ព័ត៌មានជាតិ
ត្រឹមកន្លះខែ មន្រ្តីអត្តសញ្ញាណកម្មផ្ដល់ជាង៣ម៉ឺនសេវាដល់ពលរដ្ឋ
ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៣ម៉ឺនសេវា។

ចំណោមសេវាជាង៣ម៉ឺនសេវា ដែលបានផ្តល់នោះ រួមមាន សេវាលិខិតឆ្លងដែនជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង ១ពាន់ក្បាល សៀវភៅស្នាក់នៅជាង៤ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹក។
ជាការកត់សំគាល់ ក្រសួងមហាផ្ទៃ ដែលក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងរិះរកគ្រប់វិធីសាស្ត្រ និងដាក់ចេញវិធានការថ្មីៗបន្ថែមទៀត សំដៅបង្ខិតសេវាឱ្យកាន់តែនៅកៀក និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងនោះ ក៏មានសេវាផ្តល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ជាក់ស្ដែង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥កន្លងទៅថ្មីៗ ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែនមួយទីតាំងទៀត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថិតនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នេះជាស្នាក់ការទី៧ហើយ បន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការស្នាក់ការសម្រាប់សេវាលិខិតឆ្លងដែនជាបន្តបន្ទាប់ រួមមាន នាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ សាខាខេត្តបាត់ដំបង សាខាខេត្តកោះកុង សាខាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម។

សម្រាប់សេវាលិខិតធ្វើដំណើរផ្តល់ គឺមាននៅសាខាផ្សារស្ទឹងមានជ័យ និងខេត្តបន្ទាយមានជ័យ។ ចំពោះសេវាសៀវភៅគ្រួសារផ្តល់នៅអធិការដ្ឋានក្រុង ស្រុក ខណ្ឌ សេវាសៀវភៅស្នាក់នៅ ផ្តល់ជូននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់។
ដោយឡែកសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្តល់នៅទីតាំង រួមមាន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផ្សារទំនើបអ៊ីអន២ និង ផ្សារ ទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) ក្នុងនោះ ក៏ធ្វើនៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់អំពីមហិច្ឆតាក្រសួងមហាផ្ទៃ ក្នុងការពង្រាយសេវាក្រោមសមត្ថកិច្ចរបស់ក្រសួងឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ដែលក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការប្ដេជ្ញា និងបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការពង្រីកសាខាទៅតាមខេត្ត ដែលមានតម្រូវការខ្ពស់ និងទៅតាមការស្រង់មតិសំណូមពររបស់ពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យសេវានៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានទៅកៀក និងផ្តល់ភាពងាយស្រួលស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៥ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស