំនួន ៣ ជាប់ជាមួយឡាវរួមមាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
ផ្អែកតាមបទពិសោធន៍ និងការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ គ្រឿងញៀននៅកម្ពុជាភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ហើយត្រូវបានលួចលាក់នាំចូលមកកម្ពុជា៤៥ភាគរយតាមព្រំដែនកម្ពុជា-ឡាវ ពិសេសព្រំដែនខេត្តព្រះវិហារ និងស្ទឹងត្រែង។ គ្រឿងញៀន ដែលនាំចូលមកកម្ពុជាបណ្ដោះអាសន្ន គឺមានគោលដៅនាំចេញទៅប្រទេសនានា តាមច្រកសមុទ្រ ផ្លូវគោក ផ្លូវអាកាស និងបញ្ញើប្រៃសណីយ៍ជាដើម៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


