ព័ត៌មានជាតិ
ទូតថ្មីរបស់ថៃសន្យាជួយទាញវិនិយោគិនរបស់ខ្លួនមកបោះទុនក្នុងខេត្តបួននៃភាគឦសានកម្ពុជា
ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែមេសានេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំណែកពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសតាមរយៈការសន្យាជួយទាក់ទាញវិនិយោគិនថៃ មកបណ្ដាក់ទុនវិនិយោគក្នុងខេត្តបួននៃភាគឦសានរបស់កម្ពុជា។

ការប្រកាសរបស់ឯកអគ្គរាជទូតថៃ ក្នុងការជួយកៀរគរអ្នកវិនិយោគថៃមកវិនិយោគក្នុងខេត្តទាំងបួនរបស់កម្ពុជានេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា គឺដើម្បីជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ។

លោក ទុន ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំកម្ពុជា បានអបអរសាទរកម្ពុជាចំពោះការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ លោក បានសង្កត់ធ្ងន់នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបនារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ថា នឹងខិតខំទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនថៃឱ្យស្វែងរកឱកាសវិនិយោគក្នុងខេត្តទាំងបួននេះ។
លោកឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ស្របពេលឆ្នាំ២០២៥នេះ គឺជាខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតថៃ-កម្ពុជា លោកបានគូសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺក៏កាន់តែមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។

សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ ទេសចរណ៍ និងការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ជាអាទិ៍ គឺជាប្រធានបទសំខាន់ដែលសម្ដេចធិបតី និងលោកឯកអគ្គរាជទូត បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកឯកអគ្គរាជទូត បានប្ដេជ្ញាចិត្ត និងខិតខំជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអបអរសាទរចំពោះលោក ទុន ត្រៃសូរ៉ាត់ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ សម្ដេចធិបតី បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីជាឯកអគ្គរាជទូត នឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។
នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូតឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើង៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


