ព័ត៌មានជាតិ
សិស្សពូកែ៣រូប ថាការរៀនពូកែ«មិនមែនព្រោះតែពូជពង្សឡើយ»គ្រប់យ៉ាងមានចំណែកមកពីគ្រូ និងខំខ្លួនឯង
សិស្សពូកែថ្នាក់ទី១២ ចំនួន៣រូប ដែលទទួលបានជ័យលាភីលេខ១ លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា ក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិឆ្នាំសិក្សា២០២៤-២០២៥ ចាត់ទុកការលើកឡើងមួយចំនួនដែលថា «កូនរៀនពូកែព្រោះពូជពង្ស» ថាមិនចំណុះឱ្យការពិត និងជាទស្សនដែលមិនត្រឹមត្រូវ។ មិនចំណុះឱ្យការពិត មិនត្រឹមត្រូវ ដោយសារពួកគេយល់ថា គ្រួសារ ពូជពង្សបង្កើតបានត្រឹមរូបកាយ ហើយចិញ្ចឹមបីបាច់ និងផ្ដល់ការឧបត្ថម្ភគាំពារ និងការលើកទឹកចិត្តប៉ុណ្ណោះ ប៉ុន្តែដើម្បីក្លាយជាពូកែ ទាល់តែសាមីខ្លួនផ្ទាល់ រៀនជាមួយគ្រូដែលពូកែ ខិតខំ និងមានវិធីសាស្រ្តបង្រៀន ហើយសាមីខ្លួនផ្ទាល់ត្រូវតែប្រឹងប្រែងរៀនសូត្រឱ្យខ្លាំង។

បេក្ខនារី ណា មុន្នីចន្ទកន្និកា ជាសិស្សជ័យលាភីលេខ១ លើមុខវិជ្ជាអក្សសិល្ប៍ខ្មែរ មិនស្របយល់ចំពោះទស្សនៈ «កូនរៀនពូកែព្រោះពូជពង្ស» ឡើយ។ បេក្ខនារីមកពីជាយដែនេះ យល់ថា ត្បិតគ្រួសារពូជពង្សមួយ ធ្លាប់មានអ្នករៀនពូកែក៏ពិតមែន ប៉ុន្តែគ្រួសារបង្កើតកូនមក តែរូបរាង ចិញ្ចឹមបីបាច់ ផ្ដល់ការឧបត្ថម្ភ និងលើកទឹកចិត្តបន្ថែមទៀត ដូច្នេះដើម្បីក្លាយខ្លួនជាសិស្សពូកែត្រូវតែខិតខំរៀនសូត្រ អនុវត្តតាមការបង្រៀន និងលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូ។

ណា មុន្នីចន្ទកន្និកា បង្ហាញការមិនយល់ស្របចំពោះទស្សនៈ«កូនរៀនពូកែព្រោះពូជពង្ស»ដូច្នេះ៖«ដើម្បីក្លាយខ្លួនជាសិស្សពូកែ មិនមែនដោយសារយើងកើតមកពូកែស្រាប់ទេ ព្រោះគ្រួសារគាត់បង្កើតយើងមក បង្កើតមកតែរូបរាង បង្កើតមកផ្ដល់តែលក្ខណៈសម្បត្តិ ផ្ដល់តែរូបរាងឱ្យយើងឥតមានគ្មានភាពខ្វះខាត ប៉ុន្តែលទ្ធផលទាក់ទងទៅនឹងការសិក្សាមានតែយើងខិតខំប្រឹងប្រែងខ្លួនឯង តែក៏ទទួលការលើកទឹកចិត្តពីពួកគាត់ និងលោកគ្រូអ្នកគ្រូបង្រៀនផងដែរ។»។

បើតាម បេក្ខនារី ណា មុន្នីចន្ទកន្និកា នៅក្នុងគ្រួសារគេគឺជាកូនតែម្នាក់គត់ ដែលចូលប្រឡងសិស្សពូកែហើយទទួលបានជ័យលាភីលេខ១ទូទាំងប្រទេសបែបនេះ។ មុន្នីចន្ទកន្និកា រៀបរាប់ទាំងអួលដើមកថា គេរៀននៅវិទ្យាល័យអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលជាសាលានៅតំបន់ជាយដែន ពិបាករៀនសូត្រ ខ្វះគ្រូ ខ្សត់ឯកសារសម្រាប់រៀនសូត្រ។

ណា មុន្នីចន្ទកន្និកា ទម្លាយឱ្យដឹងថា ទម្រាំក្លាយជាសិស្សពូកែនាឆ្នាំនេះ គេធ្លាប់បរាជ័យក្នុងការប្រឡងសិស្សពូកែកម្រិតថ្នាក់ទី៩ ម្ដងរួចមកហើយ។ ក្មេងស្រីរូបនេះ អះអាងថា ទម្រាំទទួលបានជោគជ័យ ពោលគឺទទួលបានជ័យលាភីលេខ១ លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិ នាពេលនេះ គេបានរៀនត្រៀមតាំងពី៣ឆ្នាំមុនមកម៉្លេះ។

ចំណែកបេក្ខជន ចាន់ សុវណ្ណរាជ ជាកូនអ្នកព្រៃវែង ដែលជាប់ជ័យលាភីលេខ១ ក្នុងការប្រឡងសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស ក៏ទាត់ចោលចំពោះទស្សនៈ«កូនរៀនពូកែព្រោះពូជពង្ស» ដូចគ្នា។ សុវណ្ណរាជ ដែលកើតនៅក្នុងគ្រួសារ ដែលមានឳពុក កំពុងប្រកបរបរជាអ្នករត់កង់បី ម្ដាយជាអ្នកបោកគក់ និងលាងចានឱ្យគេ ដើម្បីបានកម្រៃឱ្យកូនរៀន ថា កូនដែលបើកើតក្នុងគ្រួសារ ពូជពង្សដែលធ្លាប់រៀនពូកែ តែកូននោះមិនខំរៀនទេ កេរ្តិ៍ឈ្មោះដែលពូជពង្សរៀនពូកែនោះ មិនអាចជួយឱ្យកូនចៅជំនាន់ក្រោយពូកែបានឡើយ គ្រប់យ៉ាងទាមទារឱ្យកូនចៅ នៃពូជពង្សធ្លាប់រៀនពូកែនោះ ខំប្រឹងប្រែងរៀនបន្ថែមទៀត។

សុវណ្ណរាជ បង្ហាញការយល់ឃើញថា ចំពោះទស្សនៈ«កូនរៀនពូកែព្រោះពូជពង្ស»ដូច្នេះ៖«ខ្ញុំយល់ថាទស្សននេះ មិនមែនត្រឹមត្រូវទាំងអស់ឡើយ ព្រោះថាបើពូជពង្សធ្លាប់រៀនពូកែ ប៉ុន្តែបើយើងមិនខិតខំរៀនសូត្រក៏យើងមិនអាចទទួលបានលទ្ធផលល្អដែរ។ »។

បេក្ខជន ចាន់ សុវណ្ណរាជ ជាសិស្សដែលកំពុងសិក្សានៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ព្រៃពោន ខេត្តព្រៃវែង ។ ទម្រាំប្រឡងជាប់ជ័យលាភីលេខ១ មុខវិជ្ជាគណិតវិទ្យាថ្នាក់ទី១២ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិឆ្នាំ២០២៤-២០២៥ គេអះអាងថា គេបានផ្ដោតតែលើមុខវិជ្ជាគណិតវិទ្យាចាប់ទីថ្នាក់ទី៧មកម៉្លេះ។ បើតាមសុវណ្ណរាជ គេធ្វើស្វ័យសិក្សាដោយខ្លួនឯង ចាប់ពីពេលព្រលប់ម៉ោង៧ រហូតដល់ម៉ោង១១ ក្បែរនឹងកណ្ដាលអធ្រាត្រ ទើបចូលសម្រាក ហើយងើបរៀនម្ដងទៀតនៅវេលាម៉ោង៤ជិតភ្លឺ ដល់ម៉ោង៦ព្រឹក ទើបបន្តទៅរៀននៅសាលាថែមទៀត។

រីឯបេក្ខជន ពៅ ជុំរតនៈ កូនអ្នកសៀមរាប ដែលជាប់ជ័យលាភីលេខ១ ក្នុងការប្រឡងសិស្សពូកែមុខវិជ្ជារូបវិទ្យាទូទាំងប្រទេស ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ថាខ្លួនប្រឆាំងចំពោះទស្សនៈ «កូនរៀនពូកែព្រោះពូជពង្ស»។ រតនៈ យល់ថា បើសាមីខ្លួនមិនខំរៀន មិនខំស្ដាប់គ្រូហើយ ទោះពូជខ្លាំងប៉ុណ្ណា ក៏មិនអាចជួយឱ្យពូកែបានដែរ ហើយព្រះឥន្ទ្រ ក៏មិនអាចជួយបានដូចគ្នា។

បេក្ខជនជ័យលាភីលេខ១ ពៅ ជុំរតនៈ លើកឡើងដូច្នេះ៖«កត្តាគ្រួសារ ជាកត្តាមួយដែលសំខាន់ក្នុងការកំណត់ថា កូនហ្នឹងពូកែប៉ុណ្ណា ប៉ុន្តែសំខាន់ជានោះ គឺកត្តាដែលសិស្សហ្នឹងព្យាយាមប៉ុណ្ណា ខំរៀនប៉ុណ្ណា បើទោះបីជាពូជខ្លាំងប៉ុណ្ណាក៏ដោយ បើអត់ខំរៀន អត់ខំសិក្សា ខំស្ដាប់លោកគ្រូ គឺមិនអាចរៀនចេះទេ គ្មានទេវតាព្រះឥន្ទណាមកបង្រៀនឱ្យចេះបានទេ។»។

រតនៈ ក៏បានឱ្យដឹងថា ទម្រាំទទួលបានជ័យលាភី លេខ១ លើការប្រឡងសិស្សពូកែរូបវិទ្យាថ្នាក់ជាតិ កម្រិតថ្នាក់ទី១២ នាឆ្នាំនេះ គេបានត្រៀមខ្លួនសិក្សារៀនសូត្រតាំងតែពីថ្នាក់ទី៨ មកម៉្លេះ និងឆ្លងកាត់ការប្រឡងសិស្សពូកែកមម្រិតថ្នាក់ទី៩ និងបានជ័យលាភីលេខ២ ផងដែរ និងនៅឆ្នាំ២០២៣ បានចូលរួមកម្មសិក្សានៃកម្មវិធី Sakura Science ក្នុងប្រទេសជប៉ុន។ ១ឆ្នាំមុន នឹងទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងសិស្សពូកែមុខវិជ្ជារូបវិទ្យាឆ្នាំ២០២៥ ពោលគឺឆ្នាំ២០២៤កន្លងទៅ រតនៈ បានចេញប្រឡងរូបវិទ្យាអូឡាំពិច IPhO នៅប្រទេសអ៉ីរ៉ង់ផងដែរ។

គួររម្លឹកថា ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេសA កាលពីឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានណែនាំដល់ឳពុកម្ដាយសិស្សមួយចំនួន ត្រូវឈប់ប្រើពាក្យថាកូនរៀនពូកែមកពីពូជខ្លួន ហើយពេលកូនរៀនមិនពូកែបែបន្ទោសថាមកពីគ្រូអន់មិនចេះបង្រៀនកូនខ្លួនតទៅទៀតទៅ ព្រោះគ្រូម្នាក់ៗប្រឹងបង្រៀនកូនសិស្សស្ទើដាច់ដង្ហើមទៅហើយ។ បន្ថែមពីនេះ សម្ដេចតេជោ ក៏បានណែនាំឱ្យកូនសិស្សទាំងអស់ត្រូវចេះដឹងគុណគ្រូ ហើយចៀសវាងការតិះដៀលគ្រូបង្រៀន។

កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា វាយតម្លៃ សមត្ថភាពសិក្សារៀនសូត្រខ្លាំងពូកែរបស់សិស្សានុសិស្ស មិនអាស្រ័យទៅលើកម្រិតជីវភាពរបស់គ្រួសារឡើយ គ្រប់យ៉ាងគឺ អាស្រ័យទៅលើការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗផ្ទាល់។ សម្ដេច ជឿជាក់ថា កូនអ្នកដែលខ្សត់ទ្រព្យសម្បត្តិមិនប្រាកដថា រៀនចាញ់កូនអ្នកមានជីវភាពធូរធារនោះទេ៕
អត្ថបទដោយ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ