Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជាក់ពីវឌ្ឍនភាពវិជ្ជមានរបស់ទីម័រ ហើយស្នើវៀតណាមគាំទ្រប្រទេសនេះជាសមាជិកពេញសិទ្ធិអាស៊ាន

បានផុស

នៅ

ជាក្ដីស្រមៃចង់ឃើញទីម័រចូលជាសមាជិករបស់អាស៊ាន កម្ពុជាបានស្នើទៅកាន់ភាគីវៀតណាម ដើម្បីចូលរួមផ្ដល់សំឡេងគាំទ្រដល់ទីម័រឱ្យក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ានឱ្យបានឆាប់ ខណៈប្រទេសនេះ បានវិវត្តន៍ជាវិជ្ជមានក្នុងការចូលរួមជាមួយអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើរបស់កម្ពុជាដល់ភាគីវៀតណាមនេះ បានធ្វើឡើងតាមរយៈប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសសម្ដេចតេជោ ចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃការបង្រួបបង្រួមប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

សម្តេចតេជោ បានស្នើឱ្យវៀតណាមគាំទ្រទីម័រចូលជាសមាជិកអាស៊ាន ដោយសម្តេចតេជោ គូសរំលេចថា ចាប់តាំងពីក្លាយជាអ្នកសង្កេតការណ៍នៅឆ្នាំ២០២២ ទីម័រមិនត្រឹមតែបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ានជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនាដល់ការពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ផងដែរ។

បើតាមសម្ដេចតេជោ ទីម័របានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញរាល់តម្រូវការដែលមានចែងក្នុងផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិ ដោយបានបំពេញលក្ខណៈវិនិច្ឆ័យចំនួន៦ ក្នុងចំណោម៧ និងបន្តធ្វើឱ្យមានវឌ្ឍនភាពក្នុងការចូលជាភាគីនៃលិខិតូបករណ៍គតិយុត្ត។

សម្តេចតេជោ បានអះអាងចំពោះការទទួលស្គាល់នូវការប្តេជ្ញាចិត្ត និងវឌ្ឍនភាពជាវិជ្ជមានរបស់ទីម័រ ហើយកម្ពុជាគាំទ្រយ៉ាងពេញទំហឹងឱ្យទីម័រក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ខណៈទីម័រឡេស្តេ នឹងបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិយុត្តដែលនៅសេសសល់នៅពេលក្រោយ។

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់នាយករដ្ឋមន្ត្រីវៀតណាម ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំជាក្រុម ក្នុងពេលពិភពលោកមានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ។

នេះមិនមែនជារឿងថ្មីទេ ដែលកម្ពុជាព្យាយាមកៀរគរឱ្យបណ្ដាប្រទេសអាស៊ានគាំទ្រដល់បេក្ខភាពទីម័រឱ្យចូលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ព្រោះថា កម្ពុជា ជារដ្ឋសមាជិកមួយ ដែលតែងតែបង្ហាញការគាំទ្រជានិច្ចដល់ទីម័រឱ្យចូលជាសមាជិកអាស៊ាន។ តួយ៉ាង ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងសម្របសម្រួលឱ្យប្រទេសទីម័រក្លាយជាអ្នកសង្កេតការណ៍អាស៊ាន។ អាណត្តិដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជានៅតែបានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះបេក្ខភាពទីម័រជាសមាជិកទី១១ របស់អាស៊ាន និងសង្ឃឹមថា ទីម័រ នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខ។

ទីម័រខាងកើត ឬទីម័រឡេស្ដេ មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជាប្រទេសដែនកោះមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ មានព្រំដែនព័ទ្ធជុំវិញដោយប្រទេសឥណ្ឌូនេស៊ី។ ទីម័រ ធ្លាប់ជាប្រទេសនៅក្រោមការត្រួតត្រារបស់អាណានិគមព័រទុយហ្គាល់ ហើយត្រូវបានឈ្លានពាន និងកាន់កាប់ដោយយោធាឥណ្ឌូនេស៊ី រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ទើបប្រទេសនេះបានទទួលឯករាជ្យទាំងស្រុងពី​ប្រទេសឥណ្ឌូនេស៊ី។

ក្រោយការទទួលបានអធិបតេយ្យភាពជារដ្ឋឯករាជ្យ ប្រទេសទីម័រ បានខិតខំប្រឹងប្រែងរិះរកគ្រប់វិធីសាស្ត្រ ដើម្បីការពង្រឹងភាពជាម្ចាស់ និងការនាំប្រទេសឆ្ពោះទៅកាន់ឆាកអន្តរជាតិ តាមរយៈការស្នើចូលជាសមាជិកអង្គការអន្តរជាតិទាំងនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាក់ស្ដែង នៅឆ្នាំ២០០៧ ប្រទេសទីម័រ បានបង្ហាញអំពីបំណងរបស់ខ្លួនដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ ហៅកាត់ថា «អាស៊ាន» ហើយនៅឆ្នាំ២០១១ សំណើជាផ្លូវការរបស់ទីម័រ ក៏ត្រូវបានដាក់ជូនទៅអាស៊ាន។ ប៉ុន្តែបំណងចង់ក្លាយជាសមាជិកអាស៊ាននេះ បានទាមទារពេលវេលាច្បាស់លាស់ ដើម្បីឱ្យទីម័របំពេញតាមលក្ខខណ្ឌជាច្រើនរបស់អាស៊ាន ហើយត្រូវឈរលើគោលការណ៍កុងសង់ស៊ីសក្នុងការសម្រេចចិត្តរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម