Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធំមួយរបស់ចិន សម្លឹងរកឱកាសវិនិយោគនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Kimou Environmental Holding Limited ដែលជាក្រុមហ៊ុនមួយអភិវឌ្ឍសួនឧស្សាហកម្មរបស់ចិន មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាប់អារម្មណ៍ដូចនេះ ត្រូវបានបង្ហាញដោយលោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Kimou Environmental Holding Limited នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។

លោកប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅទីក្រុងហុងកុង ហើយក្រុមហ៊ុននេះ មានបទពិសោធន៍ខ្ពស់លើការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយបរិស្ថាន។ នៅចំពោះមុខសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ពីការចាប់អារម្មណ៍របស់ក្រុមហ៊ុនយ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងក្តីរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ទៅកាន់ក្រុមហ៊ុន ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ផ្ដោតលើកិច្ចការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លើសពីនេះ សម្តេចធិបតី ក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលើកទឹកចិត្តផ្សេងៗ សម្រាប់វិនិយោគិនបរទេស ជាពិសេសការវិនិយោគលើផ្នែកខ្សែច្រវាក់ផលិតកម្ម។

សម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមជាមួយគ្នានេះ សម្ដេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម